ក្រសួងមហាផ្ទៃ​ថានឹងជួយ​ការ​ពារសុវត្ថិភាពដល់គណបក្ស​ប្រឆំាង​​

ក្រសួង​មហាផ្ទៃ

ក្រសួង​មហាផ្ទៃសន្យាថាស្ថាប័នរដ្ឋនេះនឹង​ជួយការពារសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់បន្ទាប់​​ពីមេដឹកនាំគណបក្សសង្រ្គោះជាតិដាក់លិខិតទៅកាន់លោក ស ខេង ស្នើឲ្យជួយការពារសន្តិសុខ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់VODនៅថ្ងៃចន្ទនេះថាក្រសួង​មហាផ្ទៃបានទទួលលិខិតកាលពីថ្ងៃទី១២ខែកុម្ភៈរបស់​ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ​ជួយការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំងដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយ​ពួកគេ។ លោកថាក្រសួង​នឹង​ធ្វើតាមការស្នើសុំនោះ។ លោកបន្តថា៖សូមអរគុណណាស់ដែលឯកឧត្តម កឹម សុខា​ ដែលបានផ្ញើលិខិតមក​នេះបញ្ជាក់ថាលោកមានការ​ព្រួយបារម្ភចំពោះសន្តិសុខ​ផ្ទាល់ខ្លួន​របស់លោកនិងតំណាង​រាស្ត្រ ប៉ុន្តែខ្ញុំគិតថា​វាសន្តិសុខ​មិនមែនតែម្ខាងទេការពា​រតំណាងរាស្ត្រទាំងអស់​”។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​លោក មាស នី គំាទ្រ​ក្រសួងមហាផ្ទៃដែលអះអាងថាខ្លួននឹង​ជួយការពារសុវត្ថិភាពជូនគណបក្ស​ប្រឆំាង​។ ប៉ុន្តែលោកបើក្រសួង​ធ្វើមិន​តាមការសន្យារបស់ខ្លួនទេនោះនឹង​ធ្វើឲ្យ​គណបក្ស​ប្រជាជនកម្ពុជាកាន់តែបាត់បង់ការ​គំាទ្រពីប្រជាពលរដ្ឋដោយលោកថាកន្លងទៅការប្រើហិង្សាលើតំណាងរាស្ត្រនិងសកម្មជនបក្សប្រឆំាង​អាជ្ញាធរមិនទាន់បាន​ទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនៅឡើយជាពិសេសការកប់ដុំថ្មចូលផ្ទះលោក កឹម សុខា។ លោកបន្ថែមថា៖ បើសិនជាម្តងនេះក្រសួងមហាផ្ទៃមិនអាច​គ្រប់គ្រងស្ថានការណ៍ហ្នឹង​បាន ហើយបណ្តោយឲ្យកើតមានឡើងដូចមុនទៀតខ្ញុំគិត​ថាវាធ្វើឲ្យ​ប្រជា​ប្រិយភាព​រដ្ឋាភិបាលធ្លាក់​អ្វីដែលវាកើតឡើងវាហួសហើយវាមិនត្រូវ​នឹង​ច្បាប់ទៀត”។

កាលពីពេល​ថ្មីៗនេះមានបុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាល​របស់​គណ​បក្សប្រជាជនកម្ពុជាបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះ​ជាតិចោលប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅអាមេរិកនៅពាក់កណ្តាលខែកុម្ភៈនេះ។

លើសពីនេះថ្មីៗនេះបុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទលោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មដុតផ្ទះរបស់គាត់ឬទាញគាត់ចេញពីក្នុងឡាន ហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ

ទោះយ៉ាងណាលោក កឹម សុខា បានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោកនោះទេ។

គួរបញ្ជាក់ថាកាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញាឆ្នាំ២០១៥មានបាតុកម្មអហិង្សាមួយទាមទារឲ្យគោរពសិទ្ធិមនុស្សនៅកម្ពុជា។ មួយខែក្រោយមកខណៈពេលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាដូចគ្នានេះម្តងទៀត។ ប៉ុន្តែភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញ ហើយអាចឈានទៅទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ នៅពេលបាតុកម្មធ្វើឡើងដោយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានោះ​មានកុប្បករខ្លះ​បានវាយ​តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបឲ្យ​រងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន។ ក្នុង​ថ្ងៃជាមួយគ្នានោះក្រុមកុប្ប​ករទំាងនោះក៏​បាននាំគ្នាទៅផ្ទះលោក កឹម សុខា ហើយគប់ដុំថ្មដប​ទឹកសុទ្ធចូលផ្ទះលោក កឹម សុខា ផងដែរ។ ប៉ុន្តែគេសង្កេតឃើញថាមិនមានអាជ្ញាធរចុះបង្ក្រាបចាប់​ក្រុមបុរសជាអ្នកតវ៉ាទំាងនោះទេ​៕

សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ