លោក សម រង្ស៊ី ថា​ការ​ផ្តន្ទាទោស​យុវជន​​បដិវត្តន៍ពណ៌​បង្ហាញ​”ភាព​សាហាវឃោរឃៅ”ពីបក្សកាន់អំណាច

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥

ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា​តុលា​ការ​មិន​គួរ​កាត់ទោស​យុវជន​ គង់ រ៉ៃយ៉ា ដែល​លើក​ឡើង​ពី​បដិវតន៍​ពណ៌នោះទេ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា​”ភាព​សាហាវ​ឃោរឃៅ​”របស់​គណបក្ស​កាន់អំណាច។​

លោក សម រង្ស៊ី បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោកថា​លោក​សោកស្ដាយយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានថាយុវជនឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសឲ្យ​ជាប់ពន្ធនាគាររយៈពេល១៨ខែ ។ លោក​ចាត់ទុកថា​នេះ​ជា”ភាព​អយុត្តិធម៌ជា​ទីបំផុត”។​

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា៖ “ខ្ញុំបានពន្យល់ហើយថាការប្រើពាក្យ“បដិវត្ដន៍ពណ៌” នេះមិនអាចចាត់ទុ​កជាការញុះញង់ឲ្យប្រើអំពើហិង្សាណាឡើយ គ្រាន់តែជាការលើកឡើងឲ្យមានការផ្លាស់ប្ដូរដោយសន្ដិ​វិធីតាមបែបបទប្រជាធិបតេយ្យតែប៉ុណ្ណោះ”។ លោក​បន្ថែម​ថា៖ “ការកាត់ទោសនិស្សិតឈ្មោះគង់ រ៉ៃយ៉ា នេះ ជាការបង្ហាញនូវភាពសាហាវឃោរឃៅពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលចង់បំភិតបំភ័យ គំរាម​កំហែងនិងគាបសង្កត់យុវជនខ្មែររាប់លាននាក់ ដែលស្រលាញ់សេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ ដូចនិស្សិត គង់ រ៉ៃយ៉ា ដែរ”។

វីអូឌី​មិន​ទាន់​អាច​ទាក់​ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ដើម្បីសុំការឆ្លើយ​តប​ភ្លាមៗ​បាន​នៅឡើយទេ។​

ក្រោយពី​តុលា​ការ​ប្រកាស​សាលក្រមដាក់ទោសនៅរសៀលថ្ងៃ​អង្គារនេះ យុវជនគង់ រ៉ៃយ៉ា បាន​ប្រាប់អ្នក​សារព័ត៌មានថា​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​ករណី​នេះ​។ លោក​បញ្ជាក់​ថា​​៖ “តុលាការខ្មែរតែ​ប៉ុណ្ណឹង”។

ឪពុក​របស់​យុវជន​ គង់ រ៉ៃយ៉ា គឺ លោក គាំង គង់ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​ប្រ​កាសសាលក្រម​នេះ​ថាការសម្រេចសេចក្តី​មក​លើរូប​កូន​ប្រុស​លោក​នេះមាន​សភាព​ធ្ងន់​​ធ្ងរ ដោយ​លោក​ថាធ្វី​ដែល​កូន​ប្រុសលោកបាន​សរសេរ​គ្រាន់តែ​ជា​ការ​សម្តែង​មតិប៉ុណ្ណោះ។ លោកបន្ថែម​ថា៖ “បាទការ​សម្រេចនេះ​មិន​យុត្តិធម៌ទេព្រោះថា​គ្រាន់​ថាការ​បញ្ចេញ​មតិ​ដាក់គុក​ដល់​១ឆ្នាំ​៦ខែគឺវា​ដូចជាធ្ងន់ធ្ងរពេក…ខ្ញុំ​សូម​ថា​ប្តឹងទៅ​ឧទ្ធរណ៍ដើម្បី​បន្ថូបន្ថយ(ទោស)ខ្លះ”។

លោក គាំង គង់ ក៏បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ប្រុស​របស់​លោក​ផង​ដែរ។

គួរ​បញ្ជាក់​ថា​យុវជន គង់ រ៉ៃ​យ៉ា ជានិស្សិត​នៃ​សាកលវិទ្យាល័យខេមរៈ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​​មាន​​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។​ នៅក្នុង​សវនាការកាល​ពីកន្លងទៅ  ​យុវជន គង់ រ៉ៃយ៉ា បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំ​ណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ