នី មុន្នីនាថ ដំឡើងតម្លៃខ្លួនដាច់ឆ្ងាយពីឆ្នាំចាស់

តារាសម្ដែង នី មុន្នីនាថ (រូបភាព៖ វង្ស សុម៉ាលីន)

នៅដើមឆ្នាំ២០១៦នេះ គេកត់សម្គាល់ថាទីផ្សារចេញសម្ដែងរបស់កញ្ញា នី មុន្នីនាថ រួមតូចជាងមុន បើធៀបនឹងរយៈពេលដូចគ្នាកាលដើមឆ្នាំ២០១៥។ មកទល់ពេលនេះ កញ្ញាទើបតែមានការសម្ដែងមួយរឿងប៉ុណ្ណោះ ប៉ុន្តែសាមីខ្លួនបានអះអាងថា ហេតុផលនៃការធ្លាក់ចុះគឺដោយសារកញ្ញាបានប្រកាសដំឡើងតម្លៃខ្លួនដាច់ឆ្ងាយពីឆ្នាំចាស់ និងដោយសារកញ្ញាចាប់ផ្ដើមរឹតត្បិតការទទួលសម្ដែងទៅវិញទេ។

កញ្ញា នី មុន្នីនាថ បានថ្លែងឲ្យដឹងថា កាលពីដើមឆ្នាំ២០១៥ កញ្ញាបានទទួលសម្ដែងរឿងយ៉ាងហោចពី៣ទៅ៤រឿងក្នុងពេលតែមួយ។ ប៉ុន្តែសម្រាប់ពេលនេះ កញ្ញាទើបតែមានមួយរឿងក្នុងដៃប៉ុណ្ណោះ គឺរឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» ដែលជារឿងភាគលើកដំបូងរបស់ប៉ុស្ដិ៍លេខ៥ ដែលត្រូវបានផលិតករថៃចុះមកចាត់ចែងដឹកនាំ។ កញ្ញាបញ្ជាក់ថា សន្ទុះឡើងកូដនៃតារាថ្មីគឺជាចលករដែលរុញឲ្យកញ្ញាតូចចង្អៀតទីផ្សារ ប៉ុន្តែកញ្ញាថាស្ថានភាពធ្លាក់ចុះគឺសំដៅតែលើការងារសិល្បៈដែលមានតម្លៃតូចៗប៉ុណ្ណោះ ហើយចំពោះការសម្ដែងធំៗគឺកញ្ញានៅតែរំពឹងខ្ពស់ថាមិនជ្រុះបាត់ឡើយ។

កញ្ញាបញ្ជាក់ថា ហេតុផលនៃការធ្លាក់ចុះទី១ដោយសារតែក្នុងឆ្នាំ២០១៦នេះ ផលិតករនៅប៉ុស្ដិ៍លេខ៥បានតម្រូវឲ្យកញ្ញាផ្ដល់៥ថ្ងៃពេញ ដើម្បីចុះថតរឿង និងទី២ គឺដោយសារតែសម្រេចដាក់ចេញនូវតម្លៃចេញថតថ្មី ដែលកញ្ញាថាខ្ពស់ជាងមុនដាច់ឆ្ងាយតែម្ដង។ នី មុន្នីនាថ បញ្ជាក់ថា៖ “ចំពោះ[ចំនួននៃ]ការសម្ដែងខ្ញុំយល់ថាខ្លួនឯងធ្លាក់ចុះមែន ប៉ុន្តែចំណូលគឺដូចតែមុនដែរទេ ព្រោះតម្លៃទទួលចេញថតរបស់ខ្ញុំក្នុង[ពេល]នេះ និយាយទៅគឺឡើងជាងមុនខ្លាំង»។ កញ្ញាថា តម្លៃចេញថតត្រូវបានដំឡើងក្រោយពីមានការកំណត់ឲ្យផលិតភាពយន្តខ្មែរដាក់បញ្ចាំងក្នុងម៉ោងមាស ដោយថាតម្លៃដែលកញ្ញាដាក់ចេញទៅកាន់ផលិតករគឺបានស្មើនឹងតម្លៃចេញថតរបស់តារារៀមច្បងដូចជាលោកជាលោក ទេព រិន្ទដារ៉ូ បើទោះជាការដំឡើងថ្លៃនេះ ធ្វើឲ្យនាងជ្រុះបាត់ការសម្ដែងខ្លះ ដែលគេមិនហ៊ានដល់ថ្លៃដែលនាងកំណត់។

កញ្ញាបន្ថែមថា៖ “ឥឡូវហ្នឹងខ្ញុំដាក់តម្លៃស្មើនឹងរៀមច្បងៗ ដូចជាលោកពូ ទេព រិន្ទដារ៉ូ អីដែរ ហើយខ្ញុំគិតថាបើអ្នកណាចង់បានយើងគឺគាត់ហ៊ានទៅ ព្រោះបើនៅតែថតតម្លៃចាស់ មិនគ្រប់ទិញសម្លៀកបំពាក់អីទេ ដោយសារតែឥវ៉ាន់តែងខ្លួនឥឡូវថ្លៃៗ ម្យ៉ាងតម្លៃដែលខ្ញុំដំឡើងហ្នឹង ខ្ញុំថាអត់មានហួសហេតុទេ ព្រោះនៅខាងផលិតករធំៗនៅតែទទួលយកបាន”។ កញ្ញាបដិសេធបញ្ជាក់ឲ្យដឹងពីតម្លៃដែលខ្លួនបានដំឡើង ប៉ុន្តែយោងតាមការបញ្ជាក់ពីក្រុមផលិតករគឺកញ្ញា នី មុន្នីនាថ បានដំឡើងពីការទទួលថតក្នុងមួយថ្ងៃ៨០ដុល្លារទៅ១០០ដុល្លារកាលពីឆ្នាំ២០១៥ មកដល់រង្វង់ពី២០០ទៅ៣០០ដុល្លារក្នុងមួយថ្ងៃ ស្មើនឹងតម្លៃខ្លួនរបស់លោក ទេព រិន្ទដារ៉ា ឬនៅក្រោមនេះអាស្រ័យលើការចរចា។ យ៉ាងណាក៏ដោយ កញ្ញាបានអះអាងថា ការសម្ដែងតួឯកមួយរឿង ផលិតករខ្មែរយ៉ាងច្រើនកំណត់ឲ្យថតមិនលើសពីរយៈពេល១០ថ្ងៃនោះទេ ទើបកញ្ញាថា ការដំឡើងតម្លៃថ្មីក៏មិនមានន័យថាថតមួយរឿងបានប្រាក់ច្រើនពាន់ដុល្លារនោះដែរ។

តារាសម្ដែងល្បីឈ្មោះរូបនេះបន្តថា កញ្ញាមិនបារម្ភខ្លាចបាត់បង់ទីផ្សារក្រោយពីការដំឡើងតម្លៃនេះឡើយ ដោយអះអាងថា តម្លៃដែលនាងទទួលបានគឺសមចំពោះនឹងកេរ្តិ៍ឈ្មោះរបស់នាង ហើយក៏ជាតម្លៃដែលម្ចាស់ផលិតកម្មគួរតែផ្ដល់ឲ្យ។ តារារូបនេះនិយាយថា៖ “ខ្ញុំអត់គិតថាការដំឡើងថ្លៃទៅគេឈប់ហៅថតអីទេ ព្រោះអ្នកចង់បានគេនៅតែយកអ៊ីចឹង។ ម្យ៉ាងតារាយើងបើមិនកំណត់ថ្លៃទេ គឺគេឲ្យតែប៉ុណ្ណឹង(តម្លៃដដែលៗ)។ អ៊ីចឹងខ្ញុំថានេះជាអ្វីដែលល្អទៅវិញទេដែលខ្ញុំសុខចិត្តដាក់តម្លៃខ្ពស់ ដើម្បីជម្រុះការសម្ដែងរាយរង”។ កញ្ញាបញ្ជាក់ថា ការទទួលបានការងារតិច ប៉ុន្តែបានតម្លៃល្អគឺជារឿងប្រសើរទៅវិញទេ សម្រាប់ឱកាសទទួលបានការសម្ដែងធំៗ ឬល្អៗនៅក្នុងវិស័យសម្ដែងសិល្បៈ។

កញ្ញាបញ្ជាក់ដដែលជាដដែលថា តម្លៃចេញថតរបស់ខ្លួននៅក្នុងរយៈពេលនេះទទួលបានកម្រៃប្រហាក់ប្រហែលនឹងតារារៀមច្បងធំៗនៅក្នុងសិល្បៈ ដោយក្នុងនោះគឺបានតម្លៃខ្ពស់ស្មើនឹងលោក ទេព រិន្ទដារ៉ូ ដូចគ្នា ដែលកញ្ញាចាត់ទុកថានេះជាការវិវត្តន៍ដែលនាងចង់បានសម្រាប់ជំហានក្នុងសិល្បៈ។ នី មុន្នីនាថ មានគម្រោងចេញថតរឿងភាគខ្នាតធំនៅអំឡុងខែមេសា ក្រោយចូលឆ្នាំខ្មែរ បន្ទាប់ពីថតចប់រឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» របស់ប៉ុស្ដិ៍លេខ៥ ដែលកញ្ញាទទួលស្គាល់ថាការកំណត់តម្លៃថ្មីគឺមិនអាចឲ្យនាងកញ្ឆក់បានរឿងច្រើនស្មើនឹងឆ្នាំ២០១៥ដែលឈានដល់ជិត១០រឿងនោះបានទេ។

លោក វង្ស ពិសិដ្ឋ ផលិតករភាពយន្តបានអះអាងថា ការដំឡើងតម្លៃខ្លួនរបស់ នី មុន្នីនាថ មិនមែនជារឿងចម្លែកនោះទេ ដោយលោកថា តារាភាគច្រើនក៏បានដំឡើងថ្លៃឈានដល់មួយថ្ងៃពី៨០ទៅជាង១០០ដុល្លារសម្រាប់ការថតដូចគ្នា ប៉ុន្តែក៏មានតារាមិនតិចនោះដែរដែលលោកថានៅទទួលថតក្នុងមួយថ្ងៃរង្វង់៥០ដុល្លារ។ លោកបន្តថានៅក្នុងសិល្បៈ មានតារាសិល្បៈតិចគ្នាប៉ុណ្ណោះដែលហ៊ានដាក់តម្លៃស្មើនឹងលោកទេព រិន្ទដារ៉ូ ហើយទទួលបានទីផ្សារចាប់អារម្មណ៍។ យ៉ាងណាក៏ដោយ លោកយល់ថា តម្លៃចន្លោះ២០០ទៅ៣០០ដុល្លារក្នុងមួយថ្ងៃរបស់តារាខ្មែរនៅមិនទាន់ល្អនៅឡើយទេ បើធៀបនឹងតារាបរទេស ឬតារានៅប្រទេសជិតខាងកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ