ភាគ​ខាង​ត្បូង​ប្រឈម​នឹង​ទឹក​ភ្លៀង​បន្ថែម​ទៀត ខណៈ​​អ្នក​ស្លាប់​​ដោយសារ​ទឹក​ជំនន់​ឡើង​ដល់​៤០​នាក់

ជំនន់​ទឹក​ភ្លៀង​នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេស​ថៃ​(រូបថតពី​ទី​ភ្នាក់​ងារ​ Reuters)

ប្រទេស​ថៃ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​លំបាក​កាន់​តែ​ខ្លាំង​ដោយសារ​តែ​ទឹក​ជំនន់​ខុស​រដូវ ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៤០​នាក់​ហើយ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ ខណៈ​ដែល​ទឹក​ភ្លៀង​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បន្ត​ធ្លាក់​ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅ​តំបន់​ផលិត​កៅស៊ូ និង​ទេសចរណ៍​របស់​ប្រទេស​ថៃ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​គ្រោះ​មហន្តរាយ​ថៃ នៅ​ថ្ងៃ​នេះ។

ប្រធាន​នាយកដ្ឋាន​បង្ការ និង​កាត់​បន្ថយគ្រោះ​មហន្តរាយ លោក ឆាតឆៃ ព្រហ្មឡឺត បាន​ប្រាប់ Reuters ថា ​ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​ដើម​រដូវ​ប្រាំង​នេះ បាន​បង្ក​ជា​ទឹក​ជំនន់​នៅ​ទូទាំង​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដោយ​បាន​កាត់​ផ្ដាច់​ផ្លូវ​ថ្នល់ និង​ខ្សែ​រថភ្លើង គំរាម​កំហែង​ដល់​ផល​ដំណាំ និង​ប៉ះពាល់​ដល់​មនុស្ស​ប្រហែល ១.៦​លាន​នាក់។

លោក​បន្ត​ថា ស្ថានភាព​អាក្រក់​មិន​ទាន់​ចប់​នៅឡើយ​ទេ ហើយគេ​ដឹង​ថា នឹង​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នៅ​សប្ដាហ៍​នេះ ខណៈ​ដែល​កិច្ចការ​បោស​សម្អាត​កំពុង​ដំណើរការ​នៅ​តាម​កន្លែង​ខ្លះ ដែល​ទឹក​បាន​ថម​ថយ​ទៅ​វិញ។

នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​ប្រកាស​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត។

ជា​ទូទៅ រដូវ​វស្សា​​នៅ​ថៃ ចាប់​ផ្ដើម​ពី​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា។ ប៉ុន្តែ ទឹក​ជំនន់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខុស​រដូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ