មេដឹកនាំ​ហ្វីលីពីន​ព្រមាន​ប្រើ​ច្បាប់​សឹក​បើ​បញ្ហា​គ្រឿងញៀន​​កាន់​តែ​រីក​រាល​ដាល

ប្រធានាធិបតី លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពីទីភ្នាក់​ងារ​ Channel News Asia)

ប្រធានាធិបតី​ លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ព្រមាន​ថា លោក​នឹង​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​សឹក ប្រសិន​បើ​បញ្ហា​គ្រឿង​ញៀន កាន់​តែ​ “រីក​រាល​ដាល”។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​កត់​សម្គាល់​ឃើញ​ថា លោក ឌូទើតេ បាន​ថ្លែង​ដូច្នេះ ប៉ុន្មាន​ខែ​ក្រោយ​ពី​​លោក​ច្រាន​ចោល​​នូវ​ការ​លើក​ឡើង​ថា លោក​អាច​នឹង​ធ្វើ​ដូច្នេះ​នោះ។

លោក ឌូទើតេ បាន​ចាត់​ទុក​​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ប្រឆាំង​គ្រឿង​ញៀន​ ធ្វើ​ជា​គោល​នយោបាយ​ដ៏​សំខាន់​នៅ​រដ្ឋបាល​របស់​លោក ចាប់​តាំង​ពី​ពេល​លោក​ឡើង​កាន់​តំណែង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន។

គិត​ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​មុន​មក មនុស្ស​ជាង ៦​ពាន់​នាក់​ហើយ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន ទាំង​អំឡុង​ពេល​ប្រតិបត្តិការ​របស់​ប៉ូលិស និង​ការ​សម្លាប់​ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ពី​សំណាក់​មហាជន។ អ្នក​ប្រើប្រាស់ និង​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ជាង ១​លាន​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន ឬ​សារភាព​នៅ​ចំពោះ​មុខ​អាជ្ញាធរ។

ថ្លែង​ទៅ​កាន់​សមាជិក​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ Davao ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន នៅ​ថ្ងៃ​នេះ លោក ឌូទើតេ បាន​និយាយ​ថា លោក​ស្បថ​ការពារ​ប្រទេស​នេះ ប្រឆាំង​រាល់​ការ​គំរាម​កំហែងទាំងអស់ រួម​ទាំង​បញ្ហា​គ្រឿង​ញៀន ដែល​លោក​ថា ប៉ះ​ពាល់​ដល់​មនុស្ស​ប្រហែល ៤​លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ