អឺរ៉ុប​សម្រេច​ឲ្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ផ្ដល់​ឲ្យ​កម្ពុជា​ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា

សភា​អឺរ៉ុប បាន​ប្រាប់​ទៅ​គណៈកម្មការ​អឺរ៉ុប ឲ្យ​សើរើ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​សម្រាប់​ប្រទេស​កម្ពុជា និង​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់​កម្ពុជា សម្រាប់​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នោះ អាសនៈ​សភា​ចំនួន ៥៥ និង​អាសនៈ​ជាប់​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ។

ខណៈ​ដែល​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល ដោយ​មិនទទួល​យក​មតិ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ​នោះ សភា​អឺរ៉ុប​ បាន​ចេញ​សេចក្ដី​សម្រេច ១៣​ចំណុច​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រៅ​ពី​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ សភា​អឺរ៉ុប​បាន​រំឭក​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បំពេញ​កាតព្វកិច្ច​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

ជាង​នេះ​ទៅ​ទៀត សភា​អឺរ៉ុប​បាន​ប្រាប់​ទៅ​​រដ្ឋ​មន្ត្រី​ការបរទេស​អឺរ៉ុប​ លោកស្រី Federic Mogherini និង​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​អឺរ៉ុប លោក​ស្រី Anna Cecilia Malmström ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​អនុគ្រោះ​ពន្ធ​គយ​នៅ​ក្រោម​ប្រព័ន្ធ «គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា។

នៅ​ត្រង់​ចំណុច​នេះ សភា​អឺរ៉ុប​បាន​លើក​ឡើង​ថា ប្រសិន​បើ​កម្ពុជា​បន្ត​ធ្វើ​សកម្មភាព​រំលោភ​លើ​កាត្វពកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សភា​អឺរ៉ុប​បាន​ប្រាប់​ទៅ​រដ្ឋ​មន្ត្រី​អឺរ៉ុប​ទាំង ២​រូប ឲ្យ​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​មក​ដល់​កម្ពុជា។

សភា​អឺរ៉ុប ថែម​បាន​ប្រាប់​ទៅក្រសួង​ការបរទេស​អឺរ៉ុប​ផង​ដែរ ឲ្យ​រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល​ទាំង​ឡាយ​ណា ដែល​សភា​អឺរ៉ុប​​ថា ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ត្រង់​ចំណុច​នេះ សភា​អឺរ៉ុប​បាន​បញ្ជាក់​ថា បញ្ជី​ឈ្មោះ​បុគ្គល​ទាំង​នោះ អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​វិធានការ​រឹត​បន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ​សុខ ឥសាន ​មានប្រសាសន៍ថា មិនអាចទទួលយកបាន និងចាត់ទុកថានេះជាការបង្ខឹតបង្ខំមកលើកម្ពុជា «ខ្ញុំយល់ថាគាត់(EU)បង្ខឹតបង្ខំឲ្យធ្វើតាមចិត្តគាត់ គឺទៅមិនរួចទេ ព្រោះរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹងជំហររបស់ខ្លួនក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដូច្នេះគឺការបង្ខឹតបង្ខំមិនអាចទទួលយកបានទេ»

លោកបន្តថា រដ្ឋាភិបាលមិនអាចលក់ឯករាជ្យភាព និងអធិបតេយ្យភាពដើម្បីដោះដូរមេបក្សប្រឆាំង ដែលលោកថា ក្បត់ជាតិ និងល្មើសច្បាប់បានទេ។ លោកបន្ថែមថា កម្ពុជាគ្មានផ្លូវជម្រើសទេ បើសិនជាសហភាព​អឺរ៉ុបលែង​ផ្តល់​ការ​អនុគ្រោះពន្ធដូចការព្រមានមែននោះ ដោយ​ថា ការបោះបង់ចោលឯករាជ្យភាព និងអធិបតេយ្យភាព គឺជាការបំផ្លាញសន្តិភាព។

សេចក្ដី​សម្រេច​បែប​នេះ​របស់​សភា​អឺរ៉ុប ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ប្ដឹង​រំលាយ​គណបក្ស​ប្រឆាំង បិទ​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន។

សហភាព​អឺរ៉ុប បាន​សម្រេច​បែប​នេះ តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋាភិបាល​​អាមេរិក បាន​សម្រេច​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​អាមេរិក​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​ដោយ​មិន​បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ឧបការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Patrick Murphy បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ប្រសិន​បើ​កម្ពុជា​នៅ​តែ​មិន​វិល​ត្រឡប់​ទៅ​រក​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ