ជនជាតិរ៉ូហ៊ីង៦៧០០នាក់ស្លាប់ក្នុង១ខែដំបូងនៃអំពើហិង្សា

ក្រុមវេជ្ជបណ្ឌិតគ្មានព្រំដែន​ (MSF) បង្ហាញរបាយការណ៍ថា រយៈពេលមួយខែដំបូងនៃការបង្ក្រាបពីសំណាក់ពួកយោធាលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាឃីនកាលពីខែសីហា បានបណ្តាលឲ្យមានអ្នកស្លាប់ជាង ៦៧០០នាក់។​

អំពើហិង្សាបង្ក្រាបទ្រង់ទ្រាយធំលើជនជាតិរ៉ូហ៊ីងយ៉ាបានចាប់ផ្តើមកាលពីខែសីហា ហើយបានបណ្តាលឲ្យជនជាតិនេះប្រមាណ​៦២០ ០០០នាក់ បានគេចខ្លួនទៅរស់នៅក្នុងប្រទេសបង់ក្លាដេស។​

អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក​បានពិពណ៌នាថា សកម្មភាពយោធាមីយ៉ាន់ម៉ាគឺជាការបោសសំអាត ឬ លុបបំបាត់ពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។​ ប៉ុន្តែមិនដែលបានបង្ហាញទិន្នន័យជាក់លាក់នៃការសម្លាប់នោះទេ។​

ក្រុមអ្នកស្រាវជ្រាវចំនួន​៦ បានធ្វើការស្រាវជ្រាវ លើជំរុំ​ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា​ចំនួន​២ ៤៣៤ នៅក្នុងប្រទេសបង់ក្លាដេស ក្នុងរយៈពេល១ខែ។​

ការស្រាវជ្រាវបានរកឃើញថា គ្រាន់តែក្នុង១ខែដំបូងគឺខែសីហា មានអ្នកស្លាប់ជាង ៦៧០០នាក់ ក្នុងនោះ ៦៥ ភាគរយស្លាប់ដោយសារបាញ់សម្លាប់ ហើយផ្សេងៗទៀតស្លាប់ដោយសារ ការធ្វើទារុណកម្ម ការដុតទាំងរស់នៅក្នុងផ្ទះ និង ការរំលោភផ្លូវភេទជាដើម។​

ទោះយ៉ាងណា ខាងយោធាមីយ៉ាន់ម៉ា បដិសេធរបាយការណ៍នេះ ហើយថា ចំនួនអ្នកស្លាប់មានតែ ៤០០នាក់ប៉ុណ្ណោះដែលក្នុងនោះ ៣៧៦នាក់ គឺជាក្រុមបះបោរបានស្លាប់នៅពេលបង្ក្រាបលើកដំបូង។​

ទោះយ៉ាងក្រុមវេជ្ជបណ្ឌិតគ្មានព្រំដែន បានថ្លែងថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីការស្លាប់នោះ ហើយថា កងកម្លាំងប្រដាប់អាវុធ និងយោធានៅមូលដ្ឋានរបស់មីយ៉ាន់ម៉ាដាក់គោលដៅសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

សហរដ្ឋអាមេរិក​បានប្រកាសផ្តាច់ជំនួយផ្នែកយោធាដល់មីយ៉ាន់ម៉ា និងព្រមានដាក់ទណ្ឌកម្មមួយចំនួនទៀត ដោយសារតែហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ