មន្ត្រី​ជាន់​ខ្ពស់​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់ ក្រោយ​​វៀតណាម​បើក​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប

រដ្ឋ​លេខាធិការ​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត (ហ៊ុន សិរីវឌ្ឍន៍)

ក្រសួង​សេដ្ឋកិច្ច​បង្ហាញ​ក្តី​បារម្ភ​ថា ​ការ​បើ​កពាណិជ្ជកម្ម​សេរី​​រវាង​អឺរ៉ុប និងវៀតណាម អាច​នឹង​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ក្លាយខ្លួន​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នៅ​ព្រឹក​ថ្ងៃ​នេះ រដ្ឋ​លេខាធិការ​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បាន​លើក​ឡើង​ថា កម្ពុជាអាច​​ប្រឈមទៅ​នឹង​បញ្ហា​​​ចំណាយក្នុង​ប្រទេស និងការប្រកួត​ប្រជែង​សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​ក្នុងតំបន់ ខណៈ​ជំនួយ​​ហិរញ្ញវត្ថុ​ផ្សេង​ៗ ​ត្រូវ​បាន​កាត់​បន្ថយ​ ហើយ​ការ​ដាក់​អនុវត្តន៍​តំបន់​ពាណិ​ជ្ជកម្ម​សេរី (FTA) ​រវាង​អឺរ៉ុប​ និងវៀតណាម ​អាច​នឹង​ជះ​ឥទ្ធិ​ពលទាំង​វិជ្ជមាន និង​អវិជ្ជមាន​ដល់​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ថ្លែង​បន្ត​ថា ​កម្ពុជា​ជៀស​មិន​រួចពី​ផល​ប៉ះពាល់​នោះ​ទេ ​ប្រសិន​ជា​ការ​អនុវត្តន៍​ពាណិ​ជ្ជកម្ម​សេរីរវាងអឺរ៉ុប​ និង វៀតណាម ​ត្រូវ​បាន​អនុវត្តនោះ ក្នុង​នោះ​លោក​ថា​ វិស័យ​មួយ​ចំនួន​របស់​កម្ពុជា​អាច​នឹង​រងគ្រោះ​មាន​ដូច​ជា​វិស័យ​កាត់​ដេរ និង​វិស័យ​កសិកម្ម ជា​ដើម តែ​លោក​ថា ​ជា​មួយ​នឹង​ផល​ប៉ះពាល់​ទាំង​នេះ កម្ពុជា​អាច​នឹង​ទទួល​ផល​ប្រយោជន៍​ខ្លះ​ដែរ​ ប្រសិន​បើ​វៀត​ណាម​មិន​អាច​បំពេញ​តម្រូវ​ការ​ទៅ​ដល់​ប្រទេស​បញ្ជារ​ទិញ​បាន​គ្រប់​គ្រាន់​នោះ។

លោកបន្ថែម​​ថា៖ «ដូច្នេះ ​រឿង​នេះ ​បញ្ហានេះ ​គឺ​មាន​បូក​ និង​ដក តែ​រឿង​ទី​ពីរ​សម្រាប់​យើង​ គឺ​រឿង​ស្អី? គឺ​យើង​ត្រូវ​ពង្រឹង​ខ្លួន​យើង ទោះ​ជា​វៀត​ណា​ម​មាន​ក៏​ដោយ ​អត់​ក៏​ដោយ អា​ Free Trade អា FTA នេះ ​វា​គង់​តែ​បាត់​នៅ​ថ្ងៃ​ណា​មួយ​ទេ។ យើង​ត្រូវ​ចេះ​រស់​នៅ​ក្នុង​គោល​ការណ៍​ទី​ផ្សារ​កុំ​ឲ្យគេ​បន្តក់​ទឹក​ដោះគោ យើង​ត្រូវ​ចេះ​កសាងសេដ្ឋកិច្ច​រស់​ខ្លួន​ឯង ​ដោយ​ឈរ​លើ​គោលការណ៍​ទីផ្សារ​។ យើង​កំពុង​ជិត​ដល់​គោល​ដៅ​ហ្នឹង​ហើយ​ ម្តងបន្តិច​ៗ នោះអា​ការ​ប្រឈម​ទាំង​ប៉ុន្មាន​នោះ យើង​ត្រូវ​ឈាន​ទៅ​ហ្នឹង​ យើង​មិន​មែន​រស់​ដោយ​សារ​អញ្ចឹង​ទេ! ត្រូវ​គិត​ថា ​ទៅ​មុខ​ទៀត​ យើង​ត្រូវឆ្លង​ឲ្យ​ផុត​ពី​ការគេ​ឲ្យ​អនុគ្រោះ​ហ្នឹង​ ខ្ចី​ក៏ខ្ចី​ទី​ផ្សារ ពាណិជ្ជកម្ម​ក៏​ពាណិជ្ជកម្ម​ទី​ផ្សារ»។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ​លោក ច័ន្ទ សុផល យល់​ឃើញ​មិន​ខុស​ពី​ក្រសួង​សេដ្ឋ​​កិច្ច​ប៉ុន្មាន​ទេ ដោយ​លោក​​ជម្រុញទៅកាន់​រដ្ឋាភិបាល​កម្ពុជាឲ្យ​កែប្រែ​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្នឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​ងនេះជា​មុនសិន​ ដោយ​ថា​ ការ​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ទើប​ផល​ប៉ះពាល់​ពី​បញ្ហានេះ វា​មិន​សូ​វ​ធ្ងន់​ធ្ងរ។

លោក​ថា៖ «តាម​រយៈការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ តាម​រយៈឧទាហរណ៍​ថា ​ថ្លៃ​ដើម​អគ្គីសនី​ យើង​ខ្ពស់ប៉ះពាល់​ដល់​ថ្លៃ​ផលិត​របស់​អ្នក​នាំចេញបញ្ហា​ logistic បញ្ហា​រត់ការក្រោម​តុលើតុ​អី​ហ្នឹង ​ត្រូវ​តែ​ដោះស្រាយ​ទៅ ហើយ​ក៏​រឿង​ជំនាញ​របស់​ពល​ករ​យើង​របស់​កម្ម​ករ​យើង សុទ្ធ​តែ​ជារឿងដដែល​។ តម្រូវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ផ្ទៃ​ក្នុងប្រទេស​យើង​ឲ្យ​បាន​ខ្លាំង​ដើម្បី​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​មួយ​ដែលមាន​ភាព​ខ្លាំង​ក្នុង​​កា​រប្រជែងឈ្នះ​ជា​មួយ​ប្រទស​ផ្សេង​ៗ​ទៀត»។

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​អឺរ៉ុប ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​២០១២​មក​ម៉្លេះ ហើយ​បាន​សម្រេច​ឡើង​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​កន្លង​មក ខណៈ​ដែល​សភា​នៃ​ភាគី​ទាំង​ពីរ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្ដល់​សច្ចាប័ន​​លើ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ត្រីមាស​ទី​២​ក្នុង​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ