កម្មករជិត២ពាក់នាក់សម្រេចលក់សម្ភារក្រុមហ៊ុនដើម្បីទូទាត់សំណង

ក្រុម​កម្មករ-កម្មការនីបម្រើការងារនៅរោងចក្រ ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានថៅកែរត់ចោល​នោះ បាន​សម្រេចលក់សម្ភារៈរបស់ក្រុមហ៊ុនដើម្បីទូទាត់សំណង បន្ទាប់ពីពួកគេពុំ​ទទួល​បាន​ដំណោះស្រាយដែលល្អជាងនេះ។

ក្រុមកម្មករ-កម្មការនីប្រហែល ២ពាន់នាក់​នៃរោងចក្រទាំង៤ដែលមានថៅកែចិនតែមួយ បានផ្ទុះការតវ៉ាតាំងពីថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីពួកគេបានឃើញការដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រ និងបាត់វត្តមានអ្នកគ្រប់គ្រងក្រុមហ៊ុន។

កម្មការិនីបម្រើការងារនៅរោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាស់ស្រ្ទី អ្នកស្រី សេន សារីម ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្មករប្រមាណ៧៧៦នាក់ បម្រើការងារនៅរោងចក្រ អ៊ីហ្វា បានសម្រេចគ្នាផ្តិតមេដៃ​លក់សម្ភារៈក្រុមហ៊ុន ដើម្បីទូទាត់សំណង ក្រោយពីគ្មានដំណោះពីក្រសួងការងារ។

អ្នកស្រីបន្ថែមថា៖«ដូចជាអស់ជម្រើសអញ្ចឹងហាស! មន្រ្តីក្រសួងគាត់ចុះទៅដោះស្រាយមួយសារហើយ​មួយសារទៀត ដូចអត់មានលទ្ធផលអី។ ឥឡូវហ្នឹង កម្មករគាត់ផ្តិតមេដៃឲ្យសហជីពលក់សម្ភារៈឡៃឡុង។ ឥឡូវហ្នឹង កម្មករផ្តិតមេដៃរួចហើយ ប៉ុន្តែ វាមិនទាន់បានលក់ ក៏ប៉ុន្តែកម្មករថា ក្នុងលក្ខខណ្ឌពីរប្រភេទ ប្រសិនបើលក់ទៅអាចចែកលុយគ្នាបានរាងច្រើនគាត់លក់ បើបានលក់ទៅចែកគ្នាបានតិចគាត់អត់លក់ទេ គាត់ថា ប្តឹងតាមផ្លូវច្បាប់ទៅ»។

កម្មករម្នាក់ទៀតបម្រើការងារនៅរោងចក្រ យ៉ូដា ហ្គាមេន អ្នកស្រី ទិត ធឿន អះអាងថា កម្មករប្រមាណ ៨៦៩នាក់បម្រើការងារនៅរោងចក្រ យ៉ូដា នឹងឯកភាពគ្នាលក់សម្ភារៈក្រុមហ៊ុនដែលនៅសេសសល់ បើសិនបើលក់បានតម្លៃខ្ពស់អាចទូទាត់សំណងជូនកម្មករបានសមរម្យ។

អ្នកស្រីបន្ថែមថា៖«កម្មករសម្រេចគ្នាថា លក់ ប៉ុន្តែ ទាល់តែតម្លៃសមរម្យ យើងអាចទទួលយកបានទើបលក់។ បើថាតម្លៃទាបពេក កម្មករខ្លះព្រម ខ្លះទៀតអត់ព្រម ដោយថា បើអត់លក់ យើងដាក់សំណើរទៅក្រសួងឲ្យជួយដោះស្រាយទៀត។ ពួកយើងសុំអំពាវនាវឲ្យ​អាជ្ញាធរពាក់ព័ន្ធហ្នឹង ជួយដោះស្រាយឲ្យបានឆាប់ៗ កុំឲ្យ​កម្មករដេករង់ចាំដំណោះស្រាយមួយថ្ងៃហើយមួយថ្ងៃទៀត។ ឥឡូវហ្នឹង កម្មករជួបផលលំបាកច្រើនណាស់ ខ្វះថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃ គ្មានលុយឲ្យកូនទៅរៀន»។

អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលចុះដោះស្រាយផ្ទាល់ បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​សម្រប​សម្រួល​ឲ្យ​មាន​​ដំណោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​តាម​ផ្លូវ​ច្បាប់។

លោកបន្ថែមថា៖«ករណីថៅកែរត់ចោល ទ្រព្យសម្បត្តិដែលនៅសេសសល់ ជាទ្រព្យសម្បត្តិរបស់បងប្អូនកម្មករនិយោជិត គឺកម្មករនយោជិត គាត់អាចធ្វើពាក្យបណ្តឹងទៅតុលាការបានដើម្បីឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ តែបើគាត់មិនចង់ប្តឹងទេគាត់ធ្វើវិធីក្រៅ ប្រព័ន្ធតុលាការបាន នេះជាសិទ្ធិរបស់បងប្អូនកម្មករនយោជិក»។

សហជីពប្រចាំរោងចក្រ អ៊ីហ្វា និងរោងចក្របីផ្សេងទៀត បាន​វាយ​តម្លៃ​ថា សម្ភារៈ​ដែល​នៅ​សេស​សល់​នៅ​ក្នុង​រោងចក្រ​ទាំង ៤​នោះ មិន​អាច​លក់​យក​លុយ​សម្រាប់​ទូទាត់​សំណង​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​កម្មករ​នោះ​ទេ។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា កាលខែមុនអះអាងថា តាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាត្រូវតម្កល់ប្រាក់នៅធនាគារជាតិ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគ និងសម្រាប់បើកទូទាត់សំណងជូនកម្មករពេលក្រុមហ៊ុនរត់ចោល ឬបិទទ្វារ។ ប៉ុន្តែមន្រ្តីក្រសួងការងារអះអាងថា ខ្លួនមិនបានដឹងថា រាល់ក្រុមហ៊ុនដែលមករស់នៅស្រុកខ្មែរមានលុយតម្កល់ទុកនោះទេ។

កាលពីថ្ងៃទី៨ខែកុម្ភៈ ស្ត្រីម្នាក់បម្រើការងារផ្នែករដ្ឋបាលនៅរោងចក្រ យូដា ហ្គាមេន ថ្លែងប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រោងចក្រទាំង៤នោះមានកម្មករជិត២ពាន់នាក់។

ក្រុមកម្មករឲ្យដឹងថា ករណីថៅកែរត់ចោលនេះ គឺមិនបានបើកប្រាក់ខែក្រោយឲ្យពួកគេសម្រាប់ខែមករា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទេ និងថា កម្មករម្នាក់ៗបម្រើការងារនៅរោងចក្រទាំងនោះចន្លោះពី ៧ ទៅ ១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ