អ្នកឃ្លំាមើលថា អតីត​បក្ស​ប្រឆាំង​មាន​បញ្ហា​ផ្ទៃ​ក្នុង​​ជុំ​វិញ​ការ​បង្កើត​ចលនា​ថ្មី

លោក កឹម សុខា និង​លោក សម រង្ស៊ី ​(FB: ​លោក ​កឹម សុខា​)

អ្នកឃ្លំាមើលបញ្ហាសង្គម ​បានលើកឡើងថា អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងអតីតមន្ត្រីគណបក្សរបស់ខ្លួន​ ៥០រូប ហាក់​​មានភាពផុយស្រួយ ជុំ​វិញការ​បង្កើត​«ចលនា​សង្គ្រោះជាតិ» ឡើងវិញ​ ការ​ទាមទារឲ្យដោះលែងលោក កឹម សុខា និង​​វត្តមានបក្សសង្គ្រោះជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នេះ។

នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា អតីតមេដឹកនាំបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី បានថ្លែងថា ​«ចលនា​សង្គ្រោះជាតិ» ជា​ចលនា​ដែល​មាន​កម្លាំង​ទូលំទូលាយ ដើម្បី​ទាមទារ​ឲ្យ​​គណ​បក្ស​សង្គ្រោះ​ជាតិ​រស់ឡើងវិញ និងមានវត្តមានចូលរួមប្រកួតប្រជែងបោះឆ្នោតជាមួយបក្សកាន់អំណាច ដោយសេរី​ ត្រឹម​ត្រូវ និង​​យុត្តិធម៌។

បើ​តាម​អ្វី​ដែល​លោក សម រង្ស៊ី បាន​បង្ហាញ​នោះ ​«ចលនា​សង្គ្រោះជាតិ» នោះ មាន​ស្ថាបនិក​ចំនួន ៩​រូប រួម​​មាន លោក សម រង្ស៊ី ​ផ្ទាល់ ​អនុប្រធាន​​អតីត​គណបក្ស​ប្រឆាំង​​ពីរ​រូប លោក អេង ឆៃអ៊ាង និង​លោកស្រី មួរ សុខហួរ និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​​មួយ​ចំនួនទៀតនៅសហរដ្ឋអាមេរិក​។

ប៉ុន្តែ ​ក្រុម​មេដឹកនាំ​​ ៥០រូប​ទៀត​របស់​បក្ស​ប្រឆាំង​នៅ​ឯសហរដ្ឋ​អាមេរិក ដោយក្នុងនោះមានអតីតតំណាងរាស្ត្រ ៣រូប គឺលោក សួន រីដា លោក ង៉ោ គឹមជាង និង​លោក ពិន​រតនា បានចេញសេចក្តីថ្លែងការមិនគំាទ្រ​«ចលនា​សង្គ្រោះជាតិ» របស់​លោក សម ​រង្ស៊ី នោះទេ ដោយថា ពួកគេនៅតែបន្តតស៊ូនយោបាយ​ក្នុងក្រប​ខ័ណ្ឌគណបក្សសង្គ្រោះជាតិជានិច្ច និងគ្រប់​កាលៈ​ទេសៈ។

ទាក់ទិននឹងបញ្ហា​នេះ អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​ លោក មាស នី យល់ថា​ ចលនា​«សង្គ្រោះ​ជាតិ»​របស់​លោក សម រង្ស៊ី ជាសញ្ញាល្អ​រំឭក​ដល់​អតីត​មន្ត្រីបក្ស​នេះនៅតាមមូលដ្ឋានទំាងអស់នៅតែមានក្តីសង្ឃឹម។ ប៉ុន្តែ លោក​ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ​​លោក សម រង្ស៊ី និង​មន្ត្រី​ ៥០រូប​ផ្សេង​ទៀត ហាក់មិនចុះសម្រុង​នឹង​គ្នា ជុំ​វិញ​ការ​បង្កើត​​ចលនា​ថ្មី​នេះ។ ករណីនេះ លោកវិភាគថា អតីតមេដឹកនាំបក្សប្រឆំាង និងមន្ត្រីរបស់ខ្លួន ហាក់មានភាពផុយស្រួលផ្ទៃក្នុង នៅ​ក្នុង​ការ​​​ស្វែង​រកដំណោះស្រាយ​រួមក្នុង​ក្រុម និងធ្វើឲ្យ​ចាញ់​ប្រៀប​បក្សកាន់អំណាច​។

លោកវិភាគថា៖ «វាសុទ្ធតែជាចំណុច​ខ្សោយរបស់សង្គ្រោះជាតិ​ ចំណុច​ខ្សោយ​ត្រង់ថា កាលណាធ្វើអ្វីមួយមិនបានជជែកគ្នា​ ហើយ​អ្នកគូបដិបក្ខម្ខាង​ទៀត​ ក៏មិនបានសួរនំាគ្នាឲ្យបានច្បាស់លាស់​ មុននឹងចេញសេចក្តីប្រកាស​។ ពេលខ្លះ ខ្ញុំនិយាយអំពី​អ្នកនយោបាយ​ត្រចៀក​ស ហើយការបែកបាក់គ្នា​ គឺងាយ​ណាស់​។ ទោះបីគេបង្កើតចលនា​អីហ្នឹងក៏ដោយ ក៏ត្រូវ​តែមានការ​ជជែកគ្នា ដើម្បីការពារ បើយើងដឹងហើយថា ស្ថានភាពនេះ យើងបែកបាក់គ្នាវាផុយស្រួលណាស់​»។

ការ​ខ្វែងគំនិត​គ្នា​របស់ក្រុម​មន្ត្រី​​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ការរៀបចំ​ចលនា​សង្គ្រោះជាតិ​នេះ​ ត្រូវ​បាន​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី​ថា ការ​បង្កើត​អង្គការ​ណាមួយ​ក្រៅច្បាប់ វា​គឺជា​សកម្មភាព​បែប​ឧទ្ទាម។

អ្នក​ឃ្លាំមើល​ពីការអភិវឌ្ឍសង្គម លោក ប៊ូ បញ្ញា ផ្តល់ជាអនុសាសន៍ថា ដំណាក់​កាលនេះ អ្នកនយោបាយ​ទំាងអស់ ជាពិសេស​អតីត​មេដឹកនាំបក្សប្រឆំាង លោក សម រង្ស៊ី និងមេដឹកនាំ​បក្ស​កាន់​អំណាច ​លោក​ ហ៊ុន សែន គួរតែបន្ទន់ឥរិយាបទដាក់គ្នា ដោយ​យក​បញ្ហាដាក់លើតុជជែកគ្នា​រកដំណោះស្រាយ​រួម ដើម្បីកុំឲ្យបរទេស​ឆ្លៀ​​ត​​ឱកាស​​ទាញយកប្រយោជន៍ពីកម្ពុជា។

លោកផ្តល់ជាអនុសាសន៍ថា៖ «បើសិនជាគាត់នៅតែបណ្តែតបណ្តោយ​ពឹងបរទេស ខ្ញុំជឿថា​បរទេស គ្មានប្រទេសណាស្រឡាញ់​ប្រទេសខ្លួនជាងយើង​ទេ ហើយ​គេធ្វើអ្វី គេគិតតែប្រយោជន៍គេជាធំមុន។ មុននឹងគេ​សម្រេចចិត្តផ្នែកនយោបាយ​ណាមួយ ដើម្បីជួយបក្សប្រឆំាង ខ្ញុំគិតថា ថ្នាក់ដឹកនាំនយោបាយ​ ខាងអតីតបក្សប្រឆំាង​គួរតែមានការស្រុះស្រួល​មូលមតិគ្នា ហើយ​ធ្វើយ៉ាងណា​មក​ដោះស្រាយ​បញ្ហា​ស្រុកទេ​ស មក​ចចារគ្នា​ ខ្ញុំជឿថា បើគាត់បន្ទន់ឥរិយាបថ ខ្ញុំជឿថា នឹង​មាន​ការចចារនយោបាយ​ណាមួយកើតឡើង​​»។

អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែលទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ប្រហែល ៣​លាន​នាក់​ នៅ​ក្នុង​​​បោះ​ឆ្នោត​​​ឆ្នាំ​២០១៣​នោះ​ ត្រូវ​បាន​តុលាការ​កំពូល​​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​ថ្នាក់​ដឹកនាំអតីតបក្សប្រឆាំងចំនួន ១១៨​រូប ​ត្រូវគេ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​​រយៈ​ពេល ៥​ឆ្នាំ ខណៈ​លោក កឹម សុខា ក៏កំពុងជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ក្បត់​ជាតិ»។

ក្រោយមក​ សហគមន៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការ​រំលាយគណបក្សសង្គ្រោះជាតិនេះ ដោយពួកគេថា កម្ពុជា​កំពុងងាកទៅរកការដឹកនាំបែបផ្ដាច់ការ និងផ្ទុយពីស្មារតី​នៃកិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស​ឆ្នាំ១៩៩១។ ប៉ុន្តែ ភាគីរដ្ឋាភិបាល ជាញឹកញាប់ បានហៅសកម្មភាពរបស់ខ្លួន​ថា ជាការអនុវត្តច្បាប់​ ប្រឆាំង​នឹង​បរទេស​ឈ្លានពាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ