គណបក្សថ្មីមួយប្តេជ្ញាធ្វើ​ឲ្យមានតំណាងកសិករយ៉ាងតិច១០រូបចូលរួមធ្វើច្បាប់​នៅក្នុងសភា​

ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ
ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ

គណបក្សដែលទើបបង្កើតថ្មីមួយមិនទាន់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត​ប្តេជ្ញាថានឹងខិតខំធ្វើយ៉ាងណាឲ្យមានតំណាងកសិករទូទាំងប្រទេសយ៉ាងតិចចំនួន១០រូប ចូលរួមជជែកបញ្ហានិងបង្កើតច្បាប់នានាដើម្បីការពារផលប្រយោជន៍របស់​កសិករ។​

ក្នុងសន្និសី​ទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ដើម្បី​បង្ហាញ​​ពីគោលនយោបាយអភិវឌ្ឍមូល​ដ្ឋានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ខាងមុខ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋានបានប្តេជ្ញា​ធ្វើយ៉ាងណាឲ្យមានតំណាងកសិករចូលរួមក្នុងការជជែក ពីបញ្ហារបស់កសិករក្នុង​សភានិងបង្កើត​ច្បាប់​ការពារកសិករដើម្បីឲ្យកសិករ​កម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេស​ជិតខាង។

ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ មានប្រសាសន៍ថាកន្លងមករដ្ឋាភិបាលមិនទាន់មានកម្មវិធីថ្នាក់ជាតិដូចជាបញ្ជូនអ្នក​ជំនាញផ្នែកកសិកម្មទៅបង្រៀនកសិករមូលដ្ឋាននៅឡើយទេ។ លោកបន្ថែមថាដូច្នេះលោកក៏ចងឲ្យមាន​តំណាងរាស្រ្តដែលគាំទ្រដោយ កសិករ លើកឡើង​ពីបញ្ហារបស់កសិករទៅពិភាក្សានៅក្នុងសភា។

លោកបន្ថែមថា៖ កន្លងមកក្នុងតំណាងរាស្ត្រ១២៣រូប ខ្ញុំមិនដែលឃើញតំណាងរាស្រ្តណានិយាយរឿងកសិករ ខ្ញុំអត់ដែលលឺនិយាយរឿងការពារផលប្រយោជន៍កសិករទេ។ ធ្វើច្បាប់ដើម្បីជួយកសិករ តស៊ូមតិស្វិតស្វែងដើម្បីកសិករ មានតែនិយាយរឿងដីធ្លី អត់និយាយធ្វើម៉េចឲ្យកសិករមានទុន មានទឹក មានទីផ្សារ ចេះបញ្ចេកទេសអាហ្នឹងជារឿងមួយសំខាន់ដែលយើងចង់ឃើញហើយតំណាងរាស្រ្តដែលចេញពីកសិករ ហើយគាំទ្រដោយកសិករពិតប្រាកដនោះ នឹងចូលរួមធ្វើឲ្យមានគោលនយោបាយកសិកម្មនិងការផ្លាស់ប្តូរ

វីអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បាននៅ​ឡើយទេដោយហៅទូរស័ព្ទចូលមិនមានអ្នកអ្នកទទួល។ ចំណែកលោក ឡោ រស្មីថាកំពុងរវល់ប្រជុំ។

អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ថេង សាវឿន មានប្រសាសន៍ថាកសិករនៅ តាមមូលដ្ឋានមាន​រហូតដល់ទៅ ជាង៨០ភាគរយ ហើយកន្លងពួកគាត់ ជួបបញ្ហាជាច្រើន ដូចជាខ្វះផ្នែក បច្ចេកទេសធ្វើ​កសិកម្ម បញ្ហាទីផ្សារក្នុងការលក់ផលកសិកម្មផងដែរ។

លោកបន្ថែមថា៖ បញ្ហាដែលជួបប្រទះនោះបានន័យថាមិនមានតំណាងរាស្ត្រ ឬក៏តំណាងរបស់ពួកគាត់ទៅចរចារលើកឡើង អំពីបញ្ហារបស់ពួកគាត់ ជាពិសេសបញ្ហាទីផ្សារ បញ្ហបច្ចេកទេសផ្នែកកសិកម្ម ក៏ដូចជាការជជែកឲ្យរដ្ឋសភាដាក់ថវិកាជាតិ ដើម្បីធ្វើការគាំទ្រដល់កសិករខ្នាតតូចនៅជនបទ ដើម្បីឲ្យពួកគាត់ផលិតនូវដំណាំទ្រទ្រង់វិស័យកសិកម្មហ្នឹងគឺអត់មានទេ

នៅក្នុងសន្និសិទសារព័ត៌មាននោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានលើកឡើងពី​គោល​នយោ​បាយ​១៦ចំ​ណុចក្នុងការ​ពង្រឹង​មូលដ្ឋានរបស់ខ្លួន។ ក្នុងនោះក៏មានចំណុចលើកឡើង​ពីការផ្ដល់​ឱកាសឲ្យកសិករគ្រប់រូបទទួលបានទុន ទឹក ទីផ្សារ បច្ចេកទេសនិងមានដីសម្រាប់ប្រកបមុខ​របរសិកម្ម​បានប្រាក់ចំណូលខ្ពស់ផងដែរ។

គួរបញ្ជាក់ថា​គណបក្សប្រជាធិបតេយ្យមូលដ្ឋានរំពឹងថានឹងមានសមាជិក​យ៉ាង​តិច១៥០០នាក់មកពី​ ១០០​ឃុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១៧ខាងមុខ ​ហើយ​នឹងរំពឹង​ទទួល​បាន​ជ័យ​ជំនះ​យ៉ាង​តិច​ ២០​ឃុំដើម្បីអនុវត្តការងារមូលដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ