លោក ហ៊ុន សែន ប្តេជ្ញាជាថ្មីថា នឹង​បន្តកាន់ដំណែងរយៈពេលពីរអាណត្តិទៀត​

នាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា នឹងបន្តកាន់តំណែងរយៈពេលពីរអាណត្តិខាង​មុខ​ទៀត ដោយលោកថា ចង់​​ដឹក​នាំប្រទេស និងអមដំណើរជាមួយ​ប្រជាពលរដ្ឋ ដើម្បី​នាំ​ប្រទេសកម្ពុជា​ឲ្យ​ក្លាយ​ជាប្រទេសមានចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅឆ្នាំ​២០​៣០​។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ​ព្យាបាល​ជំងឺមហារីក និងសម្ភព ដែល​មានឈ្មោះ​ថា «អគារតេជោសន្តិភាព​» ​នៅក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បានថ្លែង​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​មិនបាន​ចែង​កំណត់អាណត្តិ​ និង​តំណែង​របស់​​​នាយករដ្ឋមន្ត្រី​នោះទេ។

លោកបានថ្លែងបញ្ជាក់ជាថ្មីទៀតថា លោក​នៅតែបន្ត​កា​ន់​​តំ​ណែង​ជានាយករដ្ឋមន្ត្រី​ពីរអាណត្តិទៀត​រហូតដល់ឆ្នាំ២០២៨ ពោលមានរយៈពេល១០ឆ្នាំទៀត

កាលពីដើមខែកញ្ញា​ឆ្នាំ​មុន លោក ហ៊ុន សែន បានថ្លែងដូចនេះម្តងមក​ហើយ ដោយថា លោកនៅតែបន្តកាន់តំណែងពីរអាណត្តិទៀត​។

លោក ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ថា លោកប្តេជ្ញាបន្ត​ដឹកនាំប្រទេសកម្ពុជា​ពីរអាណត្តិទៀត ដោយលោកថា ចង់ដឹក​នាំប្រ​ទេស និង​អម​ដំណើរ​ប្រជាពលរដ្ឋចូលទៅកៀកឆ្នាំដែលប្រទេសកម្ពុជាក្លាយជាប្រទេស​មានចំណូល​មធ្យមក​ម្រិត​ខ្ពស់​​នៅឆ្នាំ​២០៣០ ​នាពេលខាងមុខ​នេះ​។

​លោកថ្លែងថា៖ «ខ្ញុំបានធ្វើនាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ ថែម ១០ឆ្នាំទៀត ក៏មិនទាន់ចាស់ទៅណាដែរ។ ខ្ញុំចង់អម​ដំណើរជា​មួយអ្នក​ទាំង​​អស់គ្នា ដើម្បីចូលទៅឲ្យកៀកជាមួយប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រោះបើគិត​ទៅតាម​អាណត្តិ​​​នៃសភា គឺឆ្នាំ២០២៨ ទើបខ្ញុំត្រូវដកខ្លួនចេញ អញ្ចឹងវាកៀកទៅនឹងពេលវេលាមួយ ដែលប្រទេស​កម្ពុជានឹង​ក្លាយទៅជា​ប្រទេស​​​​មាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់»

លើសពីនេះទៀត​ លោក ហ៊ុន សែន បានថ្លែងបង្ហាញនូវមោទនភាពថា លោក​បាន​ដឹកនាំ​ប្រទេសកម្ពុជា​​ចេញពីសំណល់នៃភ្លើងសង្គ្រាម ពោលគឺ​ពីប្រទេសដែលក្រីក្រី ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ដោយថា ​ប្រជាពល​រដ្ឋកម្ពុជាទាំងមូល កំពុងមានស្ថានភាពជីវភាពល្អប្រសើរ។

​ប៉ុន្តែ លោក ហ៊ុន សែន ​ត្រូវ​បាន​ការ​សែត​​អាមេរិក​ វ៉ា​ស៊ីង​តោន ​ប៉ុស្តិ៍ ចាត់​ចំណាត់​ថ្នាក់​​ជា​មេដឹកនាំ​កាន់អំណាចដ៏​យូរ​ក្នុង​ចំណោម​មេដឹកនាំ​២៣​រូប​ទៀត ដែល​មិន​ព្រម​ចាកចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង ឬ​ចាញ់​ឆ្នោត​ក៏​ដោយ។​ កាសែត​អាមេរិក​មួយ​នេះ ក៏​បាន​បរិយា​យដែរ​ថា កម្ពុជាក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ហ៊ុន សែន ​មាន​ទាំង​ជោគ​ជ័យ ភាព​រីកចម្រើន ការ​ភ័យខ្លាច និទណ្ឌភាព បកក្ខ​ពួក-គ្រួសារនិយម និង​ពុករលួយ។

​លោក ហ៊ុន សែន ដែលបច្ចុប្បន្នអាយុ ៦៥​ឆ្នាំ បានគ្រប់គ្រងកម្ពុជារយៈពេល ៣៣ហើយ បន្ទាប់​ពី​លោក​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៨៥។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា​ឆ្នាំ​មុន​ថា លោក ហ៊ុន សែន បាន និង​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​កម្ចាត់​ក្រុម​អ្នក​រិះគន់​លោក។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ខែ​មករា​​ឆ្នាំ​២០១៥​ថា នៅ​អំឡុង​ពេល​កាន់​អំណាច​រយៈ​ពេល​ជាង ៣​ទសវត្សរ៍​មក​នេះ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ