HRW ហៅសេចក្ដីព្រាងកែរដ្ឋធម្មនុញ្ញនិងក្រមព្រហ្មទណ្ឌ ជាឧបករណ៍បង្ក្រាបថ្មីមួយទៀត

សមាជិកសភាចំនួន​១២៣សម្រេច​ជា​រួម​អនុម័តទៅលើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤​ (FB: National Assembly Of Cambodia)

អង្គការអន្ដរជាតិមួយ ហៅសេចក្ដីព្រាងកែប្រែ​ក្រមព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាល​កម្ពុជា​ថា ជាឧបករណ៍ថ្មីមួយទៀត ដើម្បីពង្រឹងអំណាច និងបំបិទសំឡេងប្រឆាំង ប៉ុន្ដែ រដ្ឋាភិបាល ឆ្លើយតបថា នេះជាការចោទប្រកាន់មិនត្រឹមត្រូវ។​

កាលពីថ្ងៃពុធម្សិលមិញ សមាជិកសភា ១២៣រូប បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យប្រាក់ពី ១០លាន ទៅ ៥០លានរៀល ប្រសិន​បើ​តុលាការរកឃើញថា មានទោសប្រមាថព្រះមហាក្សត្រ។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) រិះគន់ថា សេចក្ដីព្រាង​កែរដ្ឋធម្មនុញ្ញ​ត្រង់មាត្រា ៣៤ មាត្រា ៤២ និងមាត្រា ៥៣ នឹងធ្វើឲ្យប៉ះពាល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិបោះឆ្នោត ដែលច្បាប់នេះ តម្រូវឲ្យពលរដ្ឋគោរពរដ្ឋធម្មនុញ្ញ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។

អង្គការអន្ដរជាតិមួយនេះបន្ដថា សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អំណាចឲ្យរដ្ឋាភិបាល អាចចាត់វិធានការលើគណបក្សនយោបាយ ដែលខ្លួនគិតថា ធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍ជាតិ និងហាមពួកគេមិនឲ្យទទួលជំនួយពីបរទេស។

បន្ថែមលើសនេះ អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ យល់ថា ការធ្វើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ក៏ជាឧបករណ៍មួយទៀតដើម្បីបំបិទសំឡេងប្រឆាំង ដោយថា ច្បាប់នេះមិនគួរដាក់ទោសអ្នករិះគន់មន្ដ្រីសាធារណៈ និងស្ថាប័នរដ្ឋឡើយ។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Brad Adams និយាយក្នុងសេចក្ដីថ្លែងការណ៍​ថា ការធ្វើច្បាប់ទាំងនេះ ជាសញ្ញាបង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងពង្រឹងអំណាចរបស់លោក និងដឹកនាំប្រទេសតាមបែបផ្ដាច់ការ។

ក្នុងសេចក្ដីថ្លែងការណ៍ លោក Brad Adams មានប្រសាសន៍ថា៖ «ជាបណ្ដើរៗ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្កើតប្រព័ន្ធច្បាប់ និងនយោបាយ ដើម្បីធ្វើឲ្យរូបគាត់ក្លាយជាអ្នកកាន់​អំណាចតែម្នាក់ឯងនៅក្នុងប្រទេស ដោយមិនមានបក្សប្រឆាំង និងសំឡេង​រិះគន់។ វិសោធនកម្មទាំងអស់នេះ គឺជាសញ្ញាថ្មីៗ បង្ហាញអំពីការផ្លាស់ប្ដូរទៅរករបបផ្ដាច់ការ។ របាំងប្រជាធិបតេយ្យ ត្រូវបានបិទហើយ»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ច្រានចោល​ការ​ហៅ​បែប​នេះ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោយថា នេះជារឿងអយុត្តិធម៌សម្រាប់រដ្ឋាភិបាល ដែលកំពុងធ្វើច្បាប់ការពារអធិបតេយ្យភាព​ ផលប្រយោជន៍ជាតិ និងកិត្តិនាមព្រះមហាក្សត្រ។

លោកថា៖ «ការចោទប្រកាន់នេះ ជាការអយុត្តិធម៌ចំពោះកម្ពុជា ពីព្រោះយើងធ្វើច្បាប់នេះ ដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជា និងផលប្រយោជន៍ប្រជាជនកម្ពុជា ដូច្នេះហើយយើងគ្មានបំណងបំបិទសិទ្ធិសេរីភាពអ្នកណាទេ គ្រប់សកម្មភាពសរសេរ និយាយ ហើយសកម្មភាពផ្សេងៗ ដែលប៉ះពាល់ដល់ព្រះកិត្តិយសព្រះមហាក្សត្រ ចាត់ទុកជាការប្រមាថព្រះមហាក្សត្រ។ ខ្ញុំមិនដែលសម្ដេចនាយករដ្ឋមន្ដ្រីលោក ដែលប្រមាថព្រះមហាក្សត្រម្ដងណា ខ្ញុំមិនដែលឃើញឡើយ»។

អ្នកវិភាគនយោបាយជើងចាស់ លោក ឡៅ ម៉ុងហៃ យល់ស្របជាមួយនឹងអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​មួយ​នេះ ដោយថា រដ្ឋាភិបាលបច្ចុប្បន្ន គឺជារដ្ឋាភិបាលខុសច្បាប់ បន្ទាប់ពីបាត់បង់អតីតបក្សប្រឆាំងដ៏ធំ និងថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិពលរដ្ឋ។

លោកថា៖ «រដ្ឋសភានេះ អត់ស្របនឹងរដ្ឋធម្មនុញ្ញទេ ដូច្នេះ វិសោធនកម្មដែលធ្វើដោយរដ្ឋសភាអត់ស្របរដ្ឋធម្មនុញ្ញទេ។ របបនេះ អត់ដែលគិតពីរឿងច្បាប់ទម្លាប់ទេ កាលណាតែអត់ស្របរដ្ឋធម្មនុញ្ញហើយ អាហ្នឹងច្បាស់ជាប៉ះពាល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។

រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានស្នើធ្វើ​វិសោធនកម្ម​​បែប​នេះ បន្ទាប់​ពី​លោក​ ហ៊ុន សែន និង​មន្ត្រី​របស់​លោក បាន​ចោទ ​លោក លឺ ឡាយស្រេង ថា ​ប្រមាថ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​សំឡេង​សន្ទនាតាម​ទូរសព្ទ​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រូប​នេះ ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​​លោក​​ថ្លែង​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ