សង្គមស៊ីវិលថាអន្តរាគមន៍ពីរដ្ឋាភិបាលមានប្រសិទ្ធិភាពជាងនីតិវិធីច្បាប់

មន្ត្រីសង្គមស៊ីវិលសាទរទៅនឹងវិធានការដោះលែងតំណាងអ្នកមា​នជ​ម្លោះ​​​ដីធ្លីនៅខេ​ត្តកំព​ង់ស្ពឺឲ្យ​​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន តាមកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន តែពួកគេ​ហាក់​បង្ហាញកា​រខ​ក​​ចិ​ត្តថាកិ​​ច្ចអន្តរាគមន៍ផ្លូវច្បាប់ហាក់​មិនសូវមានប្រសិទ្ធិភាព។

កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១៦ស្ត្រីជាសកម្មជនដីធ្លីពីរនាក់គឺអ្នកស្រី យូ រ៉ន អាយុ៥១ឆ្នាំ និងអ្នកស្រី អ៊ិត រុំ រស់​នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅ​ពេល​ពួក​គេចូលខ្លួនមកបំភ្លឺនៅតុលាការនេះតា​ម​ដីកាកោះ។

ប៉ុន្តែ​​៥ថ្ងៃក្រោយមកគឺនៅយប់ថ្ងៃទី១៤ខែមីនាយប់មិញនេះស្ត្រីទាំងពីរនាក់នោះត្រូវបានតុលាការ​ខេ​ត្តកំ​ពង់​ស្ពឺដោះលែង​ទាំង​យប់​​ឲ្យ​នៅក្រៅឃុំបណ្តោះអាសន្នក្រោយពីមានកិច្ចអ​ន្តរាគមន៍ពី​លោកនា​យករ​ដ្ឋ​ម​ន្ត្រី​។

មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺលោក សំ ទិត្យសីហា បានស្វាគមន៍ទៅនឹ​ង​កា​​រដោះ​លែងនោះ។

ប៉ុន្តែលោកថាកន្លងទៅមេធាវី​ពីររូបរបស់អង្គការលោកបាន​ដាក់ពា​ក្យសុំតុលាការឲ្យស្ត្រីដែលរ​ងការ​ចោទ​​ប្រ​​​​កា​ន់​ទាំ​ងពីរ​នាក់នោះបាន​​នៅ​ក្រៅឃុំដែរតែលោកថាតុលាការច្រានចោល។

លោក សំ ទិត្យសីហា យល់ថាកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលហាក់មានប្រសិទ្ធិភាព​ជាងកិច្ចអន្ត​រាគ​មន៍​​​​​​​ផ្លូវ​​ច្បា​​ប់​​។ លោកថា៖ “ប្រធានតុលាការឬមួយព្រះរាជអាជ្ញាឬចៅក្រមមុននឹងគាត់ធ្វើ​ការឃុំខ្លួន​អ្នកតំណាងហ្នឹង គាត់គួរតែចុះទៅស្រាវជ្រាវឲ្យ​ច្បាស់ក្នុងករណីហ្នឹងសិនណាស់ដើម្បីឲ្យ​ថានរណា​ជាម្ចា​ស់ក​ម្ម​​សិ​ទ្ធិពិ​តប្រា​កដ​សិ​នចាំយើងធ្វើការ បើមិនអញ្ចឹងទេចង់ចាប់ៗ ចង់លែងៗដល់អញ្ចឹងពេល​ខ្លះខ្ញុំគិតថាវាមិនធ្វើ​ទៅតា​ម​ផ្លូវ​ច្បាប់”។

អ្នកភូមិអះអាងថាជម្លោះ​ដីធ្លី​នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែ​លឈា​នទៅដ​ល់កា​រចាប់​ខ្លួននោះបាន​អូសបន្លាយ​ជិត១០ឆ្នាំ​ហើយពោលគឺបានកើតឡើងចាប់ពី​ឆ្នាំ​២០០៧លើ​ទំហំ​ដី​ជាង​១០​០០​ហិកតាប៉ះពាល់ដ​ល់ពល​រដ្ឋ​​១៦​៥​គ្រួសារ​រស់នៅតំបន់នោះ។

អ្នកស្រី យូ រ៉ន ដែលតុលាការទើបដោះលែងក្រោយពីមានកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនោះឲ្យVO​D​​ដឹង​ថាកូន​លោកនាយករដ្ឋមន្ត្រីពីររូបបានចូល​ជួបពួកគាត់​ទាំងយប់នៅក្នុងពន្ធនាគារដោយ​គ្មា​នវត្ត​មាន​មេ​ធាវីក្នុងការធានា​ពួកគេឲ្យបាននៅក្រៅឃុំនេះ។

អ្នកស្រីនោះថា៖ “អត់​មាន​មេ​ធា​​វីផងមានតែកូនសម្តេច ហ៊ុន សែន ឯកឧត្តមតំណាងរាស្ត្រខេត្តកំពង់ស្ពឺហ្នឹងម្នាក់ ឯកឧត្តម ហ៊ុន មានី ហ្នឹង​និង ហ៊ុន ម៉ានិត សម្តចចុះផ្ទាល់ចូលដល់ពន្ធនាគារម៉ង”។

អ្នកស្រី យូ រ៉ន ឲ្យដឹងទៀតថាពួកគាត់បានសំណូមពរឲ្យកូនលោកនាយករដ្ឋមន្ត្រីនិងអាជ្ញាធរខេត្តជួយ​អ​ន្តរាគម​ន៍​ទប់​ស្កា​ត់​គ្រឿង​ចក្ររបស់ភាគីជម្លោះកុំឲ្យឈូសឆាយដីនោះដោយរងចាំរកដំណោះ​ស្រា​យជា​មុនសិន។

មន្ត្រីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺលោក អាន ភិន អះ​​អា​ង​​​ថាថ្វីត្បិត​តែកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រីនោះជំរុញឲ្យតុលាការដោះលែងស្ត្រីជា​សក​ម្មជន​ដីធ្លីទាំងពីរនាក់ចេញពីពន្ធនាគារទាំង​ម៉ោង១១យប់ខុសនីតិវិធី ហើយរូបភាពដោះលែងនោះហាក់បង្ហា​ញ​ថា​​​តុ​លា​ការបានរងសម្ពាធនយោបាយក៏ដោយតែ​លោកថាការមិនឃុំខ្លួនមនុស្សដែ​​លគ្មា​​នកំហុសលោ​​កថា​ជាការចង់ឃើញរបស់សង្គមស៊ីវិល។

លោកថា៖ “យើងគិតថារឿងទាំងអស់មិនមែនសុទ្ធតែលោកនាយករដ្ឋមន្ត្រីដឹងទាំងអស់ទេអត់ដឹងទេវាដោយសារ​តែមានការបន្លែបន្លំពីថ្នាក់ក្រោមអីចឹងណាស់ដល់ពេលគាត់ដឹងអញ្ចឹងទៅគាត់ប្រើ​កណ្តា​ប់ដៃ​ក៏ជា​រឿងល្អដែរថ្មីត្បិត​តែធ្វើខុសនីតិវិធី ប៉ុន្តែវាជាលទ្ធផលដែលយើងចង់បាន”។

មន្ត្រីសង្គមស៊ីវិលអះអាងថាការចាប់ឃុំខ្លួនស្ត្រីតំណាងអ្នកតវ៉ាដីធ្លីទាំងពីរនាក់នោះតុលាការចោទថាបានរំលោភលើដីកាការ​ពារ​ភាគីម្ខាងទៀតក្នុងជម្លោះដីធ្លីនៅឃុំតាំងសំរោង ខេត្តកំពង់ស្ពឺនោះ។

ពួកគេថាជម្លោះដីធ្លីនោះបានបង្កឡើងពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីយោធាម្នាក់នៅអង្គភាពកងរថក្រោះ(ACO)។ មកដល់ពេលនេះពួកគេថាមិនទាន់មានដំណោះស្រាយទេ។

ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តកំពង់ស្ពឺលោក តូង ពុទ្ធីរ៉ា ដែលកាត់សំនុំរឿងនេះបានការពារថាវិធាន​ការដោះលែងអ្នកមានជម្លោះដីធ្លីនោះថាជាវិធានការច្បាប់។ លោកថា៖ “ជាការងាររបស់តុលាការអធ្យាស្រ័យបងណា អត់អីទេ​ណា​បងខ្ញុំចង់បញ្ជាក់ថា[ការដោះលែងធ្វើ]ទៅតាមច្បាប់”។

ទោះជាយ៉ាងណាលោក សំ ទិត្យសីហា ជំរុញឲ្យនាយករដ្ឋមន្ត្រីគួរពិនិត្យមើលជម្លោះដីធ្លីច្រើនកន្លែងទៀតនៅ​តាម​បណ្តាខេត្តនានាដែលលោកថាមនុស្សខិលខូចមួយចំនួនកំពុងប្រើប្រាស់តុលាការគំរាមកំ​ហែងអ្ន​កតវ៉ាទាមទាររកយុត្តិធម៌។

លោកបន្តថា៖ “ជាទូទៅខ្ញុំឃើញពលរដ្ឋដែលរងគ្រោះរឿងដីធ្លីភាគច្រើនគាត់ត្រូវបានតុ​លាការចោទ​ប្រកាន់​ទាក់​ទងទៅនឹងបទហិង្សាដោយចេតនានិងមិនគោរពសេចក្តីសម្រេចរបស់តុលាការសឹងតែ​គ្រប់ករ​ណី។ ឥឡូវខ្ញុំឃើញព័ត៌មានចាប់៣នាក់ទៀតខេត្តក្រចេះ។ អញ្ចឹងខ្ញុំសុំឲ្យតុលាការធ្វើការស្រាវជ្រាវមុន​​​​គាត់នេះ[ចាត់​វិធានការ]ជាពិសេសទាក់ទិននឹងជម្លោះដីធ្លីពី​ព្រោះ​ដីធ្លីជាអាយុជីវិតរបស់ពួក​គាត់ណា​ស់ កា​​​លណាពួកគាត់អត់ដីធ្លីពួកគាត់​ចាត់ទុក​ថា​គ្មាន​អ្វីៗទាំងអស់ស​ម្រាប់ជីវិតរបស់គាត់”។

យ៉ាងណាក៏ដោយលោក ហ៊ុន សែន បានបង្ហាញការខកចិត្តពីវិធានការចាប់ឃុំខ្លួនអ្នកភូមិពីរនាក់នៅឃុំ​តាំង​សំរោងនេះនិង​បានការពារកិច្ចអន្តរាគមន៍សុំធានាអ្នកទាំងនោះឲ្យបាននៅក្រៅឃុំថាកិច្ចអន្ត​រាគមន៍​របស់លោកមិន​ជ្រៀត​ជ្រែក​ដល់អំណាចតុលាការទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ