សហគមន៍ផ្លូវ​ដែកទាមទារឲ្យអាជ្ញាធរបញ្ជាក់ពីគម្រោងអភិវឌ្ឍន៍ដោយបារម្ភការបណ្តេញចេញ​

ពលរដ្ឋបារម្ភពីការបណ្តេញចេញបើព័ត៌មានពីគម្រោងអភិវឌ្ឍផ្លូវដែកថ្មីនៅតែបិទបាំង​

ប្រជាពលរដ្ឋចំនួន៦សហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុង​រាជធានីភ្នំពេញបានប្រមូល​ផ្តុំ​និងយកញត្តិដាក់​សាលា​​រាជធានីភ្នំពេញ​ ដោយថាទាមទារឲ្យមន្ត្រីស្ថាប័ននេះ ពន្យល់​​ឲ្យ​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវរថភ្លើងនៅតំបន់​នោះ ខណៈពួកគេព្រួយ​បារម្ភ​ពីការបណ្តេញ​ចេញដោយ​បង្ខំ​ដូច​សហគមន៍​ដទៃ។

សហគមន៍ទំាងនោះរួមមាន សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍រួមចិត្តតែមួយ សហគមន៍ភូមិ១៧ សហគមន៍ភូមិ១០៤ សហគមន៍ភូមិ១០៥ សហគមន៍ភូមិ២ ស្ថិតនៅខណ្ឌដូនពេញ និង​ខណ្ឌ​ទួល​គោក រាជធា​នីភ្នំពេញ។

ប្រជាសហគន៍ភូមិ១៧ លោក នូ សារិន បានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចូលដាក់ញត្តិ​​នៅសា​លា​រាជ​ធានីភ្នំពេញថា លោកមិនជំទាស់នឹងគម្រោង​អភិវឌ្ឍន៍​នៅតាម​បណ្តោយផ្លូវរថភ្លើងនោះទេ ប៉ុន្តែលោកបង្ហាញជាចម្ងល់​ថា មន្ត្រីថ្នាក់ក្រោមបានលើកឡើងខុសគ្នា និង​ផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថាលុបគម្រោងអភិវឌ្ឍន៍នៅតំបន់​នោះផង​ដែរ។ លោក​បញ្ជាក់ថា «បច្ចុប្បន្ននេះអភិបាលខ័ណ្ឌលោកមានប្រសាសន៍ផ្សេង១០ម៉ែត្រកន្លះ មក​ឯកឧត្តម​ ប៉ា សុជាតិវង្ស អភិបាលគណៈអភិបាលរាជធានីភ្នំពេញលោកចុះផ្ទាល់គាត់ថា​១៥ម៉ែត្រទៅ២០ម៉ែត្រ អញ្ចឹងសួរថា​បងប្អូនខ្ញុំមានការ​បារម្ភឬអត់ ព្រោះផ្លូវ​នេះសម្តេចគាត់បានលុប​គម្រោងចោលរួចហើយ​ តែអត់មានការលុប​គម្រោងបានប៉ុន្មានផង​មានការផ្ទុះ បងប្អូនខ្ញុំគំាទ្រគម្រោង​អភិវឌ្ឍន៍​​របស់រាជរដ្ឋាភិបាលមិនធ្វើឲ្យរំាងស្ទះទេ ប៉ុន្តែស្នើសុំឲ្យរាជរដ្ឋាភិបាលលោករកដំណោះស្រាយ​ណាមួយ​សមស្រប​ជាមួយបងប្អូនប្រជាពលរដ្ឋ​»។

ប្រជាសហគមន៍ម្នាក់​ទៀត​ អ្នកស្រី នី សន្តោស​ បានរៀប​រាប់ថា ប្រជាសហគមន៍រាប់រយគ្រួសារដែលកំពុង​ប្រឈមនឹងផលប៉ះពាល់​លើគម្រោងអភិវឌ្ឍន៍បណ្តោយផ្លូវរថភ្លើង។ អ្នកស្រីថា ពួកគេចង់​ឲ្យរដ្ឋាភិបាល​ធ្វើការអភិ​វឌ្ឍន៍នៅនិងកន្លែង ឬអ្នកដែលរងប៉ះពាល់អាចជម្លៀសពួកគេចេញ​ពីកន្លែងនោះ២ទៅ​៣គីឡូ​ម៉ែត្រពី​តំបន់អភិវឌ្ឍន៍នោះ ដោយថា កុំឲ្យប៉ះពាល់​ដល់​ជីវភាពគ្រួសារ​ពួកគេ​។

មន្ត្រីរដ្ឋបាលនៅសាលារាជធានីភ្នំពេញលោក កុសល បាន​អះអាងថា​ គាត់ទទួល​យក​ញត្តិពីប្រជាសហ​គមន៍ទំាងនោះដែលស្នើសុំជួបជជែកជាមួយអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស នៅថ្ងៃ២៨មីនា វេលាម៉ោង៩ព្រឹក ប៉ុន្តែលោកថា និងសំណើរនេះជម្រាបទៅ​ថ្នាក់លើ​និងជូន​ដំណឹង​ទៅ​ពួកគេ​នៅពេលក្រោយ។

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ យល់ថា បើមន្ត្រីរដ្ឋាភិបាលមិនធ្វើការដោះស្រាយបញ្ហានេះឲ្យមានតម្លភាព នឹងធ្វើឲ្យពលរដ្ឋរិះគន់លើការដឹកនាំរបស់រដ្ឋាភិបាលដូចកាលពីអតីតកាលផងដែរ។លោកនិយាយថា «បើសិនជាយើងធ្វើឲ្យគាត់មានភាពរញ៉េរញ៉ៃ ហើយប្រជាពលរដ្ឋនៅតែចេញតវ៉ា ប្រជាពលរដ្ឋគេអាចចេញចោទប្រកាន់ថាអាជ្ញាធរមិនមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា សុខមាលរបស់ប្រជាពលរដ្ឋ យើងគួរតែបញ្ចៀសបញ្ហាហ្នឹង យើងគួរតែធ្វើការអភិវឌ្ឍឲ្យមានការពេញចិត្តពេញថ្លើម ពីប្រជាពលរដ្ឋទៅ បានប្រជាពលរដ្ឋលោកមានការគំាទ្រ ឬក៏ស្រលាញ់រដ្ឋាភិបាល កុំឲ្យដូចអតីតកាល»។

កន្លងទៅការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញមានការបណ្ដេញពលរដ្ឋចេញពីលំនៅស្ថានមានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុកចាប ដោយបើកផ្លូវឲ្យក្រុមហ៊ុនចូលអភិវឌ្ឍ ហើយមកដល់ពេលនេះ​អ្នកខ្លះមិន​ទាន់បានសំ​ណងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ