វិភាគ៖ តើអ្នកប្រើប្រាស់បណ្តាញសង្គមជួយអ្វីខ្លះក្នុងការជំរុញឲ្យមានយុត្តិធម៌សង្គម?

នៅប៉ុន្មានឆ្នាំនេះគេសង្កេតឃើញទាំងយុវជន ទាំងមនុស្សវ័យចំណាស់ រួមទាំងអ្នកនយោបាយផងបានប្រើ​ប្រា​ស់​​ប​ណ្តាញ​សង្គមសម្រាប់ចែករំលែកព័ត៌មានពីទំនាក់ទំនងផ្ទាល់ខ្លួន ព្រឹត្តិការណ៏​​សង្គម និង​ការផ្ញើសារន​យោបា​យ។

ព័ត៌មាននៅលើបណ្តាញសង្គមនេះគេសង្កេតឃើញមានមតិចម្រុះគ្នាទាំងអ្នកគាំទ្ររដ្ឋា​ភិបា​លទាំងអ្ន​ក​គាំ​ទ្របក្សប្រឆាំង។

នៅពេលថ្មីៗនេះទៀតសោតពេលមានព័ត៌មានក្នុងស្រុកខ្លះផ្សព្វផ្សាយពីការបែកធ្លាយការសន្ទនាតាម​ទូ​រស​ព្ទជាលក្ខណៈ​ផ្ទាល់ខ្លួនថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា មានស្រីកំណាន់ចិត្ត។

អ្នកប្រើ​ប្រា​ស់​បណ្តា​ញ​ស​ង្គ​មខ្លះបាន​បង្ហោះរូ​បភាពលោក កឹម សុខា និងស្រីកំណាត់ចិត្តនោះចែក​ចាយតៗគ្នាលើ​ហេ្វ​​ស​ប៊ុក​រ​បស់ពួកគេ។ ចំណែកអ្នក​ខ្លះទៀតបានបង្ហាញរូបភាពថាលោក ហ៊ុន សែន ក៏ធ្លា​ប់​មា​នស្រីកំណាន់ចិត្តជាមួ​យ​អ្នក​សី្រ ពីសិដ្ឋ ពីលីកា។

​អ្ន​​ក​​​លេងហ្វេសប៊ុកខ្លះទៀតក៏បានរិះគន់ថាព្រឹត្តិការណ៍ទាំងនេះជាការបង្ហែស្ថានការណ៍មិនឲ្យ​សាធា​រណ​​ជនងាកទៅចាប់​អារម្មណ៍ពីបញ្ហាអាយុជីវិតជាតិដែលត្រូវដោះស្រាយដូច​ជាបញ្ហាព្រំដែន បទ​ល្មើស​ព្រៃ​​ឈើ ភាពអត់​ការងា​រធ្វើ ចំណាកស្រុកខុសច្បាប់ អន្តោប្រវេសន៍ អយុត្តិធម៌ស​ង្គមជា​ដើម។

តើបណ្តាញសង្គមមានឥទ្ធិពលអ្វីខ្លះទៅលើមេដឹកនាំកំពូល? ហើយអ្នកប្រើប្រា​ស់បណ្តាញ​សង្គ​មនេះបានជួយអ្វីខ្លះ ដល់ការជំរុញឲ្យមានយុត្តិធម៌សង្គម?

ប្រធានបច្ចេកវិទ្យាសារព័ត៌មាននិងសារទូគមនាគមន៍នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក ង៉ែត ម៉ូសេ លើកឡើងថាបណ្តាញសង្គមពិតជាបានជួយជំរុញឲ្យមានយុត្តិធម៌ក្នុងសង្គមនិងជួយ​បំពេ​ញចន្លោះប្រហោង​ដល់រដ្ឋាភិបាលភិបាលដោយលោកលើកឧទាហរណ៍ថា កន្លងទៅតាមរយៈរិះគន់របស់អ្ន​កប្រើប្រាស់បណ្តាញសង្គម លោកថាឲ្យរដ្ឋាភិបាលបានសម្រេ​ចចិត្តកែប្រែក្លោងទ្វា​រចូលទៅកម្មវិធី​អង្គរ​ស​ង្ក្រានដែលធ្វើឡើងនៅខេត្តសៀមរាប។

ការរិះ​គន់ពីការអនុវត្តច្បាប់មិនស្មើគ្នារវាងលោក សុខ ប៊ុន ដែលប្រើហិង្សាទៅលើកញ្ញា សាសា និង​ការ​​​​អនុវត្តច្បាប់ ទៅលើអតីតអភិបាលក្រុងបាវិតលោក​ ឈូក បណ្ឌិត ដែលបាញ់កម្មការីនី​៣​នាក់ឲ្យរងរបួស​​។ ​​ទីបំផុតលោកថា តាមរយៈនៃការប្រៀបធៀបនេះជនដៃដល់ទាំងពីរបានធ្វើឲ្យទណ្ឌិត ឈូក បណ្ឌិត ចេញមុ​ខទ​ទួល​ទោស​ចំពោះ​មុខច្បាប់នៅពេលនោះ ហើយស្រ្តីដែលរងរបួសទទួលបានយុត្តិធម៌តាម​សា​ល​ដីការបស់តុលាការ។

លោក ង៉ែត ម៉ូសេ ឲ្យដឹងទៀតថាពិសេសជាងនេះទៅទៀតនៅដើមឆ្នាំ២០១៦នេះបណ្តាញស​ង្គមបាន​រិះ​គន់ច្រើនពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោលថ្មីលោកថាពេលនោះលោកនាយករដ្ឋមន្ត្រីបានបង្ខំចិ​ត្តឆ្លើ​យ​​តបទៅនឹង​សំណូមពររបស់ពលរដ្ឋទាំងមិនទាន់ធ្វើវិសោធនកម្មច្បាប់។ លោកថាសកម្ម​ភាពនេះអាចប​ង្ហាញថាអ្នកប្រើប្រាស់​បណ្តាញសង្គមជួយជំរុញយុត្តិធម៌ក្នុងសង្គមផងនិងមាន​ឥទ្ធិព​លទៅ​​លើអ្ន​កន​​យោបាយផងដែរ។

លោកថា៖ “គណបក្សប្រជាជនមិនដែលចាប់អារម្មណ៍រឿងហ្វេសប៊ុកទេកាលពីមុនមកនោះ ហើយនា​យក​រដ្ឋមន្ត្រីក៏គាត់​ធ្លាប់ប្រកាសដែរថាគាត់មិនដែលមានហ្វេសប៊ុកអាខោន(account)អីទេទាំងពីកូ​នស្រីគា​ត់អីម៉ា​ចំនួន​ទៅ។​ ប៉ុន្តែនិន្នាការហ្នឹង វាកាន់តែច្រើនទៅៗនៅលើបណ្តាញសង្គមហ្នឹងប្រជាពល​រដ្ឋចាប់ផ្តើ​ម​អា​ហ្នឹងច្រើនទៅគឺពួកគាត់ផ្លាស់ប្តូរអាទម្លាប់ពួកគាត់។ មិនត្រឹមប៉ុណ្ណឹងទេប្រាប់មន្ត្រីរ​បស់គា​ត់ហ្នឹង​ឲ្យប្រើ​បណ្តា​ញសង្គមហ្នឹងនិងកម្មវិធីមួយចំនួនទៀតអញ្ចឹងយើងឃើញថា ការ​ផ្លាស់ប្តូរហ្នឹងគឺប្រជាពល​រដ្ឋចា​ប់​អ្នកនយោបាយឲ្យមកស្លាប់វិញ”។

នាយកវិ​ទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធ លើកឡើងថាអ្នក​​ប្រើ​ប្រាស់​បណ្តាញសង្គមបានជួយឲ្យដឹងព័ត៌មានពីសង្គមច្រើនជាងមុខខណៈដែលកាសែត វិទ្យុ និងទូ​រទ​ស្សន៍ខ្លះ​មិន​ហ៊ានផ្សាយព័ត៌មានទាំងនោះ។

លោកថា៖ “ខ្ញុំគិតថាវាអាចជួយនៅពេលចែករំលែកផ្សព្វផ្សាយទៅអាចធ្វើឲ្យអំពើអយុត្តិធម៌ហ្នឹងអាចកាត់​បន្ថ​យដែរ ឬអ្នកដែលបំរុងប្រព្រឹត្តិអំពើអយុត្តិធម៌ហ្នឹងគាត់រារែកដោយសារតែឥឡូវនេះដូចសុភា​សិតខ្មែរថាបើដំរីស្លា​ប់យើ​ងមិនអាច​យកចង្អេរទៅបាំងបានទេ។ អញ្ជឹងបណ្តាញផ្ស​ព្វផ្សា​យសង្គមនេះសុភាសិត​ខ្មែរអាចឆ្លុះបញ្ចាំងបានអ្វីដែលកើតឡើងក្នុង​សង្គមគឺយើងលែ​ងបិទ​បាំងបានទៀតហើយ”។

ប៉ុន្តែលោក ង៉ែត ម៉ូសេ ថាបើអ្នកប្រើប្រាស់បណ្តាញសង្គមនោះគ្មានជំហរច្បាស់លាស់គ្មានមនសិការជាតិ ផ្សាយព័ត៌មានមិនពិតគ្មានក្រមសីលធម៌លោកថាមិនបានជួយអ្វីដល់សង្គមទេ។

គេនៅចាំ​បានថាកាលពីចុងឆ្នាំ២០១៥បាតុករដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបានវាយដំអ្នកតំ​ណាងរា​ស្ត្រប​ក្សប្រឆាំង​ពីររូបឲ្យរងរបួសធ្ងន់ជាប់របងរដ្ឋសភា។

ក្រោ​យមកលោកនា​យករដ្ឋមន្ត្រីបានអំពា​វនាវ​ឲ្យ​ជន​​ដៃ​​​ដល់​ចេញមុខទទួលទោសចំពោះមុខច្បាប់នៅគ្រា​ដែល​បណ្តាញ​សង្គមបានបង្ហោះវីដេអូនិងរូប​ភាព​ជន​ដៃដ​ល់ដែលគេ​​ស្គាល់ថា​ជាអ្នកគាំទ្រគណបក្ស​ប្រជាជនកម្ពុជា។

ប៉ុន្តែជនដៃដល់ជាង១០នាក់ដែលបង្ហាញមុខនៅក្នុងវីដេអូលើបណ្តាញសង្គមនោះមានតែ៣នាក់​ប៉ុ​ណ្ណោះចេញ​សារភាព។

លោក មឿន ឈានណារិទ្ធ ឲ្យដឹងទៀតថាការដែលប្រមុខរាជរដ្ឋាភិបាលដកផ្លូវ​មួយចំនួនម​ក​គ្រ​ប់គ្រ​ងវិញនិង​ប្រកាស​ចាត់វិធានការប្រឆាំងអំពើពុករលួយមួយចំនួនទៀតនាពេលថ្មីនេះ លោកអា​ច​ជា​ឥទ្ធិ​ពលរបស់ក្រុមអ្នកប្រើប្រាស់សង្គម។

លោកថា៖ “នៅពេលដែលមានព័ត៌មានសង្គមថ្នាក់ដឹកនាំគាត់អាចទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ហើយ​គាត់អាចឆ្លើយតបបានដោយផ្ទាល់ហើយខ្ញុំជឿថារដ្ឋាភិបាលដែលគាត់សម្រេចចិត្តមិនឲ្យយកលុយ​បង់ពន្ធផ្លូ​វលេខ​៤ជាដើមហ្នឹងគឺដោយសាតែគាត់ឃើញថាមានតម្រូវការកាន់តែច្រើនឡើងតាមរយៈ​ប្រព័ន្ធផ្សព្វ​ផ្សាយតាម​បណ្តាញសង្គមនេះ”។  

កន្លងទៅថ្មីៗនេះតាមរយៈនៃការបង្ហោះរូបភាពរថយន្តដឹកទំនិញលើសទម្ងន់ឡើងស្ពានអ្នកលឿងមានកា​ររិះ​គ​ន់និ​ងត្អូ​ញត្អែរពីការពិបាកក្នុងការបំពេញបែបបទធ្វើស្លាកលេខនិងប័ណ្ណសម្គាល់យានយន្ត គេស​​ង្កេត​ឃើ​​ញ​លោកនាយករដ្ឋមន្ត្រី ប្រកាសតាមហ្វេសប៊ុករបស់លោកឲ្យសមត្ថកិច្ចតាមចាប់​ខ្លួនក្រុម​ហ៊ុ​​នដែ​ល​បាន​​​បង្កឲ្យខូចស្ពានអ្នកលឿនមកផ្តន្ទាទោស និងស្តីបន្ទោសក្រសួងសាធារណការថា ជាក្រ​សួងស្ពឹ​កស្រ​ពន់និងព្រមានរុះរើគណៈរដ្ឋមន្ត្រី។

អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាការប្តូរឥរិយាបទថ្មីៗរបស់មេ​ដឹក​នាំ​​បច្ចុប្បន្ននេះ លោកថាបណ្តាញសង្គមពិតជាអាចធ្វើឲ្យមេដឹកនាំមួយដែលមិនសូវទ​ទួលយ​កការ​រិះគន់ហើ​យ​ងាកមកធ្វើកំណែទម្រង់ឆ្លើយ​តបទៅនឹងសំណូមពរបស់ប្រជាពលរដ្ឋតាម​រយៈមា​នហ្វេកប៊ុ​ក​​ផ្ទាល់​ខ្លួន លោក​ថាពិតជារឿងចម្លែកមួយ​ដែលមិនអាចមើលរំលងពីឥទ្ធិពលនៃ​អ្នកចូលរួម​ប្រើប​ណ្តា​ញ​ស​ង្គ​ម។

លោកថា៖ “ពីដើមមកអ្នកដឹកនាំច្រើនគិតថាបណ្តាញហ្វេសប៊ុកសង្គមជាក្រុមប្រឆាំង​។ ប៉ុន្តែអ្វីដែល​យើ​ង​របស់​នាយករដ្ឋមន្ត្រីក្នុងសង្គមហ្វេសប៊ុកនឹងបង្ហាញឲ្យយើងឃើញថាសំឡេងហ្វេសប៊ុ​កទាំងឡាយបាន​ជ្រាបដល់ថ្នាក់ដឹកនាំហើ​យ ។ អញ្ចឹងហើយបានជាអ្នកដឹកនាំនូវមិនស្ងៀមត្រូវតែធ្វើការឆ្លើយតប​តាម​ហ្វេស​ប៊ុក។ ក្នុងកាលៈទេសៈ​ហ្នឹងវាជួយច្រើនណាស់សម្រាប់ឲ្យសំទ្បេងមហាជនអ្នកដែលមា​នបញ្ហា​ហ្នឹង​ត្រូវ​បា​នគេ​ដឹ​ងឮដោយអ្នកដឹកនាំប្រទេស​បាទ​ជារឿងសំខាន់”។

បើទោះបីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវបានគេមើលឃើញថាមានឥទ្ធិពលទៅលើអ្នកនយោបាយនិង​ជួ​យ​​ជំរុញ​យុត្តិធម៌​សង្គមក៏ដោយក៏គេប្រទះឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះត្រូវបានរដ្ឋាភិ​បាល​ចាប់​ដាក់ពន្ធនាគារដោយចោទថាអ្នក​ទាំងនោះជេរប្រមាថ។

ទោះជាយ៉ាងណាបច្ចុប្បន្ននេះទាំងមេដឹកនាំគណបក្សកាន់អំណាចនិង​មេដឹ​កនាំ​គណ​បក្ស​​​​ប្រឆាំងបា​ន​ប​ង្កើត​កម្មវិធី​ផ្សា​​យ​ផ្ទាល់តាមបណ្តាញសង្គមរាល់ពេលថ្នាក់​ដឹ​ក​នាំរបស់ពួកគេចុះសម្ពោ​ធ​ស​មិ​​ទ្ធ​ផល​នា​នាពិសេស​សកម្មភាពចុះសម្ពោធសមិទ្ធផលនានារបស់លោកនាយករដ្ឋមន្ត្រីនិងចុះធ្វើ​វេទិ​កាសា​ធារ​ណៈរបស់​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី នៅ​ថ្នាក់មូលដ្ឋាន។

ដែលការផ្សាយផ្ទាល់នោះត្រូវបានគេមើលឃើញថាមេដឹកនាំកំពូលទាំងពីរគណ​បក្សបក្ស​បាន​ផ្ញើសារន​យោ​​បា​​យទៅកាន់ ម្ចាស់ឆ្នោតក្នុងយុទ្ធនាការរកសំឡេងគាំទ្រសម្រាប់កាបោះឆ្នោ​តយក​តំណែង​ជានា​យករ​ដ្ឋមន្ត្រី។

យ៉ាងណាក៏ដោយទាំងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងអ្នកសិក្សាផ្នែកសារព័ត៌មានយល់ឃើញ​ប្រ​ហា​​ក់​ប្រហែកគ្នាថាអ្នក​ប្រើប្រាស់បណ្តាញសង្គមបានចូលរួមមួយផ្នែកធំក្នុងការជំរុញឲ្យ​មានអភិ​បា​លកិ​ច្ច​​​ល្អនិងប្រជាធិបតេយ្យទាំងនៅកម្ពុជាទាំង​នៅលើប្រទេសមួយចំនួនលើពិភពលោក។

ប៉ុន្តែពួកគេថាបើអ្នកនយោបាយកំពុងគ្រប់គ្រងអំណាចប្រើរូបភាពគំរាមកំហែងឬចាប់អ្នកបញ្ជេញមតិនៅលើបណ្តាញសង្គម ដាក់ពន្ធនាគារ ពួក​គេថាអ្នកន​យោ​​បាយនោះនឹងមិនបានជ័យជំនះដូចកា​ររំពឹងទុកក្នុងការឆ្ពោះទៅការពារតំណែង ជានាយករដ្ឋមន្ត្រីនៅ​ពេ​ល​បោះ​​ឆ្នោតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ