ពលរដ្ឋ​៥០​គ្រួសារ​នៅ​កោះកុង​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដីធ្លី​ពួកគេ

ប្រជាពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លី

ពលរដ្ឋជាង ៥០​គ្រួសារ ក្នុង​ស្រុក​គីរីសាគរ ខេត្តកោះកុង បាន​ស្វែង​កិច្ចអន្តរាគមន៍ពី​អភិបាលខេត្តនេះ ឲ្យជួយដោះស្រាយជម្លោះ​ដីធ្លីរបស់ពួកគេជាក្រុមហ៊ុនលោក​ឧកញ៉ា លី យ៉ុងផាត ដែល​អូសបន្លាយជិត ១០​ឆ្នាំ​មក​ហើយ​នោះ។

តំណាងពលរដ្ឋ​ លោក ហេង សុខ បាន​អះអាប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នក​ភូមិ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន លោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៥ មកម្លេះ។ លោកបន្តថា  ពួកគាត់បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​សាលាខេត្ត​កោះកុង ឲ្យ​​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង (SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ឲ្យ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​កំពុង​មាន​ទំនាស់ ប៉ុន្តែមកដល់ថ្ងៃនេះ មិនមានអាជ្ញាធរមកជួយដោះស្រាយឲ្យពួកគាត់នោះទេ។

លោកថា៖ «ចង់ឲ្យដោះស្រាយ អ្នកខ្លះជាសំណងទឹកប្រាក់  អ្នកខ្លះចង់យកដីវិញ ប៉ុន្តែ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ មិនទាន់មាន​សញ្ញាណាមួយត្រូវដោះស្រាយ ខាងសាលាខេត្ត យើងអញ្ចើញលោកចុះមកវាស់វែង ក៏អត់មានចេញសញ្ញណាមួយដែរ។ ខ្ញុំសុំជួបតាំងពីម្សិលមិញ គេអត់ឲ្យជួបដែរ ឥឡូវ អាត្រាក់កំពុងឈូកមកដល់ដីខ្ញុំដែរ»។

អភិបាលរងខេត្តកោះកុង លោក អន ភារៈ បាន​បដិសេធ​មិន​ឆ្លើយតប​នោះ​ឡើយ នៅ​ពេល​វីអូឌី​សាក​សួរ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​នេះ។

លោក អន ភារៈ មានប្រសាសន៍ថា៖ «ខ្ញុំឲ្យទៅជួបឃុំ ទៅជួបស្រុកគេហូរហែលមក អញ្ចឹងវិបអីខេត្តៗរដ្ឋបាលឃុំ រដ្ឋបាលស្រុកគេធ្វើអី ពីព្រោះយើងត្រូវយល់ថា ស្រុកក៏ជាគណៈកម្មាការដោះស្រាយ ទំនាស់ដីធ្លីថ្នាក់ ស្រុកដែរ ឲ្យទៅតាមរយៈខ្សែបណ្ដោយអញ្ចឹងហូរហែមក។ ទោះបីជាគេដោះបានប៉ុណ្ណាគេធ្វើរបាយការណ៍បំភ្លឺមកខេត្តមកស្រុករហូរហែលអញ្ចឹងទៅ ហើយស្រុកក៏មានវិធានការតទៀត គេចុះទៅជួយដោះយ៉ាងម៉េចៗ»។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​តាមដាន​ករណី​នេះ មានប្រសានស៍ថា ជម្លោះដីធ្លីនេះ បានអូសបន្លាយជិត ១០​ឆ្នាំមកហើយ ប៉ុន្តែ មិនមានភាគីពាក់ព័ន្ធណាមួយចេញមកដោះស្រាយឲ្យប្រជាពលរដ្ឋនោះទេ​។​

លោក អ៊ិន គង់ជិត ថា៖ «ក្រុមហ៊ុនបើសិនជាម្ចាស់គេទៅអះអាងគេទៅចង្អុលបង្ហាញត្រូវតែឈប់ ត្រូវផ្អាកទៅ កុំឈូសឆាយរបស់គេ ហើយក្រុមហ៊ុនត្រូវឈូសឆាយតែកន្លែងណាដែលទូទាត់សំណងទៅ។ ចំណែកអាជ្ញាធរឃុំ អាជ្ញាធរស្រុក ខេត្ត ត្រូវតែបង្កើតក្រុមការងារ ចុះទៅពិនិត្យ ហើយស្រង់ ទិន្និន័យរបស់ប្រជាពលរដ្ឋដែលធ្លាប់ប្រើ ហើយសិនជាគាត់ធ្លាប់ស្នើរសុំកាត់ឆ្វៀល អាហ្នឹង កាត់ឆ្វៀងឲ្យគាត់ទៅ សម្រាប់ឲ្យគាត់បានបង្កបង្កើនផលចិញ្ចឹមជិវិត ដើម្បីដាំដំណាំបានប្រាក់ ជាចំណូល»។

ទោះជាយ៉ាងណា លោកស្នើទៅ​អាជ្ញាធរ និងភាគីពាក់ព័ន្ធ ឲ្យ​ពន្លឿការដោះស្រាយឲ្យប្រជាពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះដីនេះឲ្យបានឆាប់ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ