សាច់​ញាតិ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់យន្តហោះ MH17 គ្រោង​ស្នើ​ឲ្យ​ប្រមូល​ឆ្អឹង​ជន​រង​គ្រោះ

បំនែក​យន្ត​ដែល​ធ្លាក់ (រូបភាពពី​ទីភ្នាក់​ងារ​ AFP)

គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​មហន្តរាយ​យន្តហោះ MH17 អាច​នឹង​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ឡើង​វិញ​ទៅ​លើ​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន បន្ទាប់​ពី​ការ​រក​ឃើញ​បំណែក​ឆ្អឹង​របស់​ជន​រង​គ្រោះ​ម្នាក់​នា​ពេល​ថ្មីៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា​នេះ នៅ​ពេល​អ្នក​កាសែត​​លោក មីខល ស្ពិកឃ័រ បាន​វិល​ត្រឡប់​ពី​អ៊ុយក្រែន ទៅ​ទីក្រុង​អាំស្ទែដាម ប៉ូលិស​ហូឡង់​បាន​រឹប​អូស​យក​របស់​របរ​ដែល​អ្នក​កាសែត​នោះ​បាន​ប្រមូល​បាន ក្នុង​នោះ​មាន​បំណែក​ឆ្អឹង​មនុស្ស​ផង​ដែរ។

ការ​ធ្វើ​តេស្ដ DNA នៅ​សប្ដាហ៍​នេះ​ បង្ហាញ​ថា វា​គឺ​បំណែក​ឆ្អឹង​ជន​រង​គ្រោះ​ម្នាក់​នៃ​មហន្តរាយ​នោះ។ អាជ្ញាធរ​ហូឡង់​បាន​ជូន​ដំណឹង​នេះ​ទៅ​គ្រួសារ​ជន​រង​គ្រោះ​រួច​ហើយ។

ប្រធាន​មូលនិធិ​ជន​រង​គ្រោះ​យន្តហោះ MH17 លោក អ៊ីវើត វ៉ាន់ ហ្ស៊ីតវ៉េល បាននិយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គ្រួសារ​ជន​រង​គ្រោះ​កំពុង​ពិចារណា​ក្នុង​ការ​និយាយ​ទៅ​កាន់​អាជ្ញាធរ​អំពី​ការ​ស្រាវជ្រាវ​រក​បំណែក​ឆ្អឹង​មនុស្ស​សេស​សល់​បន្ថែម​ទៀត។

លោក ​វ៉ាន់ហ្ស៊ីតវ៉េល ដែល​បាន​បាត់​បង់​កូន​ប្រុស​ម្នាក់ កូន​ស្រី​ម្នាក់ និង​ឪពុក​ម្ដាយ​ក្មេក​ផង​នោះ បន្ត​ថា ក្នុង​នាម​ជា​សាច់​ញាតិ គ្រួសារ​ជន​រង​គ្រោះ​មិន​ចង់​ទុក​ឆ្អឹង​ចោល​នោះ​ឡើយ។

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ម៉ាឡេស៊ី MH17 ត្រូវ​បាន​គេ​បាញ់​ទម្លាក់​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ពេល​កំពុង​ហោះ​ហើរ​ពី​ទីក្រុង​អាំស្ទែដាម ទៅ​កាន់​ទីក្រុង​គួឡាឡុំពួ ដោយ​បាន​សម្លាប់​មនុស្ស​នៅ​លើ​យន្តហោះ​ទាំង​អស់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ហូឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ