គ.ជ.ប. ប្រាប់​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ភ្ជាប់​បញ្ហា​នយោបាយ​ជាមួយ​ការងារ​បច្ចេកទេស​របស់​ខ្លួន

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 10:01 AM | បោះឆ្នោត | 0 | 1330

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​និយាយ​ថា សហភាព​អឺរ៉ុប មិន​ត្រូវ​យក​រឿង​របស់​តុលាការ និង​បញ្ហា​នយោបាយ ទៅ​ដោះ​ស្រាយ​ជាមួយ​នឹង​ការងារ​បច្ចេកទេស​របស់ គ.ជ.ប. នោះ​ឡើយ ដែល​នេះ​គឺ​ជា​ប្រតិកម្ម​របស់ គ.ជ.ប. ទៅ​នឹង​សហភាព​អឺរ៉ុប ដែល​បាន​ប្រកាស​ផ្អាក​ជំនួយ​ទៅ​ស្ថាប័ន​រៀបចំ​ការបោះ​ឆ្នោត​មួយ​នេះ។

សហភាព​អឺរ៉ុប​ បាន​ប្រកាស​ផ្អាក​ជំនួយដល់ គ.ជ.ប កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ​នេះ ដោយ​លើក​ឡើង​ថា សេចក្ដី​សម្រេច​បែប​នេះ​របស់​ខ្លួន គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​តុលាការកម្ពុជា ដែល​បាន​សម្រេច​រំលាយគណបក្ស​សង្គ្រោះ​ជា​តិ​កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George Edgar បាន​ប្រាប់​ទៅ​ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក ថា ការ​រំលាយ​បក្ស​ប្រឆាំង មាន​ន័យ​ថា គ.ជ.ប. មិន​អាច​ចាត់​ចែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នោះ​ឡើយ។ លោក​បន្ថែម​ថា ដរាប​ណា​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​ផាត់​ចេញ​ ដំណើរការ​​បោះ​ឆ្នោត​ខាង​មុខ មិន​អាច​ឲ្យ​គេ​ចាត់​ទុក​ថា «ស្រប​ច្បាប់»​ នោះ​ឡើយ។

ទោះជាយ៉ាងណា​ គ.ជ.ប. បាន​ឆ្លើយ​តប​ទៅ​នឹង​សហភាព​អឺរ៉ុប​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា សហភាពអឺរ៉ុបមិនត្រូវ​យករឿង​របស់​តុលា​ការ និងបញ្ហានយោបាយ ទៅដោះស្រាយ​ជាមួយ​នឹង​ការងារ​បច្ចេកទេសរបស់​ខ្លួន​នោះ​ឡើយ ដោយ គ.ជ.ប. បញ្ជាក់​ថា ខ្លួន​គ្រាន់​តែ​ជា​អ្នក​អនុវត្ត​ការងារ​បច្ចេកទេស​តែ​ប៉ុណ្ណោះ។

បើទោះបី​ជា​សហភាព​អឺរ៉ុប​ប្រកាស​ផ្អាក​ជំនួយ​ក៏​ដោយ ក៏​ គ.ជ.ប បាន​អះ​អាង​​ថា ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ​ នឹង​នៅ​​បន្ត​ការងារ​របស់​​ខ្លួន​រហូត​​ដល់​ថ្ងៃបោះឆ្នោត​​ឆ្នាំ២០១៨ និង​នៅ​តែ​បន្ត​ស្វាគមន៍​ជំនួយ​ទាំង​ឡាយ​ណា ដែល​គ.ជ.ប. ចាត់​ទុក​ថា ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សុឆន្ទៈ​ពិត​ប្រាកដ។

គ.ជ.ប. បាន​ប្រកាស​ថា៖ «ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ.ជ.ប. នៅតែរក្សា​គោល​ដៅ​ចម្បង​ទាំងពីរ ដែល គ.ជ.ប. បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ កន្លងមកនេះដដែល នោះ​គឺពល​រដ្ឋខ្មែរ ត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសម្តែងមតិតាមរយៈសន្លឹកឆ្នោត ត្រូវតែ​បាន​រាប់​យ៉ាង​ត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ»។

អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន​កាលពីម្សិលមិញថា ស្ថាប័ន​បោះ​ឆ្នោ​ត​មួយ​នេះ គ្រោង​ស្នើ​ជំនួយសុំ​ជំនួយ​ប្រហែល ១០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ពី​​សហភាព​អឺរ៉ុប​នៅដើមឆ្នំា២០១៨នេះ​​​ ដើម្បីជួយដល់​ការ​រៀបចំកិច្ចការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ​នេះ​​។

​លោក​ ពុទ្ធា បាន​ថ្លែងបញ្ជាក់ថា ​ទោះជាសហគមន៍អឺរ៉ុបផ្តាច់ជំនួយមកកម្ពុជា​ ក៏មានម្ចាស់​ជំនួយ​ផ្សេងទៀត​ផ្តល់មកកម្ពុជា​ ដើម្បីឲ្យ គ.ជ.ប. ​រៀប​ចំកិច្ចការបោះឆ្នោតនោះបានដែរ។ ប៉ុន្តែ លោក​សុំមិន​​បញ្ចេញ​​ឈ្មោះ​ប្រទេសដែលគ្រោងផ្តល់ជំនួយដល់ គ.ជ.ប. នោះ​។

អគ្គលេខាធិការរង គ.ជ.ប. លោក សោម សូរីដា បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ថា នៅមានប្រទេសជាច្រើនទៀត នៅជួយជ្រោមជ្រែង​ដល់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ រួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង និង​រុស្ស៊ីជាដើម៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required