កូន​ប្រុស​នាយក​រដ្ឋមន្ត្រីអំពាវ​ឲ្យ​យុវជន​ជឿជាក់​លើ​រដ្ឋា​ភិបាលកម្ពុជា​

លោក ហ៊ុន ម៉ានី កូនប្រុសរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

កូន​ប្រុស​លោកនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន និង​ជា​ប្រ​ធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី អំពាវ​ឲ្យ​​យុវជន​មើល​ពី​ចំណុចវិជ្ជមាន​របស់​កម្ពុជាជាជាង​មើល​ឃើញ​តែ​ចំណុច​អវិជ្ជមាន ដែល​លោក​ថាយុវជនត្រូវជឿជាក់លើកម្ពុជា​ដើម្បី​ឲ្យ​យុវជន​មាន​កម្លាំង​ចិត្តនិង​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍជាតិ។

ក្នុងពិធី​សប្បុរសធម៌លើក​ទី​៧ដែលរៀប​ចំនៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញកាលពី​ទី​១៤ ខែ​កុម្ភៈ លោក ហ៊ុន ម៉ានី ថ្លែង​ទៅ​កាន់​និស្សិតជាច្រើនរយ​នាក់​ថាយុវជន​ត្រូវជឿ​ជាក់​លើ​កម្ពុជា ដែល​លោក​ថាបើ​យុវជន​មើល​ឃើញ​តែចំណុចអ​វិជ្ជមាន​របស់​កម្ពុជានោះនឹង​ធ្វើ​ឲ្យ​យុវជនបាត់​បង់​ឱកាស​ចូល​រួម​អភិវឌ្ឍប្រ​ទេសជាតិ​​​។ លោក​ទទួលស្គាល់​ថា​កម្ពុជា​ពិត​ជា​នៅ​មានបញ្ហាដែល​ត្រូវ​ដោះស្រាយ ដែលលោកថា​យុវជន​ត្រូវ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយរាល់​បញ្ហា​ទាំងនេះប្រ​កប​ដោយ​ក្តី​សង្ឃឹមនិង​ឆន្ទៈ។

លោក​ ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “តើ​អនាគតរបស់​ប្រ​ទេសកម្ពុជា​នឹង​​ទៅ​ជា​យ៉ាងណា និយាយ​អញ្ចេះ​ខ្ញុំ​សុំ​បញ្ជាក់​​ឲ្យ​ហើយ មិនមែនថាប្រ​ទេសយើងអត់​បញ្ហា​នោះ​ទេ មិនមែន​ថា​សង្គម​កម្ពុជាគ្មាន​បញ្ហា​នោះទេ មាន(បញ្ហា) ក៏​ប៉ុន្តែ​គ្រប់​កាលៈទេសៈ​ទាំងអស់​យើង​ត្រូវជឿជាក់​លើ​កម្ពុជា​ដោយសារវាជា​កម្លាំងចិត្ត ដើម្បី​ឲ្យ​យើង​ខ្លួន​ឯងមាន​ក្តីសង្ឃឹម មាន​ឆន្ទៈ ហើយ​ហ៊ាន​លះបង់​ដើម្បី​ប្រ​ទេសជាតិ​របស់ពួកយើង”

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានកាន់អំណាចជាង​៣១ឆ្នាំមកហើយ។ របាយការណ៍របស់​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) ចេញផ្សាយ​កាលពីខែមករា ឆ្នាំ២០១៥ ឲ្យ​ដឹង​ថា​ការដឹកនាំរបស់លោក ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។ របាយការណ៍ចាត់ទុកថាជាការដឹកនាំរបស់​លោក​ពោរពេញ​ដោយអំពើហិង្សានយោបាយ ការគ្រប់គ្រងកម្លាំងយោធា ការបោះឆ្នោតបន្លំនិងអំពើពុករលួយច្រើន។

អ្នក​វិភាគ​ឯករាជ្យ​ លោក អ៊ូ វីរៈ យល់ថា​យុវជន​កម្ពុជា​បច្ចុប្បន្ន​មើល​ឃើញ​ទាំង​ចំណុច​វិជ្ជមាន​ និងចំណុច​អវិជ្ជមាន​របស់​រដ្ឋា​ភិបាល។ លោក​បន្ត​ថា​យុវជនបាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​សម្រាប់ទទួលព័ត៌ទាក់ទង​នឹងបញ្ហា​សង្គមក៏ដូច​ជា​នយោបាយ​។ លោក​បន្ថែមថា៖ “​សំខាន់​បំផុត​នោះ​គឺ​តើ​រដ្ឋា​ភិបាល​ទាក់ទាញ​យ៉ាង​ម៉េច​ដើម្បីឲ្យ​បេះ​ដូង​របស់​យុវជនហ្នឹងមានការ​ដូរ សម្រាប់​ខ្ញុំ​ឥឡូវនេះរដ្ឋា​ភិបាលតាំងពី​ឆ្នាំ​២០១៣​មក​ ​បាន​រៀ​បចំ​យុទ្ធសាស្រ្ត​ជា​ច្រើន​ដើម្បី​ទាក់ទាញ​យុវជន ទោះ​បីជា​កន្លែងខ្លះ​មាន​ប្រ​សិទ្ធភាពនិងកន្លែង​ខ្លះមិន​សូវ​ជាមាន​ប្រ​សិទ្ធភាព ប៉ុន្តែ​យើង​ឃើញ​ថា(រដ្ឋា​ភិបាល)បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន”។​

​លោក​ អ៊ូ វីរៈ ឲ្យ​ដឹងដែរថាយុវជន​មួយ​ចំនួនក្នុងពេលបច្ចុប្បន្ននេះ​មានភាព​ក្លាហាន​ក្នុង​ការបង្ហាញ​ឆន្ទៈចង់​ប្រ​ឡូក​ក្នុង​វិស័យ​នយោបាយ​ផងដែរ។

លោក ហ៊ុន ម៉ានី មិន​ត្រឹម​តែ​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ប៉ុណ្ណោះទេ ​លោក​ក៏​ជា​តំណាង​រាស្រ្តមណ្ឌលកំពង់ស្ពឺផងដែរ។​ លោកជា​តំណាង​រាស្រ្ត​វ័យ​ក្មេង​មួយ​រូប​ដែល​គេសង្កេតឃើញ​ថាបាន​ដឹកនាំ​យុវជន​ជា​ច្រើន​ធ្វើ​សម្មភាព​សង្គម​ ជាពិសេស​កម្មវិធី​អង្គរសង្ក្រានដែលធ្វើឡើងនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំ​​។

លោក​ធ្លាប់​លើក​ឡើងថាលោកមានបំណងធ្វើជា​នាយករដ្ឋមន្រ្តី​នៃ​ប្រទេសកម្ពុជាតែ​លោក​ថា​ឪពុក​របស់​លោកមិនមែន​ជា​អ្នកកំណត់​រូបលោក​ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្រ្តីកម្ពុជា​នោះទេ គឺអាស្រ័យ​លើ​ប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ