ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាម​ទារ​ថៅកែ​រោងចក្រ ​ហ្វឺស ហ្គាវ័ន្ត​ បើក​ប្រាក់​ឈ្នួល

ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាម​ទារ​ថៅកែ​រោងចក្រ ​ហ្វឺស ហ្គាវ័ន្ត​ បើក​ប្រាក់​ឈ្នួល (ឃុត សុគន្ធ)

ក្រុម​កម្មករ​នៃ​រោងចក្រ​ ហ្វឺស ហ្គាវ័ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ បាន​បន្ត​ធ្វើ​កូដកម្ម​​ទាមទារ​បប្រាក់​ឈ្នួល​ពី​ថៅកែ​រោងចក្រ​នេះ នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​ត្រូវ​បាន​​ក្រុម​កម្មករ​ចោទ​ថា មិន​គោរព​តាម​ច្បាប់​ការងារ​កម្ពុជា​។

កម្មការិនី​ផ្នែកដេរ អ្នកស្រី សុខ វណ្ណា ប្រាប់វីអូឌីនៅ​កន្លែងកូដកម្មនៅថ្ងៃនេះថា ថៅកែរោងចក្រមិនបានបើកប្រាក់ឈ្នួល​ខែនេះឲ្យកម្មករទេ ហើយក្រុមកម្មករបាននាំគ្នាធ្វើ​កូដកម្មរយៈពេល ៦ថ្ងៃហើយ ដើម្បីទាមទារទៅ​ភាគីពាក់ព័ន្ធ​ឲ្យ​ជួយដោះ​ស្រាយ។

អ្នកស្រីប្រាប់​ថា​៖ «ហើយសំណូមពរដល់សម្តេច ហ៊ុន សែន ជំទាវ ប៊ុនរ៉ានី ជួយរកយុត្តិធម៌ឲ្យកម្មករ ហ្វឺស ហ្គាវ័ន្ត និង ហ្គា​វ័ន្ត ២ ផង ព្រោះថៅកែជនជាតិកូរ៉េមួយហ្នឹង ជិះជាន់មើលងាយកម្មករ សូម្បីសម្តីអាជ្ញាកណ្តាល សម្តីខាងក្រសួងការ​ងារក៏គាត់មិនយកចិត្តទុកដាក់ និងអនុវត្តតាមច្បាប់កម្ពុជាដែរ។ គាត់តែងតែល្មើសនឹងច្បាប់ថៅកែមួយហ្នឹង»។

កម្មកផ្នែកដេរម្នាក់ទៀត អ្នកស្រី ម៉ុល ណៃស៊ីម និយាយថា បញ្ហា​នេះ បានធ្វើឲ្យ​ជីវភាពគ្រួសារគាត់ជួបការលំបាក ​ដោយគ្មានលុយបង់ថ្លៃផ្ទះ ទឹកភ្លើង និងចំណាយប្រចាំថ្ងៃជាដើម។

អ្នកស្រីបន្តថា រយៈពេលកម្មករតវ៉ាប៉ុន្មានថ្ងៃនេះ ពួកគាត់បានដាក់លិខិតទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយ​ដែរ ប៉ុន្តែ រហូតថ្ងៃនេះ មិនទាន់មានអាជ្ញាធរណាចុះមកដោះស្រាយឲ្យនោះទេ។

អ្នកបន្ថែមថា៖ «អត់លុយបង់ថ្លៃផ្ទះថ្លៃភ្លើង ហើយថ្លៃហូបចុកហ្នឹង ឥលូវអត់មានសោះ ដាច់ហ្មង។ ថៅកែ ពេលមាន​លុយ បង្ខំយើងឲ្យធ្វើការ ស្រែកថា​ឲ្យរហូត។ ដល់ពេលអត់​មាន​លុយឲ្យកម្មករ អត់និយាយអីមួយម៉ាត់ អត់ហ៊ានចេញមក​និយាយជាមួយកម្មករផង»។

អ្នកគ្រប់គ្រងក្នុងរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់វីអូឌីថា ខាងរោងចក្រនឹងបើកប្រាក់ឈ្នួលឲ្យកម្មករនៅថ្ងៃស្អែក​នេះ។ អ្នកគ្រប់គ្រងក្នុងរោងចក្ររូបនេះ ឲ្យដឹងថា ករណីបើកប្រាក់ឈ្មួលឲ្យកម្មករមិន​ទៀងទាត់នេះ ដោយសារក្រុមហ៊ុនមានបញ្ហាផ្នែកហិរញ្ញវត្ថុខ្លះៗ បង្វិលលុយឲ្យកម្មករមិនទា​ន់។

តំណាងក្រុមហ៊ុនបន្ថែមថា៖ «ជាទូទៅ យើងបើកឲ្យគាត់ថ្ងៃទី១០ ប៉ុន្តែ ដោយសារថ្ងៃ១០ហ្នឹង យើងខ្វះខាតលុយ យើង​អត់បានបើកឲ្យពួកគាត់ យើងសុំពន្យាពេលគាត់រហូតដល់ថ្ងៃទី១៣ ឬ​ថ្ងៃសៅរ៍ មកដល់ថ្ងៃសៅរ៍​ហើយក៏យើងអត់​មានលុយបើកឲ្យគាត់ទៀត យើងបានសុំពន្យាគាត់រហូតថ្ងៃអង្គារ។ ថ្ងៃអង្គារហ្នឹងយើងបើកឲ្យគាត់ទាំងអស់»។

ប្រធានសហជីពស៊ីខៅដូប្រចាំរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត លោក ឃឹម មករា បាន​ឲ្យ​ដឹង​ថា ថៅកែរោងចក្រនេះមិនគោរពច្បាប់ការងារនោះទេ ដោយថា បើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ និងមិនបង់ថ្លៃសេវាគាំពារសុខភាព (ប.ស.ស.) ជូនកម្មករឡើយ បើទោះបីបានកាត់លុយពីកម្មករហើយក្តី។

លោកបន្ថែមថា៖ «ក្រៅពីបើកលុយឲ្យកម្មករមិនទៀងទាត់ហើយ ថៅកែរោងចក្រនេះបានកាត់លុយពីកម្មករ ហើយមិន​បានបង់ទៅឲ្យ ប.ស.ស.ទេ ហើយពេលកម្មករទៅរកសេវាថែទាំសុខភាព គឺប្រើអត់បានទេ។ អញ្ចឹង វាធ្វើឲ្យប៉ះពាល់​ដល់បងប្អូនកម្មករជាពិសេសស្ត្រី»។

វិអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បានទេជុំវិញបញ្ហានេះ ដោយទូរសព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

តំណាងកម្មករឲ្យដឹងថា រោងចក្រ ហ្វឺស ហ្គាវ័ន្ត មានកម្មករសរុប ៣៨០នាក់ ហើយថា ថៅកែរោងចក្រនេះ គឺ​លោកស្រី ឆា ក្បុងហ៊ី ជាជនជាតិ​កូរ៉េខាងត្បូង។

កម្មករអះអាងថា លោកស្រី ឆា ក្បុងហ៊ី នេះក៏ជាម្ចាស់រោងចក្រ ហ្គាវ័ន្ត សាខាក្រុងតាខ្មៅផង​ដែរ ដោយកម្មករធ្វើការនៅសាខានោះក៏កំពុងមានបញ្ហា ដោយថៅកែរូបនេះ បើកលុយមិនទៀងទាត់ និងបានបញ្ឈប់ការកម្មករជិត ៦០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ