វិភាគ៖ តើវិធានការតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណា?

ជាញឹកញាប់ ប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ក្នុងសង្គម ឬមានបញ្ហារំលោភបំពានណាមួយ ពិសេសអ្នកមានជម្លោះដីធ្លី តែងតែធ្វើការតវ៉ា និងធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួង និងស្ថាប័នរដ្ឋនានា ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាឲ្យពួកគេ។ លើសពីនេះ ក្រុមអ្នកតវ៉ាជាទូទៅក៏នាំគ្នាទៅតវ៉ានៅមុខផ្ទះ ឬយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋដើម្បីរកអន្តរាគមន៍ផងដែរ។

ការតវ៉ាមួយចំនួនត្រូវអាជ្ញាធរអនុញ្ញាតឲ្យធ្វើ និងអាចដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ ប៉ុន្តែការតវ៉ាមួយចំនួនត្រូវបានរារាំង និងបង្ក្រាបដោយសមត្ថកិច្ច។ ពាក់ព័ន្ធនឹងការរារាំងការតវ៉ារបស់ពលរដ្ឋនេះ កាលពីឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរបស់លោក ថាបានរារាំងពលរដ្ឋមិនឲ្យយកញត្តិ ឬលិខិតសំដែងពីទុក្ខកង្វល់ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។

លើសពីនេះទៅទៀត កាលពីចុងឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានដកមន្ត្រីក្រោមឱវាទរបស់លោកផងដែរ ប្រសិនបើអសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបណ្ដោយឲ្យបើបញ្ហានានានៅថ្នាក់មូលដ្ឋាននៅតែបន្តផ្ទុះឡើងដោយមិនមានដំណោះស្រាយដែលមានប្រសិទ្ធភាពនោះ។ ក្នុងឆ្នាំ២០១៥នេះផងដែរ លោក ហ៊ុន សែន ក៏បានប្រកាសទទួលស្គាល់ជាផ្លូវការទំព័រហ្វេសប៊ុករបស់លោក និងអះអាងថានឹងប្រើបណ្ដាញសង្គមមួយនេះដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ក្នុងរយៈពេលប្រមាណ៦ខែក្រោយការទទួលស្គាល់ទំព័រហ្វេសប៊ុកជាផ្លូវការ ពោលគឺពីចាប់ពីខែកញ្ញា ឆ្នាំ២០១៥រហូតមកដល់ពេលបច្ចុប្បន្ន លោក ហ៊ុន សែន បានចាត់ចេញជាចំណាត់ការមួយចំនួនជាដំណោះស្រាយដល់ប្រជាពលរដ្ឋ ដោយលោកអះអាងថា បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុកដូចជាបញ្ឈប់ការយកលុយពីអ្នកធ្វើតាមផ្លូវមួយចំនួន និងការលុបបំបាត់លែងឲ្យមានប័ណ្ណបើកបរម៉ូតូកម្លាំងក្រោម១២៥សេសេ។

បន្ថែមពីលើការទទួលសំណូមពរពីពលរដ្ឋដោយខ្លួនឯង និងក្រុមការងាររបស់លោក កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំក្រសួង និងស្ថាប័ននានារបស់រដ្ឋឲ្យតាមដានហ្វេសប៊ុករបស់លោកជាប្រចាំ ដោយលោកថាដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។ ក្រោយការប្រកាសណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្រសួងស្ថាប័ននានារបស់រដ្ឋបានប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីតាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីពីសំណូមពរ ឬបញ្ហានានាដែលពាក់ព័ន្ធ ឬស្ថិតក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នខ្លួន។

តើការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពកម្រិតណាក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី លើកឡើងថា នៅប្រទេសកម្ពុជាមានទម្លាប់មួយដែលមន្ត្រីតូចថ្នាក់ក្រោមមានការលាក់លៀម មិនហ៊ានរាយការណ៍រឿងពិតទៅថ្នាក់លើ ចំណែកថ្នាក់លើជាញឹកញាប់ក៏មិនចង់ឮពាក្យទិះតៀន ឬរឿងមិនល្អពីថ្នាក់ក្រោមផងដែរ។ លោកបន្តថា នៅតាមខ្សែបណ្ដោយរបស់ស្ថាប័នរដ្ឋ ការរាយការណ៍ព័ត៌មានមិនពិត ឬកុហកទៅថ្នាក់លើបានក្លាយទៅប្រពៃណី ដោយលោកថាបញ្ហានេះបាននាំឲ្យគណបក្សកាន់អំណាចថយចុះការគាំទ្រ និងបាត់បង់អាសនៈជាង២០កៅអីនៅរដ្ឋសភាក្នុងការបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣។

លោក មាស នី យល់ថា ការបង្កើតជាទំព័រហ្វេសប៊ុកគឺជាមធ្យោបាយល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ ដោយលោកថា ពលរដ្ឋអាចរាយការណ៍ ឬបង្ហាញពីទុក្ខលំបាករបស់ខ្លួនទៅកាន់ថ្នាក់ដឹកនាំដោយផ្ទាល់។ លោកបន្តថា កត្តានេះនឹងជួយឲ្យថ្នាក់ដឹកនាំទទួលបានព័ត៌មានពិត និងបានដឹងពីបញ្ហារបស់ប្រជាបលរដ្ឋកាន់តែច្បាស់ថែមទៀត។

ពាក់ព័ន្ធនឹងការបង្កើតក្រុមការងារនៅតាមក្រសួងស្ថាប័នរដ្ឋ លោក មាស នី មានប្រសាសន៍ថា លោកមិនហ៊ានអះអាងពីប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេ សំខាន់លើឆន្ទៈរបស់ក្រសួងស្ថាប័នទាំងក្នុងការដោះស្រាយជូនពលរដ្ឋ ដោយលោកថា មុនពេលមានការរាយការណ៍តាមប្រព័ន្ធហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ក្រសួងនិងស្ថាប័នរដ្ឋទាំងនោះបានក៏បានដឹងពីបញ្ហារបស់ពលរដ្ឋផងដែរ គ្រាន់តែពុំធ្វើការដោះស្រាយ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនទាន់ហ៊ានអះអាងថាវានឹងមានប្រសិទ្ធភាពនោះទេ ព្រោះអីយើងក៏មិនអាចនិយាយបានថា រឿងរ៉ាវមួយចំនួនធំហ្នឹងមន្ត្រីតាមក្រសួងមិនដឹងមិនស្គាល់នោះទេ ប៉ុន្តែគ្រាន់តែថាពីមុនមកមិនព្រមដោះស្រាយពេលដែលមានបញ្ហាអី។ ប៉ុន្តែឥឡូវម្ដងនេះយើងចាំមើលតើវិធានការថ្មីនេះវានឹងមានប្រសិទ្ធភាពប៉ុណ្ណា”

ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ការបង្កើតក្រុមការងារដើម្បីតាមដានព័ត៌មានលើទំព័រហ្វេសប៊ុកនេះហាក់បង្ហាញថា ក្រសួងខ្លួនឯងមិនបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីឲ្យយន្តការក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនោះ ក្រសួងស្ថាប័នរដ្ឋគួរណែនាំមន្ត្រីរបស់ខ្លួននៅតាមមូលដ្ឋានឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហារបស់ពួកគេ រួចរាយការណ៍ទៅថ្នាក់លើ មិនមែនរង់ចាំតែព័ត៌មានពីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនោះទេ។ លោកថា ការធ្វើបែបនេះនឹងជួយបំពេញចំណុចខ្វះខាត និងផ្ដល់ព័ត៌មានទៅថ្នាក់ដឹកនាំ បន្ថែមលើអ្វីដែលទទួលបានតាមរយៈបណ្ដាញសង្គម។

លោក យង់ គិមអេង បន្តថា៖ “វាហាក់ដូចជា ក្រសួងហ្នឹងចាំយកព័ត៌មានពីនាយករដ្ឋមន្ត្រីទៅវិញ ខ្លួនឯងអត់ដឹងបាទ។ នាយករដ្ឋមន្ត្រីគាត់មានហ្វេសប៊ុកសម្រាប់ទំនាក់ទំនងបញ្ហាជាមួយប្រជាពលរដ្ឋមួយហើយ ប៉ុន្តែថា ខាងក្រសួងស្ថាប័នហ្នឹង ខ្លួនឯងនោះត្រូវប្រឹង ប្រឹងធ្វើម៉េចឲ្យខ្លួនឯងហ្នឹងទាក់ទងឲ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយយកមករាយការណ៍បន្ថែមជូននាយករដ្ឋមន្ត្រីបានជាការប្រសើរថែមទៀតណាបាទ”

ប្រហាក់ប្រហែលគ្នានេះ លោក មាស នី លើកឡើងថា ប្រជាពលរដ្ឋខ្មែរប្រមាណ១០ទៅ ១៥ភាគរយប៉ុណ្ណោះដែលចេះ និងមានលទ្ធភាពប្រើអ៊ីនធើណែត ឬបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបញ្ហានេះនាំឲ្យព័ត៌មានទទួលបានតាមហ្វេសប៊ុកគឺមិនទាន់គ្រប់គ្រាន់នោះទេ។ លោកថា មន្ត្រីនៅថ្នាក់ក្រោម និងនៅតាមមូលដ្ឋានមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយលោកថា ពួកគេត្រូវក្លាហានរាយការណ៍ការពិតទៅថ្នាក់លើ និងក្លាហានក្នុងការដោះស្រាយ។ ទោះយ៉ាងណា លោកថា មន្ត្រីថ្នាក់ក្រោមអាចបំពេញតួនាទីរបស់ខ្លួនបានដោយមានប្រសិទ្ធភាពលុះត្រាតែរដ្ឋាភិបាលថ្នាក់លើប្ដូរយន្តការពីការដោះស្រាយដោយបញ្ហាតាមបទបញ្ជា ទៅជាការដោះស្រាយដោយប្រើនីតិវិធី ឬគោលនយោបាយ។

លោក មាស នីបន្ថែមថា៖ “គឺថាយន្តការតែមួយ យើងថាមនុស្សម្នាក់ក៏បានដែរ។ ដល់ពេលណាថ្នាក់រដ្ឋាភិបាលដែលជាប្រមុខ រដ្ឋាភិបាលនៅខាងលើហ្នឹងប្រើអំណាចបញ្ជាច្រើនពេក វាធ្វើឲ្យមន្ទីរក្រសួងអីហ្នឹងលែងហ៊ានសម្រេចអីទាំងអស់ គឺមានតែរង់ចាំទៅ បើសិនជាថ្នាក់លើគេប្រាប់ឲ្យទៅឆ្វេងឆ្វេងទៅ ស្ដាំស្ដាំស្ដាំទៅ បើគេមិនប្រាប់ទេក៏នាំគ្នានៅស្ងៀមទៅ។ អីចឹងហើយបានជាបញ្ហាភាគច្រើនដែលយើងឃើញថាវិធានការរដ្ឋាភិបាលធ្វើមកដល់ពេលនេះវាបានខ្លាំងតែមួយឆាវ នៅពេលដែលមានបញ្ជាចេញក្ដៅៗហ្នឹង ហើយផុតពីហ្នឹងទៅគឺវិលមករកកន្លែងដើមវិញដដែល”

លោក មាស នី បន្ថែមទៀតថា ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការក៏ជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។ លោកថា កាលណាតុលាការមិនឯករាជ្យ នោះអយុត្តិធម៌នៅក្នុងសង្គមអាចកើតមានឡើងគ្រប់ពេល ដោយលោកថា បញ្ហាតុលាការមិនឯករាជ្យតែមួយនេះគឺអាចធ្វើឲ្យមានភាពច្របូកច្របល់នៅសង្គមដោយអាចធ្វើរឿងសឲ្យទៅជាខ្មៅ ហើយរឿងខ្មៅឲ្យទៅជាសវិញបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ