រដ្ឋាភិបាល​ទម្លាក់ការ​ដោះ​ស្រាយ​វិវាទរាស្ត្រនិង​រដ្ឋ​ទៅ​ថា្នក់​ក្រោម មុន​បោះ​ឆ្នោត

រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ទម្លាក់​ការ​ដោះ​ស្រាយ​បណ្តឹង​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធារណៈនិង​ការ​គ្រប់​គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ទៅ​កាន់ថ្នាក់​ក្រោម ដោយថាដើម្បី​បង្កើន​​ជំនឿ​ទុក​​ចិត្ត​របស់​ប្រជាព​លរដ្ឋ​​នៅ​មូល​ដ្ឋានទៅ​លើ​ការ​ផ្តល់​សេវា​របស់រដ្ឋ។

ក្នុង​អនុក្រឹត្យចុះ​ថ្ងៃ​ទី៨ កុម្ភៈ ដែល​វី​អូ​ឌីទើប​តែ​ទទួល​ រដ្ឋាភិបាល​បានឲ្យ​ដឹង​ថា ខ្លួន​បាន​សម្រេច​បង្កើត​ការិយា​ល័យ​ប្រជាពល​រដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​​ភារៈកិច្ចទទួល ស៊ើប អង្កេត និងការ​សម្រុះ​សម្រួល ​ដោះ​ស្រាយ​វិវាទ​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ពាក់​ព័ន្ធ​នឹង​បណ្តឹង​នៃការ​ផ្តល់​សេវា​សាធារ​ណៈ របស់​រដ្ឋ រួម​ទាំង​បញ្ជូន​បណ្តឹង​ដែល​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ដោះ​ស្រាយ​ផងដែរ។ អនុក្រឹត្យ​ដដែល​បាន​បន្ថែម​ថា ការិយា​ល័​យ​​ថ្នាក់​ក្រោ​ម​ជាតិនោះ​ និង​ត្រូវ​បែង​ចែក​​ជា​ការិយា​ល័​យ​ប្រជា​ពល​រដ្ឋ​រាជ​ធានី​ខេត្ត និង​ការិយាល័យ ក្រុង​ ស្រុក ខណ្ឌ។

ប្រធាន​លេខា​ធិការ​ដ្ឋាននៃគណកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ លោក សក់ សេដ្ឋា មាន​ប្រសាសន៍​ថា ការ​សម្រេច​ផ្ទេរ​នេះ​គឺ​បន្ទាប់​ពី​មាន​ការ​ដក​ពិសោធន៍​ជាង​៦​ឆ្នាំ​នៃការបង្កើត​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ហើយ​ឃើញ​ថា​ប្រសិទ្ធភាព​នៃ​ការ​បង្កើត​នោះ​គឺ​អាចឆ្លើយ​តប​ទៅ​នឹង​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​។ លោក​បន្ថែម​ថា​ការិយាល័យ​នេះ​គឺ​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​រវាង​រាស្ត្រ និង​​រដ្ឋ​។

លោក​ថា៖ «មាន​ច្រើន​ដែរ​! វា​មិន​មែន​ថា​ជា​រឿង​ផ្តល់​សេវា​ទេ ឧបមា​ថា​យើង​ធ្វើ​ការ​ងារ​អី​មួយ​ប៉ះ​ពារ​ប្រជា​ជន​ទៅ​យើង​អាចឲ្យ​ការិយាល័យ​ហ្នឹង​ជួយ សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​អ្វី​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​​ដល់​ប្រយោ​ជន៍​ប្រជា​ជន​នោះ​ណា។ ដូច​ជា​យើង​លើក​ផ្លូវ​លើក​អី​ៗ​អញ្ចឹង​ទៅណា ប៉ះពារ​គាត់​ចឹង​ទៅ យើង​មាន​គាត់​សម្រាប់​សម្រុះ​សម្រួល កាល​ណា​សម្រុះ​សម្រួល​មិន​បាន​មិន​មែន​បិទ​សិទ្ធ​គាត់​ទេ​​គាត់​​អាច​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​បាន តែ​វា​ជា​យន្ត​ការ​សម្រុះ​សម្រួល​វិវាទ​ឬ​ក៏​បណ្តឹង​រដ្ឋបាល»។

ទោះ​ជាយ៉ាង​ណា​លោកថា ការ​បង្កើត​ការិយាល័យ​ទទួល​បណ្តឹង​ថ្មី​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ទទួល​​ខុស​ត្រូវ​លើក​វិវាទ​ដី​ធ្លី​ដែល​កើត​មាន​មុន​ពេល​ដែល​ការិយាល័យ​នេះបង្កើត​នោះ​ទេ ដោយ​សារ​វិវាទ​ដី​ធ្លី​ដែល​កើត​ឡើង​ពីមុន​នោះ​មាន​មួយ​ចំនួន​ធំ​ត្រូវ​បាន​ធ្លាក់​ទៅ​កាន់​ស្ថាប័នថ្នាក់​ជាតិ​ក្នុង​ការ​ដោះ​ស្រាយ​ហើយ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​សង្គម​លោក សន ជ័យ យល់​ថា​នេះជា​ជំហាន​មួយ​ថ្មី​បន្ថែម​ទៀត​របស់រដ្ឋាភិបាល​សម្រាប់​បំពេញ​នូវ​តម្រូវ​ការរបស់​ប្រជាពល​រដ្ឋ ​តែ​លោក​នៅមាន​ការ​បារម្ភពីប្រសិទ្ធភាព​​នៃ​ការ​អនុវត្តយន្តការថ្មីនេះ ដោយសារ​ថវិកា​ដែល​បាន​បែង​ចែកទៅ​ថ្នាក់​ក្រោម​ជាតិនៅ​មាន​កម្រិត​​មូយ​ដែល​ទាប​នៅ​ឡើយ​​។

លោកថា៖ «ចង់​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ទៅ​មើល​លើ​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​កន្លងមក​ដូច​ជា​កា​រអនុវត្ត​ច្រក​ចេញ​ចូល​តែ​មួយ ដែលគេ​បាន​ធ្វើកិច្ច​ការ​ល្អ អញ្ចឹង​ត្រូវ​តែ​ជា​របៀប​វារៈមួយ​ដែលពិនិត្យ​មើល​ទៅ​លើ​ការងារ​កន្លង​មក ហើយ​ជា​ពិសេស​បើ​សិន​ជា​ថវិការ​ជាតិ​ដែល​មាន​កាលពី​កន្លង​មក​ ហើយ​បើតាម​ថវិការ​ជាតិ​ទៅ​ថ្នាក់​ក្រោម​ដូច​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មិន​មាន​ជំនឿ​រ​ថា​មាន​ប្រសិទ្ធភាព​ថា​បាន​យូរ​អង្វែងទេ»។ ​

អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច ​លោកបណ្ឌិត ចាន់ វិបុល លើក​ឡើង​​ថា​យន្ត​ការ​នេះ​គឺ​ធ្វើ​បាន​​ល្អទៅ​តាម​ទ្រឹស្តី តែ​សម្រាប់​ការ​អនុវត្ត​វិញ​​លោក​មើល​ឃើញ​ថា​នឹង​អាច​មាន​ការ​ប្រឈម​ច្រើន​។ លោក​លើក​ឡើង​​បែប​នេះដោយ​ថា ​អត្តចរិត​របស់​មន្ត្រី​ដែល​យល់​ថា​ខ្លួន​ជា​មេរបស់​ប្រជាពល​រដ្ឋ​ ហើយ​បទ​ពិសោធន៍​គណ​នេយ្យភាព​​​ពីមុន​​ៗ​គឺ​មិន​មានសូវ​ជា​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ បូក​រួម​ទាំត​ផ្នត់គំនិតរបស់​ប្រជា​ពល​រដ្ឋផង​នោះ។

លោក​ថា៖ «ខ្ញុំ​យល់​ថា​ទី​១គឺត្រូវ​ប្តូរពី​ប្រព័ន្ធពី​សមា​មាត្រ​ទៅ​ជា​ប្រព័ន្ធ​ឯក​ត្ត​នាម ទី២ គឺ​ការ​បណ្តុះ​បណ្តាល​ប្រជា​ពលរដ្ឋ​ឲ្យ​យល់​ច្បាស់​អំពី​យន្ត​ការ តួនាទី​របស់​ប្រជា​ពល​រដ្ឋ​ និងកាតព្វកិច្ច​របស់​រដ្ឋាភិបាល ដែល​បាន​សរសេរ​ក្នុងក្រប​ខណ្ឌ​មួយ​ដែល​គេ​ហៅ​ថា​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ពល​រដ្ឋ​វិទ្យា​ និង​ប្រជា​ធិបតេយ្យ ទី​៣ទៀត​គឺ​ត្រូវ​បង្កើត​យន្តការ​ថា​មិច​ដើម្បី​ជ្រើស​រើស​មន្ត្រី​រាជការ​ដែល​មា​ន​ចរិត​ស្រលាញ់​ពី​វិមជ្ឈការ និង​វិសហមជ្ឍការ​ហ្នឹង​បាន​គាត់​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ហ្នឹង​បាន!»​ ​។

បើ​តាមប្រធាន​លេខា​ធិការ​ដ្ឋាន គ.ជ.អ.ប ​លោក សក់ សេដ្ឋា​ បាន​ឲ្យ​ដឹង​ថា ការិយាល័យប្រជា​ពល​រដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះនឹង​ត្រូវរដ្ឋាភិបាល​រៀប​ចំ​​បង្កើត​នៅ​ទូទាំង​ប្រទេស ឲ្យ​បាន​មុន​ដំណាច់​​​ឆ្នាំ​​២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ