វិភាគ៖ តើច្បាប់ស្តីពីគណបក្សនយោបាយអាចបិទសំឡេងអ្នករិះគន់ពីបញ្ហាព្រំដែនទេ?

រូបភាពតំណាងបង្គោលព្រំដែនកាលពីពេលកន្លងទៅ

បញ្ហាព្រំដែនត្រូវបានគេមើលឃើញថា ជាចំនុចរសើបរបស់រដ្ឋាភិបាល ហើយក៏ជាជម្រើសរបស់គ​ណប​​ក្ស​​​ន​យោ​​បាយផ្សេងទៀត យកបញ្ហានេះទៅលាតត្រដាងជាការទាក់ទាញប្រជាប្រិយភាពឈាន​ទៅ​ឈ្នះ​​កា​របោះឆ្នោតឡើង​​​កា​ន់អំណាចផងដែរ។

ប៉ុន្តែសម្រាប់អ្នកដែលអះអាងថា ជាអ្នកស្នេហាជាតិហ៊ានរិះគន់ចំនុចដ៏រសើបមួយនេះ ត្រូវតុលាការ​ចាប់​ដា​​ក់​គុក និងខ្លះទៀ​តត្រូវគេ​បាញ់សម្លាប់។

គេនៅចាំបានថា អំឡុងយុទ្ធនាការរកសំឡេងឆ្នោតឆ្នាំ២០១៣ បក្សប្រឆាំងបានរិះគន់បក្សកាន់អំណាចថា បានបណ្តែតបណ្តោយឲ្យមានលំអូបន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលមកកម្ពុជា និងថាការបោះ​បង្គោ​​​​​​ល​ព្រំ​ដែ​នជាមួយវៀតណាម ពួកគេថាបង្គោ​លព្រំដែន​មួយចំនួ​ន ត្រូវបា​នគេលួ​យរំកិលចូល​ក្នុងទឹ​កដី​ក​ម្ពុជា តាមរយៈសន្ធិសញ្ញាព្រំដែនថ្មីៗក្រោមការដឹកនាំរបស់រដ្ឋាភិបាល។

បើទោះបីជាគ្មានរបាយការណ៍ណាបញ្ជាក់ថា សំឡេងរិះគន់ពីលំហូអន្តោប្រវេសន៍​វៀតណា​ម​ខុ​​ស​​ច្បាប់និ​ង​​បញ្ហាព្រំដែននោះ អាចទាក់ទាញបេះដូងម្ចាស់ឆ្នោតបានកម្រិតណាក៏ដោយ ប៉ុន្តែគេ​អាច​វាស់​​​វែ​ងបាន​ខ្លះថា ការរិះគន់ពីបញ្ហាព្រំដែន អាចចាក់ចំបេះដូងម្ចាស់ឆ្នោត​មួយចំនួនដែលខ្វល់​ខ្វាយ​ពីប​ញ្ហាបូ​រណភា​ពទឹ​កដី។

ការអះអាងបែបនេះព្រោះមើលឃើញថា ក្រោយការបោះឆ្នោតបក្សប្រឆាំងបានដណ្តើមអាសនៈបា​ន៥៥ ក្នុងចំណោមអាសនៈសរុបក្នុងសភាមាន១២៣។ ចំណែកបក្ស​កាន់អំ​​ណា​​ចវិញ បានបាត់បង់​អស់២២​អា​ស​នៈ។

ត្រង់ចំនុចនេះទំនងជាយុទ្ធសាស្ត្រវាយបកវិញ ពីបក្សកាន់អំណាច ដើម្បីទប់ស្កាត់ ការបន្តធ្លាក់ចុះ​ប្រជា​ប្រិ​យភា​ពរបស់ខ្លួន ទើបគេសង្កេតឃើញក្រោយការបោះឆ្នោត តំ​ណា​ងរាស្ត្រ​បក្សប្រឆាំងពីររូប​មានលោក អ៊ុំ សំអាន និ​​ង​​​​លោក​ ​ហុង សុខហួរ ដែលនៅបន្តរិះគន់ពីបញ្ហាព្រំដែន ត្រូវបានតុលាការចាបប់ដាក់ពន្ធនាគាររហូត​ពេល​​នេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ដែលចុះសិស្សាពីបញ្ហាព្រំដែន ឈ្មោះថា «យុទ្ធកា​រ១​០​​០រា​ត្រី» នោះ ក៏ត្រូវឃាតកបាញ់ស​ម្លាប់នៅកណ្តា​លថ្ងៃក្នុង​រាជ​ធា​​នី​ភ្នំពេ​ញដែ​រ​។

មួយ​វិញទៀតអ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ ដែលធ្លាប់នាំ​និស្សិតចុះធ្វើ​កម្ម​​សិក្សានៅតំបន់ព្រំដែនកម្ពុជាវៀតណាមនោះ ក៏ត្រូវបានជាប់ពន្ធនាគារដូចគ្នា។

ជា​ងនេះទៀតគណបក្សកាន់អំណាចបាននុម័តច្បាប់គណបក្សនយោបាយដ៏ចម្រូងចម្រាសមួយ ក្រោ​ម​សំ​​ឡេ​ងរិះ​គន់​ពី​ស​ហ​គមន៍ជាតិនិងអន្តរជាតិ។

ច្បាប់​​នោះបានប្រគល់សិទ្ធិអំណាចឲ្យក្រសួងមហាផ្ទៃ​ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគ​ណបក្សនយោ​បាយ​បាន​​​​ណាមួយចោលបាន បើគណបក្សនោះបានរំលោភទៅលើមាត្រា៦ដែលចែងថា មិនត្រូវធ្វើឲ្យប៉ះពា​ល់ដល់​ស​ន្តិ​សុ​​ខនៃរដ្ឋ​និងមិនត្រូវធ្វើការញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិ។

តើការកែច្បាប់នេះអាចជាសម្ពាធថ្មីមួយទៀតបិទសំឡេងអ្នករិះគន់ពីបញ្ហាព្រំដែនទេ?

ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី លើកឡើងថា បើពិនិត្យទៅលើវិធានការ ចាប់ខ្លួនអ្ន​កកា​រពារ​សិ​ទ្ធិមនុស្សដាក់ពន្ធនាគារ ចាប់តំណាងរាស្ត្របក្សប្រឆាំងដែលរិះគន់បញ្ហាព្រំដែន រឹតបន្តឹងសេ​រីភាពបញ្ចេញមតិ កា​រ​ដា​​ក់​សម្ពាធទៅលើបក្សប្រឆាំងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកវិភាគថា ច្បាប់ថ្មីនេះ នឹងទប់​លែងឲ្យមា​ន​សំឡេ​ងរិះគន់ ពីអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាព្រំដែនទៀតហើយ។

លោកថា៖ «ខ្ញុំគិតថាបក្សប្រឆាំងគាត់មិនហ៊ានទេ កាលណាគាត់ហាននិយាយរឿងបញ្ហាសង្គម រឿងព្រំដែនអីហ្នឹង រិះគន់រដ្ឋាភិបាលខ្លាំងៗអីហ្នឹង អាចនឹងគេអនុវត្តច្បាប់ទាំងអស់ហ្នឹង ច្បាប់ដែលគេទើបបង្កើតហ្នឹង​ ហើយ​ស្របទៅ​នឹងបំណងដែលគេចង់បាន ព្រោះគណបក្សប្រជាជនគេចង់ ឲ្យបក្សប្រឆាំងហ្នឹងឈប់បង្ហាញទស្សនៈ ពីបញ្ញាសង្គម បញ្ហា​ព្រំ​ដែនអីហ្នឹង នឹងបំបិទមាត់បក្សប្រឆាំង អាហ្នឹងគេចង់បានអញ្ចឹង»។

លោក មួង សូនី វិភាគទៀតថា ការធ្វើច្បាប់បែបនេះ មិនបានជួយស្តារប្រជាប្រិយភាពបក្សកាន់អំណាចឡើងវិញ​បា​នទេ ដោយអះអាងថា បញ្ជាទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ហូរចូលកម្ពុជានិងបញ្ហាព្រំដែន លោកថាជាអា​យុជីវិ​តជាតិ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថាច្បាប់ថ្មីនេះ ចែងមិនច្បាស់លាស់ពីទោសទណ្ឌ និងថា​បាន​បើ​កឱកាសឲ្យភាគីម្ខាងដែលមានអំណាច អាចចោទប្រកាន់ទៅភាគីម្ខាងដែលទៀតបានគ្រប់ពេល តាមរយៈ​ពាក្យថា​ប៉ះពាល់ដល់សន្តិសុខរដ្ឋនិងញុះញង់ឲ្យបែកបាក់ជាតិនេះ ខណៈប្រព័ន្ធច្បាប់មិនបា​នផ្តល់ជំនឿ​ដល់​ព​ល​រដ្ឋគ្រប់និន្នាការនោះ។ លោកថាច្បាប់នោះមានចរិតបែប «ផ្តាច់ការ»។

ប៉ុន្តែ​លោក ឡៅ ម៉ុងហៃ វិភាគថា បញ្ហាអន្តោប្រទេសន៍និងបញ្ហាព្រំដែន លោកថាគណប​ក្សនយោបាយ​ដែលមាន​អា​ស​នៈក្នុងសភានៅតែជជែកគ្នាបាននៅក្នុងសភា បើគណ​បក្សម្ខា​​ងរកឃើញថាការបំពេ​ញតួនាទីរបស់រដ្ឋា​ភិបា​ល​នៅ​មានភាពខ្វះចន្លោះ។

លោកថា៖ «ម៉េចបានគេហៅថាសភា គេប្រជុំគេពិគ្រោះយោបល់គ្នា គេជជែកគ្នា គេពិគ្រោះយោបល់គ្មាន ហើយបើ​យើងគិតយកតែលេខ៦៨ឬក៏៥៥ដល់យូរៗទៅ ខ្លួនឯងលែងទៅជាមនុស្ស ទៅជាលេខអស់ទៅអញ្ចឹង»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ច្បាប់គណ​បក្សនយោបាយថ្មីដែ​លទើ​បអនុម័តនេះ លោកថា ជាសម្ពាធមួយទៀត ទប់ស្កា​ត់សំ​ឡេង​រិះ​គន់ និងធ្វើឲ្យអ្នកនយោបាយមួយចំនួន មានកា​រប្រុ​ង​ប្រយ័ត្នក្នុងការលេងល្បែងនេះជាមួយរដ្ឋាភិបាល ដោយថាខណៈប្រព័ន្ធតុលាការមិនទាន់ឯករាជ្យ។

ប៉ុន្តែលោក លោក ឯម សុវណ្ណារ៉ា វិភាគថា បញ្ហាព្រំដែន ជាបញ្ហាអាយុជីវិតជាតិ លោកថាគណបក្សនយោបាយ និងអ្នកតាមដានផ្សេងទៀត នៅតែលើកយកមកនិយាយបាន បើពួកគេមានឯកសារយោងគ្រប់គ្រាន់។

លោកថា៖ «ខ្ញុំគិតថាបញ្ហានេះជាបញ្ហាស្រួចស្រាល់ហើយជាបញ្ហាដែលអាចទាញប្រយោជន៍ សម្រាប់គណប​ក្សនយោ​បាយរៀងៗខ្លួន។ អ្នកណាដែលហ៊ានលើកនៅតែមានលទ្ធភាពលើកបាន ឲ្យតែគណបក្សនយោបា​យណាមួយគេហៅថា​ឥ​ស្សរជ​នន​យោបាយដែលមានសមត្ថភាព​យល់ជ្រៅជ្រះលើបញ្ហាព្រំដែនបញ្ហាសន្តិសុខជាតិហ្នឹ​ង នៅតែលើកបាន បញ្ហា​អន្តោ​ប្រ​វេសន៍នៅតែលើកបាន។​ មានចំនុចច្រើនណាស់ ដែលលើកបាន ដែលផ្លូវច្បាប់មិនអាច​ដាក់ទោសទ​ណ្ឌបាន ដោយសារយើងលើកសំអាងទៅលើផ្លូវច្បាប់»។

លោក ឯម សុវណ្ណារ៉ា បន្តថា៖ «គណបក្សប្រឆាំងអាចធ្វើទៅបានដោយសារអី ដោយសារ​តែភាព​អាថកំបាំងហ្នឹង ។ កាលណាមាន​ភាពលាក់បាំងពីភាពអាថ៌កំបាំងហ្នឹង អ្នកនយោបាយគេ​អាចឆ្លៀតឱកាស​បានហើ​​យ។​ ហើ​យយើងកុំបាច់ទៅគិត អ្នកនយោបាយឲ្យមានឱកាសគេធ្វើហើយបាទ»។

បើតាមអ្នកវិភាគ បើទោះបីពេលនេះរដ្ឋាភិបាលអាចប្រើស្ថាប័នជាតិដើម្បី​ធ្វើច្បាប់ទប់ស្កាត់សំឡេងរិះគន់ក៏ដោយ បើរដ្ឋាភិបាលមិនបង្ហាញតម្លាភាព មិនបើកទូលាយពី​ការលើកទឹ​កចិត្ត​ឲ្យ​ពលរដ្ឋគ្រប់រូបអាចធ្វើដំណើរទៅមើលខ្សែបន្ទាត់ព្រំដែន នៅគ្រប់ទីតាំងដែលពួកគេសង្ស័យបានទេ ពួក​គេថា​រដ្ឋាភិ​បា​លទំនងជាពិបាកទប់ស្កាត់ មិនឲ្យមានសំឡេងរិះគន់ពីបញ្ហាព្រំដែននេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ