រដ្ឋាភិបាលបង្កើតក្រុម​ការងារ​តាម​ដាន​អង្គការ​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មាធិការអន្ដរក្រសួងថ្មីមួយ ដើម្បីតាមដានសកម្មភាពអង្គការសង្គមស៊ីវិលបរទេស ដែលប្រតិបត្តិការក្នុងប្រទេសកម្ពុជា ខណៈ​ក្រុមតាមដានយល់ថា អាចប៉ះពាល់សិទ្ធិសេរីភាពក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ។

យោងតាមសេចក្ដីសម្រេចមួយ ចេញផ្សាយក្នុងសៀវភៅរាជកិច្ច ដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ដើម​ខែ​ធ្នូឆ្នាំមុន បានឲ្យដឹងថា គណៈកម្មាធិការអន្ដរក្រសួងនេះ មានសមាសសភាពមន្ដ្រីចំនួន ៣៣រូប ក្នុងនោះ មានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម និងរដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធិ ជាសហប្រធាន។

ចំណែក​រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ លោក កើត រិទ្ធិ និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ វិជិត្ត ត្រូវបានចាត់តាំងឲ្យធ្វើជាអនុប្រធាន និងមានមន្ដ្រី ២០រូបទៀត មកពីស្ថាប័នផ្សេងៗ។

បើតាមសេចក្ដីសម្រេច គណៈកម្មាធិការនេះ មានតួនាទីគ្រប់គ្រង និងធានាការអនុវត្តច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ចំពោះអង្គការបរទេសណា ដែលរំលោភច្បាប់ និងបំពានអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ ក៏បានបែងចែកតួនាទីភារកិច្ចរបស់ក្រសួងនីមួយៗផងដែរ ដោយក្រសួងសេដ្ឋកិច្ច មានភារកិច្ចពិនិត្យ និងតាមដានកាតព្វកិច្ចបង់ពន្ធ ចំណែក​ធនាគារជាតិកម្ពុជា នឹងតាមដានប្រតិបត្តិការហិរញ្ញវត្ថុរបស់ស្ថាប័នបរទេស។

VOD បានទាក់ទងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក ជូ វិជិត្ត ប៉ុន្ដែជំនួយការរបស់​លោក​ប្រាប់​ថា លោក​កំពុងជាប់ប្រជុំ។

ដោយឡែក​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម បានឲ្យភ្នំពេញ ប៉ុស្ដិ៍ ដឹងកាលពីម្សិលមិញ​ថា លោកបានបង្កើតអនុគណៈកម្មាធិការមួយ ជាមួយក្រសួងការបរទេស ដើម្បីត្រួតពិនិត្យថា តើ​ក្រុមអង្គការក្រៅរដ្ឋាភិបាល​ណាខ្លះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងថាតើអង្គការទាំងនោះ មកពីប្រទេសណាខ្លះ។

កាសែត​ភ្នំពេញ ប៉ុស្ដិ៍ បានដកស្រង់សម្ដី​លោក ប៉ុល លឹម ចុះផ្សាយថា៖ «យើងមិនទាន់បានជួបប្រជុំនៅឡើយទេ។ យើងបានបង្កើតអនុគណៈកម្មាធិការ​ធ្វើការជាមួយក្រសួងការបរទេស ដើម្បីពិនិត្យ​ថា តើអង្គការក្រៅរដ្ឋាភិបាលណាខ្លះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងពិនិត្យថា តើមានអង្គការក្រៅរដ្ឋាភិបាលប៉ុន្មាន និងមានមកពីប្រទេសណាខ្លះ?»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា យល់ថា ការបង្កើតគណៈកម្មាធិការថ្មីនេះ គឺជាការ​គំរាមកំហែងមួយទៀត​លើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការជំរុញការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លោកយល់ថា ក្នុងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស គួរត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពដោយសេរី និងគ្មានការរឹតត្បិត។

លោកថា៖​ «អញ្ចឹង វាមានការប៉ះពាល់សម្រាប់អ្នកធ្វើក្នុងកិច្ចការងារសង្គម ពិសេសសង្គមស៊ីវិល ដែលផ្តោតទៅលើវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ យើងយល់ថា ការត្រួតពិនិត្យមួយ​នេះ ដែលធ្វើឲ្យអង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការរបស់ខ្លួន មានការព្រួយបារម្ភចំពោះវិធានការបែបនេះ ពីព្រោះនៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ ជាទូទៅ អង្គការសង្គមស៊ិវិលមានសិទ្ធិពេញលេញ ក្នុងការបំពេញនូវតួនាទីរបស់ខ្លួនតាមទស្សនៈវិស័យដោយស្របទៅតាមច្បាប់រួចទៅហើយ»។

នាយិការអង្គការសីលកា លោកស្រី ធីតា ឃឹះ បង្ហាញការព្រួយបារម្ភ​ថា​ នេះជា​ការវិវឌ្ឍថ្មីមួយ នឹងធ្វើឲ្យបះពាល់ដល់សិទ្ធិសេរីភាព ទាំងអង្គការសង្គមស៊ីវិលបរទេស និងសង្គមស៊ីវិលក្នុងស្រុកផងដែរ។

លោកស្រីថា៖ «ខ្ញុំថា ជារឿងមួយ ដែលយើងព្រួយបារម្ភ នៅពេលដែលយើងអត់មានតម្លាភាព ក្នុងចាត់ចែងធ្វើការងារអស់ទាំងហ្នឹង។ អញ្ចឹងនៅពេលហ្នឹង ទាល់តែយើងពិនិត្យ​ទៅមើលពីនីតិវិធីលម្អិត ដែលគេរៀបចំធ្វើបានយើងដឹង។ ពីព្រោះ ទោះបីមិនមែនជាអង្គការក្នុងស្រុកក៏ដោយ បើសិនជាអង្គការអន្ដរជាតិ ក៏ធ្វើឲ្យ​ប៉ះពាល់អង្គការក្នុងស្រុកដែរ អានេះ បើតាមយោបល់ខ្ញុំ»។

ក្នុងឆ្នាំ២០១៧កន្លងមកនេះ រដ្ឋាភិបាល​កម្ពុជា បានបិទវិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ដែល​ជា​អង្គការ​អាមេរិក ​ធ្វើការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ បិទកាសែតភាសាអង់គ្លេស The Cambodia Daily និងការបង្ខំចិត្តផ្អាកដំណើរការរបស់វិទ្យុអាស៊ីសេរី ដោយចោទថា ខកខានកាតព្វកិច្ចបង់ពន្ធ និងមិនបានចុះបញ្ជីត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ