កម្ពុជាមិនទាន់អាចដោះស្រាយបញ្ហាទឹក ទុន និងទីផ្សារកសិករបាននៅឡើយ

លោក តឹក វណ្ណារ៉ា

សង្គមស៊ីវិលថា៖ កម្ពុជាមិនទាន់អាចដោះស្រាយបញ្ហាទឹក ទុន និងទីផ្សារកសិករបាននៅឡើយ ក្រុមសង្គមស៊ីវិលផ្នែកកសិកម្មនៅកម្ពុជា បានលើកឡើងថា កសិករកម្ពុជាភាគច្រើននៅតែធ្វើស្រែចម្ការពឹងផ្អែកលើមេឃ ដោយថា បញ្ហាសំខាន់ ៣ របស់កសិករ នៅត្រូវមិនត្រូវបានរដ្ឋាភិបាលដោះស្រាយបានពេញលេញនៅឡើយទេ។

នាយកប្រតិបត្តិវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGOs Forum លោក តឹក វណ្ណារ៉ា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបើកវេទិការកសិករថ្នាក់ជាតិលើកទី៧នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះថា បញ្ហាដែលកសិករខ្នាតតូចនៅតែជួបបញ្ហារហូតមកដល់ពេលបច្ចុប្បន្ននេះ គឺបញ្ហាទឹក ទុន និងទីផ្សារសម្រាប់កសិកម្ម។
លោកថ្លែងថា៖ «បញ្ហាប្រឈមដែលយើងបានរកឃើញជាមួយកសិករ ក៏ដូចជាការសិក្សារកឃើញថា បញ្ហាទឹក ទុន ទីផ្សារ នៅតែជាបញ្ហាសម្រាប់ប្រជាជនក្នុងការប្រកបកសិកម្មខ្នាតតូច»។ កសិករម្នាក់មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អ្នកស្រី ភុយ ហុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្រួសារអ្នកស្រីធ្វើស្រែបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង ខណៈផលិតផលកសិកម្មដែលសម្រេចបាន មិនមានទីផ្សារ។ អ្នកស្រីថា អ្នកស្រីត្រូវធ្វើដំណើរជិត ១០គីឡូម៉ែត្រពីផ្ទះ ទៅលក់នៅទីប្រជុំជន។

កសិកររូបនេះប្រាប់ថា៖ «យកទៅលក់នៅសៀមប៉ាងចម្ងាយ ១០គីឡូម៉ែត្រ ទម្រាំទៅដល់ បន្លែយើងស្វិតអស់។ ពិបាកណាស់។ បើដាំបាន បានត្រឹមតែហូបអញ្ចឹង បើលក់ពិបាកលក់»។ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ហ៊ាន វ៉ាន់ហន បានទទួលស្គាល់ពីបញ្ហាទាំងនេះ ប៉ុន្តែ លោកអះអាងថា រដ្ឋាភិបាលក៏បានខិតខំប្រឹងជួយប្រជាកសិករផងដែរ។ លោកបន្ថែមថា អ្វីដែលអាចទៅរួច គឺអាស្រ័យទៅលើប្រជាពលរដ្ឋផ្ទាល់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល។

លោកថា៖ «ប្រហែលជាប្លែកពីប្រទេសជិតខាង រដ្ឋាភិបាលបានបង្កើតក្រសួងធនធានទឹកដើម្បីជំរុញពីបញ្ហាទឹកនេះ។ … ជុំវិញបញ្ហានេះ ជំរុញចងក្រងជាសហគមន៍កសិកម្ម ដែលមានទូទាំងប្រទេសមានជាង ៨០០ហើយ ដើម្បីឲ្យគាត់ចងក្រងធ្វើជាមួយគ្នា ស្រាក់ទុនគ្នា។ នេះជាវិធីដោះស្រាយមួយ»

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម លោក អួង សុខាន មានប្រសាសន៍ថា កម្ពុជាមានទីផ្សារកសិកម្ម តែថា បញ្ហាដែលបណ្តាលឲ្យកសិករជួបបញ្ហានោះ គឺមិនដឹងថា ផលិតផលខ្លួនយកទៅលក់នៅទីណា។ លោកបន្ថែមថា នៅពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធបានបង្កើតគម្រោងជួយរកទីផ្សារជូនកសិករ ដែលកសិករអាចទៅទំនាក់ទំនងតាមមន្ទីរពាណិជ្ជកម្មខេត្តផ្ទាល់ខ្លួនបាន។

លោកថា៖ «គម្រោងនេះ គឺយើងធ្វើយ៉ាងណា ចងក្រងក្រុមសហកររបស់យើងឲ្យបានសិន ដើម្បីបង្កើនបរិមាណនៃការផ្គត់ផ្គង់ហ្នឹងចូលទីផ្សារឲ្យបាន។ បន្ទាប់ពីយើងបង្កើតអីរួចហើយ យើងនឹងបង្កើតវេទិកាពហុភាគីនៃអ្នកពាក់ព័ន្ធ។ ជារឿងមួយចាំបាច់ដែលយើងធ្វើឲ្យមានការចូលរួមពីអ្នកផ្គត់ផ្គង់ អ្នកដឹកជញ្ជូន អ្នកផ្តល់សេវាខាងមីក្រូហិរញ្ញវត្ថុ ភ្នាកងាររបស់រដ្ឋាភិបាល និងខាងផ្នែកផ្សេងៗផងដែរ។ សុំជម្រាបថា បើសិនជាយើងរៀបចំគម្រោងនេះបានជោគជ័យ កសិករទាំងអស់ដែលផលិតបាន នឹងពុំមានបញ្ហាដែលចោទចំពោះទីផ្សារទៀតទេ»។

របាយការណ៍របស់ក្រសួងធនធានទឹកនៅឆ្នាំ២០១០ បង្ហាញថា កម្ពុជាអាចចែកចាយទឹកបានតែចំនួន ៤៣%នៃផ្ទៃដីកសិកម្ម ដែលសល់ពីនេះ គឺធ្វើកសិកម្មដោយពឹងលើទឹកភ្លៀង។ ទោះជាយ៉ាងណា ប្រធានអង្គការសេដាក លោក សម វិទូ ប្រាប់ថា តាមការសិក្សារបស់អង្គការលោក ប្រព័ន្ធទឹកដែលអាចចាក់ចូលក្នុងស្រែរបស់ពលរដ្ឋដោយផ្ទាល់នោះ មានត្រឹមប្រមាណតែ ១០ភាគរយនៃផ្ទៃប្រទេសប៉ុណ្ណោះ ដែលទាមទារឲ្យមានការជម្រុញបន្ថែមពីរដ្ឋាភិបាលលើករណីនេះ។ លោកបានជំរុញទៅកសិករឲ្យបង្កើតប្រព័ន្ធកសិកម្មខ្នាតតូចជួយខ្លួនឯងជាមុនសិន ដើម្បីបង្កើនជីវភាព និងជៀសផុតពីបញ្ហាទាំងនេះ។

លោកថា៖ «យើងក៏បានជម្រុញទៅលើការធ្វើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដែលអាចធ្វើបាន និងគ្រប់គ្រងបានដោយសហគមន៍ហ្នឹង។ បញ្ហាទីពីរ គឺបញ្ហាទុន បញ្ហានេះគឺយើងបានធ្វើការជាមួយសហគមន៍កសិកម្មមួយចំនួនផ្សារភ្ជាប់ជាមួយមីក្រូហិរញ្ញវត្ថុ ដែលយើងមានភារៈកិច្ចក្នុងការធ្វើការសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឲ្យគាត់អាចទទួលបានទុនមានការប្រាក់ថោកជាងការប្រាក់ធម្មតា។… បញ្ហាទីបីហ្នឹង គឺយើងបានរៀបចំ ហើយម្សិលមិញហ្នឹង គឺអង្គការសេដាកបានសម្របសម្រួលបង្កើតទៅជាសមាគមន៍អ្នកផលិតកសិផលសេរីរាង្គកម្ពុជា»

បញ្ហាកសិកម្មបានធ្វើឲ្យប្រជាកសិករជាច្រើនរងគ្រោះនៅពេលដែលទិន្និផលទទួលបានហើយ បែរជាគ្នានអ្នកទិញ ឬធ្លាក់តម្លៃ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០១៦ ក្រុមកសិករនៅខេត្តបាត់ដំបងជាង ៥០០នាក់ បានចាក់ស្រូវបិទផ្លូវជាតិលេខ ៥ តវ៉ាទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវ ទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ