លោក ហ៊ុន សែន ប្រកាសថា​លោកមិនខ្លាចស្លាប់ ទោះ​ប្រឈម​មុខ​នឹង​បាតុករនៅអាមេរិក​

លោក ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ដោយ​មន្រ្តី​និងពលរដ្ឋនៅសហរដ្ឋអាមេរិក​(រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះអះអាង​ថា​លោក​ហ៊ាន​ចេញមុខ​ជួប​ក្រុម​បាតុករដែលត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោកនៅសហរដ្ឋអាមេរិក​ ហើយ​ថា​លោកមិនខ្លាចស្លាប់នោះទេ។​

លោក​ ហ៊ុន សែន កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mirageនៃ​រដ្ឋកាលីហ្វញ៉ា ដោយ​លោក​នឹង​ចូល​រួម​ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។

ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ប្រមាណ​៥០០នាក់ លោក ហ៊ុន សែន បានថ្លែង​រិះគន់​ដល់​គម្រោងធ្វើបាតុកម្មប្រឆាំង​រូបលោក។ លោក​បន្តថា​ប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​រូបលោក។

លោក​បានថ្លែង​ថា៖ “ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”។

លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅ​រដ្ឋកាលីហ្វញ៉ានៃ​សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែកុម្ភៈ អាចមានទៅដល់ចន្លោះពី​៥០០ទៅ​៨០០នាក់ដែលមកពី​រដ្ឋជាង​១០នៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក​បន្ត​ថា​អ្នកចូលរួម​នឹង​ផ្ញើសារឲ្យ​លោកនាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង​ផងដែរ។​ លោក​បញ្ជាក់​ថា​បាតុកម្មនេះ​មិនពាក់​ព័ន្ធ​​គណបក្សសង្រ្គោះជាតិនោះទេ។​

​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជា​ថ្មីទៀត ប្រសិន បើអ្នកគំាទ្រគណ​បក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោក​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ