បក្សប្រឆាំងប្រកាសរក្សាភាពស្ងៀមស្ងាត់ រង់ចាំការបោះឆ្នោត

កិច្ចប្រជុំនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន(រូបភាពពីហ្វេសប៊ុក​គណបក្ស​សង្រ្គោះជាតិ)

គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចយកចំណុចចំនួន៤ក្នុងការពង្រឹង បក្សរបស់ ខ្លួនដោយផ្តោតសំខាន់លើការរក្សាភាពស្ងៀមស្ងាត់ មិនតបត រង់ចាំការបោះឆ្នោតឆ្នាំ២០១៧-២០១៨។

គណបក្សសង្រ្គោះជាតិបានរៀបចំកិច្ចប្រជុំពិសេសរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៦ នៅទី ក្រុង​ម៉ានីល ប្រទេសហ្វីលីពីន ដោយមានវត្តមានរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន និងអនុប្រធានលោក កឹម សុខា។

នៅសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ គណបក្សសង្រ្គោះជាតិបានបញ្ជាក់ថាកិច្ចប្រជុំនេះបានបញ្ចប់ដោយសម្រេចបានលទ្ធផលចំនួន៤ចំណុច។

ចំណុចទាំងនោះមានការពិភាក្សាពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា ដោយសម្រេចថា​គណបក្ស​សង្គ្រោះ​​ជាតិនឹងរក្សាការស្ងៀមស្ងាត់ដោយមិនឆ្លើយ មិនឆ្លង មិនឈ្លោះ ដោយឈរលើគោលការណ៍អហិង្សា ខ្មែរតែមួយ មិនគុំគួនសងសឹក មិនយកខ្មែរណាមួយជាសត្រូវ ហើយផ្តោតតែ​លើដំណើរឆ្ពោះ​ទៅរក​ការបោះ​ឆ្នោត​ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន នៅឆ្នាំ២០១៧-២០១៨។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថាកិច្ចប្រជុំនោះក៏បានសម្រេចគាំទ្រវប្បធម៌សន្ទនាដោយលើកកម្ពស់តាមរយៈការពង្រឹងនិងពង្រីកវប្បធម៌សន្ទនាឲ្យបានទូលំទូលាយដើម្បីដោះស្រាយបញ្ហារាល់សន្តិវិធីនិងគាំទ្រឲ្យមានវិធានផ្ទៃក្នុងសម្រាប់ក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិដើម្បីធានាប្រសិទ្ធភាពការងាររបស់អ្នកតំណាងរាស្រ្ត។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងមុនពេលដែលគណបក្សសង្រ្គោះជាតិគ្រោងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ