បុគ្គលិក​អប់រំ​៤​រូប​ដែល​ជា​មន្ត្រី​បក្ស​ប្រឆាំង​ត្រូវ​បាន​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ

ក្រសួង​អប់​រំ​បាន​សម្រេចលុប​ឈ្មោះ​​គ្រូបង្រៀន ៤នាក់នៅខេត្តសៀមរាបចេញពីក្របខ័ណ្ឌមន្រ្តីរាជការ ដោយលើកហេតុផលថា គ្រូបង្រៀនទាំងនោះ​ អវត្តមាន​ពី​ការ​ងារ​ដោយ​គ្មាន​ច្បាប់អនុញ្ញាត ខណៈក្រុ​មគ្រូបង្រៀនថា ការលុបឈ្មោះពួកគាត់នោះ ត្រូវ​បាន​ធ្វើឡើង​ក្រោមហេតុផលនយោបាយ។

ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី៣០ មករាដូចគ្នា រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ លោក ហង់ ជួនណារ៉ុន បាន​សម្រេចលុប​ឈ្មោះ លោក ច័ន្ទ សុភា លោក ហុង សុជា លោក មុត ផល្លា និងលោក ពៀត ម៉ាប់ ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ​នៅ​ក្រសួង​អប់រំ ដោយលើក ហេតុផលថា លោកអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។

លោក មុត ផល្លា ដែល​មាន​តួនាទី​ជា​គ្រូ​បង្រៀន លោក​បាន​សុំ​ច្បាប់​ត្រឹម​ត្រូវ និង​មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​​អប់រំខេត្ត​សៀមរាប​ផង​ដែរ។ លោកមានបន្ថែម​ថា ពួកគាត់​ត្រូវ​បាន​ក្រសួង​សម្រេច​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ​បែប​នេះ ដោយសារ​តែ​ពួកគាត់​ជា​សកម្មជន និង​ជា​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង។

លោកបន្ថែមថា៖ «ទី២ការធ្វើបែបនេះ ខ្ញុំយល់ឃើញថា វាមិនមែនជាចេតនាបែបរដ្ឋបាល ឬការងារបច្ចេកទេសទេ វាជាឆន្ទៈបែបនយោបាយច្រើនជាង ពីព្រោះ ខ្ញុំជាអ្នកនយោបាយនៅថ្នាក់មូលដ្ឋាន[អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ] ហើយខ្ញុំជាប្រធានប្រតិបត្តិខេត្តសៀមរាបផង និងសមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតផង។ ដូច្នេះហើយ ខ្ញុំគិតថា ការលុបឈ្មោះ​នេះរបៀបជាស្តង់ដារជារឿងនយោបាយច្រើនជាង»។

ជាបុគ្គលិកអប់រំបម្រើការងារនៅសាលាគរុកោសល្យខេត្តសៀមរាប និងជាអតីតអនុប្រធានគណៈកម្មការប្រតិបត្តិខេត្តនៃគណបក្សសង្គ្រោះជាតិ លោក ពៀត ម៉ាប់ និយាយថា ការលុបឈ្នោះពួកគាត់ទាំង ៤នាក់ចេញពីក្របខណ្ឌមន្រ្តីរាជការនេះ គឺជារឿងអយុត្តិធម៌ ដោយថា ពួកគាត់មិនបានធ្វើខុសពីលក្ខខន្តិកៈមន្រ្តីរាជការនោះទេ។

លោក ពៀត ម៉ាប់ ឲ្យដឹងថា ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយពីរបីថ្ងៃ មន្រ្តីគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តសៀមរាប​បានមកបញ្ចុះបញ្ចូលឲ្យពួកគាត់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ ពួកគាត់បដិសេធ ដោយថា មិនចង់ក្បត់ឆន្ទៈពលរដ្ឋ។

លោកបន្ថែមថា៖«អញ្ចឹង ពួកខ្ញុំសុំឲ្យក្រសួងអប់រំពិនិត្យមើលឡើងវិញអំពីសេចក្តីសម្រេចរបស់គាត់ហ្នឹង តើវាត្រឹមត្រូវតាមផ្លូវច្បាប់ គតិយុត្តិឬអត់? បើសិនមានការស្តីបន្ទោស និងមានការព្រមានផ្សេងៗហ្នឹងបានចូលដល់តំណាក់កាលលុប ព្រោះក្របខណ្ឌនេះ មិនមែន​ក្របខណ្ឌនយោបាយទេ គឺក្របខណ្ឌមន្រ្តីរាជការនៃប្រទេសនីមួយៗហ្នឹង ដែលកើតឡើងដោយសារការប្រឡង កើតឡើងដោយសារការខិតខំរៀនសូត្រ អត់មានកើតឡើងដោយសារការធ្វើនយោបាយទេ ខ្ញុំបញ្ជាក់អញ្ចឹង ហើយសូមអំពាវនាវទៅអង្គការនានាជួយអន្តរាគមន៍ឲ្យពួកខ្ញុំបាននៅក្របខណ្ឌដើមវិញ»។

ពេលដែលវីអូឌីសាក​សួរ​ជុំវិញបញ្ហា​នេះ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សាលីន បានប្រាប់ថា លោក​សុំពិនិត្យរឿងរ៉ាវនោះសិន មុនឆ្លើយតបជាមួយអ្នកសាព័ត៌មាន ហើយលោកក៏​បាន​បិទទូរស័ព្ទតែម្តង។

កាលពីថ្ងៃទី៣០មករានេះដែរ ក្រសួង​អប់​រំ​បាន​សម្រេចច្រាន​ចោលពាក្យ​សុំបម្រើ​ការងារ​ និង​​លុប​ឈ្មោះ​​ លោក ​រ៉ុង ឈុន អតីត​សមាជិក​មួយ​រូប គ.ជ.ប.​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ ដោយ​លើក​​ហេតុ​ផល​ថា ​លោក​អវត្តមាន​ពី​ការ​ងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ការ​សម្រេច​នេះ​ ត្រូវ​​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ បន្ទាប់ពី​លោក​លាលែង​ពី​សមាជិក គ.ជ​.ប.។

លោក រ៉ុង ឈុន ចាត់ទុក​ការ​បញ្ឈប់​រូបលោក​ពី​ក្រប​ខ័ណ្ឌ​​នេះ​ គឺ​ធ្វើឡើងក្រោម​ហេតុ​ផល​នយោបាយ​ច្រើន​ជាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ