លិខិតមិត្តអ្នកអាន៖ របៀប​ដែល​គណបក្ស​ប្រជាជន​នៅ​តែ​បន្ត​កាន់​អំណាច​​ (ភាគ២)

[…តពីភាគ១…]

លោក​ គល់​ បញ្ញា​ នៅ​ក្នុង​វេទិកា​ដដែល​បាន​លើក​ឡើង​ពី​ការ​បក​ស្រាយ​ច្រលំ​អំពីប្រព័ន្ធ​​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ដែល​ថា​ ការ​បោះ​ឆ្នោត​រើស​តំណាង​ គឺ​ជា​ការ​ប្រគល់​អំណាច​របស់​ប្រជាពលរដ្ឋ​ទាំង​ស្រុង​ទៅឱ្យ​តំណាង​​ ពោល​គឺ​ ពួក​គេ​អាច​ធ្វើ​អ្វី​តាម​ចិត្ត​ មិន​ត្រូវ​បាន​កម្រិត​ដោយ​ច្បាប់​ សម្រេច​ចិត្ត​ជំនួស​ប្រជាពលរដ្ឋ​គ្រប់​យ៉ាង​ ប្រជាពលរដ្ឋ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ពួក​គេ​ អំណាច​របស់​ពួក​គេ​គ្មាន​​ព្រំដែន​ក្នុង​រយៈ​ពេល​៥ឆ្នាំ​, ប្រជាពលរដ្ឋ​វិញ​មាន​អំណាចបន្តិច​បន្តួច​ ហើយ​មាន​​តែ​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ទៀត​ ដែល​ការ​បោះ​ឆ្នោត​ក្នុង​លក្ខខណ្ឌ​របៀប​នេះ​ មិន​ខុស​ពី​ការ​បោះ​ឆ្នោត​រើស​ជន​ផ្តាច់​ការ​នោះ​ទេ​​។ តាម​ពិត​ទៅ​ វា​មិន​មែន​ត្រឹម​តែ​ជា​ការ​បក​ស្រាយ​ច្រលំ​ទេ គឺ​អនុវត្ត​ច្រលំ​ផង​ដែរ​ នេះ​ក៏​បណ្តាល​មក​ពី​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​នៅ​កម្ពុជា ដែល​អ្នក​មាន​អំណាច​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​ធានា​ថា ​វា​នៅ​តែ​ក្មេង​ខ្ចី​បែប​នេះ​រហូត​ ដោយ​រារាំង​មិនឱ្យ​​មាន​ការ​បំពេញ​យន្តការ​ណាដែល​ប្រគល់អំណាច​​សម្រេច​ចិត្ត​ទៅ​ប្រជាជន​ផ្ទាល់​ ឬ​សមាជិក​បក្ស​។ ឧ. មិន​ចង់​អនុវត្ត​ប្រព័ន្ធ​ឯកត្តនាម​​ ឬមិន​ចង់ឱ្យ​​មាន​ការបោះ​ឆ្នោត​​រើស​មេ​ភូមិ​ផ្ទាល់ពី​ប្រជាជន​មូលដ្ឋាន​ ដោយ​នៅ​តែ​និយម​ប្រព័ន្ធ​ចាត់​តាំង​ពី​គណបក្ស ​ឬ​មេ​បក្ស​, មិន​ចង់​ឱ្យ​សភា​មាន​អំណាច ​ឬ​មិន​ចង់​ឱ្យ​បក្ស​ផ្សេង​មាន​ឥទ្ធិពល​ក្នុង​សភា​, ចង់ឱ្យ​​សមាភាព​តុលាការ​ជា​សមាជិក​បក្ស​នយោបាយ​ដើម្បី​កុំ​ឱ្យ​ស្ថាប័ន​នេះ​ឯករាជ្យ, មិន​ចង់ឱ្យ​​ស្ថាប័ន​បោះ​ឆ្នោត​ឯករាជ្យ​ ទាំង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​សមាជិកនយោបាយ​​ ឬ​ជ្រើស​តាំង​ដោយ​បក្ស​ ជា​ជាង​បុគ្គល​មិន​ជាប់​ទាក់​ទង​ឬ​លា​លែង​ពី​គណបក្ស​ទាំង​​ស្រុង​​​។​ ជា​រួម​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​មែន​ក្មេង​ខ្ចី​ ដោយ​សារ​តែ​វា​ទើប​តែ​កើត​ទេ​តែ​ដោយ​សារ​តែ​ប្រជាធិបតេយ្យជា​គ្រឿង​គំរាម​កំហែង​ដល់គ្រប់​​អ្នក​មាន​អំណាចដែល​ជា​អ្នក​សម្រេចចិត្ត​តែ​ឯងឬ​សម្រេច​ចិត្ត​ពី​លើ, ត្បិត​អនុវត្ត​ប្រជាធិបតេយ្យ​មានន័យ​ថា​បោះ​បង់​សិទ្ធិ​សម្រេច​ចិត្តម្នាក់​ឯង​ ផ្តល់​សិទ្ធិ​សម្រេចចិត្ត​ស្មើ​គ្នា​ឱ្យ​អ្នក​តូច​តាចខាង​ក្រោម​​ ដូច្នេះ​ហើយ​ ​គ្មាន​អ្នក​នយោបាយ​ណា​ដែល​មាន​អំណាច​សម្រេច​គ្រប់​យ៉ាងណា​ ​ល្ងង់​ចង់​បាន​ប្រជាធិបតេយ្យ​នោះ​ទេ​។ ទាញ​ពី​មូល​ហេតុ​នេះ​ហើយ​ ទើប​​ការ​អនុវត្ត​ប្រជាធិបតេយ្យ​កម្រ​មាន​ប្រសិទ្ធភាពណាស់​ក្នុង​ករណី​ទំនាស់​នយោបាយ​នោះដោះ​ស្រាយ​​​ចេញ​ពី​ការ​ចរចា​រវាង​អ្នក​នយោបាយ ​ឬ​អន្តរាគមន៍​អន្តរជាតិ​ ឬ​ពី​ខាង​ក្រៅ​ មិន​មែន​ពី​ខាង​ក្រោម​ ឬ​ប្រជាជន​ផ្ទាល់​។ ឧ. កម្ពុជា​ជាក់​ស្តែង​អនុវត្ត​ប្រជាធិបតេយ្យនិង​មាន​ការ​បោះ​ឆ្នោត​៥អាណត្តិ​ទៅ​ហើយ​​ ក្រោយបញ្ចប់​សង្គ្រាម​ស៊ីវិល​​ សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស (ចរចា​រវាង​ពួក​វរជន​​) ក្រោម​អន្តរាគមន៍​ពីអន្តរជាតិជ្រោម​ជ្រែង​ពី​ការ​អង្គការ​សហប្រជាតិ​ លទ្ធផល​ចុង​ក្រោយ​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​​អនុវត្ត​ប្រជាធិបតេយ្យ​បែប​ផ្តាច់​ការ​​​​​​​​​ ផ្ទុយ​ទៅ​វិញ​ ទុយនេស៊ី​ មាន​កម្រិត​ប្រជាធិបតេយ្យ​ល្អ​ប្រសើរ​ជាង​កម្ពុជា​ ទោះ​បី​អនុវត្ត​ក្រោយ​កម្ពុជា​ ដោយ​សារ​តែ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​បប​នយោបាយ​ផ្តាច់​ការ​របស់​លោក​ប្រធានាធិបតី​ បេន​ អាលី​ នៅ​ឆ្នាំ​២០១១ តាម​រយៈ​វិធី​ពី​ក្រោម​ទៅ​លើ​ ដែល​ស៊ី​គ្នា​នឹង​ប្រជាធិបតេយ្យ​ ពោល​គឺ​ ចលនា​ប្រជាជនអហិង្សា​​។​​​ ដូច​ការ​លើក​ឡើង​របស់​លោក​ មាស​ នី​ នៅ​ក្នុង​បទសម្ភាស​អាស៊ី​សេរី​ចលនា​ប្រជាធិបតេយ្យ​បាន​កើត​ឡើងនៅ​កម្ពុជា​​តាំង​ពី​មុន​មក​ម្ល៉េះ​ នៅ​សម័យ​សង្គមរាស្ត្រដែល​ដំបូង​មាន​ទំនាក់​ទំនង​ល្អ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ អាមេរិក​​ ក្រោយ​មក​ទោរ​ទៅ​រក​ប្រទេស​ចិន​កុម្មនិស្ត​ បញ្ញវន្ត​ជា​ច្រើន​បាន​រៀន​សូត្រ​ពី​លទ្ធិប្រជាធិបតេយ្យ ក្រោម​ចំហាយ​ឥទ្ធិពល​ពី​ប្រទេស​បារាំង​និង​​អាមេរិក​ មាន​ការ​បង្កើត​គណបក្សប្រជាធិបតេយ្យ​តាំង​ពី​ចុង​សម័យ​បារាំង​ តែ​ក្រោយ​មក សម្តេចតា, ​ស្ថិត​នៅ​ក្នុ​ង​ស្ថាន​ភាពរង​ការ​គំរាម​កំហែង​ពី​ចលនា​ប្រជាធិបតេយ្យ​ ​ប្រហាក់​ប្រហែល​នឹង​សម្តេច​ ហ៊ុន​ សែន ប្រឈម​នឹង​បដិវត្តន៍​ពណ៌ ឬ​ចលនាអំណាច​​ប្រជាជន​ទាម​ទារ​​លទ្ធិ​ប្រជាធិបតេយ្យ​បច្ចុប្បន្នដែរ​​,​ បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ស្កាត់​ចលនា​នេះ​ រហូត​ដល់​រំលាយ​​គណបក្ស​ប្រជាធិបតេយ្យ​ចោល​ទាំង​ស្រុង​ (ប្រធាន​គណបក្ស​នេះ​គឺ​លោក អៀវ​ កើស​ ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​គ្រាប់​បែក​បោះ​ចូល​ក្នុង​រដ្ឋ​សភា, មាន​អំពើ​ហិង្សា​ឃាតកម្មជា​ច្រើន​​រវាង​អ្នក​នយោបាយ​ខ្មែរ​នឹង​ខ្មែរ​នៅ​សម័យ​ចុង​អាណានិគមដែលកាល​ណោះ​​ខ្មែរ​ជិត​ឯករាជ្យ ​និង​ដើម​សម័យ​សង្គមរាស្ត្រ​និយម, ជំទាស់​នឹង​មតិ​សន្មត​ដែល​ថា​ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ជាតិ​សាសន៍​ដូច​គ្នា​មិន​កាប់​សម្លាប់​គ្នា​​) តែ​ទី​បំផុត​របបសង្គមរាស្ត្រនិយម​នៅ​តែ​ដួល​ ជំនួស​ដោយ​របប​សាធារណរដ្ឋ​ចម្លង​ពី​អាមេរិក​មក ហើយ​ព្រះ​អង្គ​នៅ​តែ​បន្ត​ប្រជែង​អំណាច​ដោយ​ជួយ​ពួក​ខ្មែរ​ក្រហមកុម្មុយនិស្ត​​ ក្នុង​ការ​កៀង​គរ​អ្នកគាំទ្រ​​ឱ្យ​ចូល​ព្រៃ​វាយ​ផ្តួល​រំលំ​របប​សាធារណរដ្ឋជូន​ព្រះ​អង្គ​​​​ដដែល​។

មែន​ទែន​ទៅ​ ទាំង​អ្នក​​ដឹក​នាំ ​និង​ប្រជាជនជា​ច្រើន​មិន​សូវ​​យល់​ដឹង​ពី​របៀប​​ដែល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដើរ​ដូច​គ្នា​ ពោល​គឺ​ ប្រជាជន​គិត​ថា ​ប្រជាធិបតេយ្យ​គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​, អ្នក​ត្រូវ​បាន​ប្រជាជន​បោះ​ឆ្នោតឱ្យក៏​​​គិត​ថា ​ខ្លួន​ឯង​មាន​អំណាច​លើស​លុប​លើ​ប្រជាជន​ និង​អនុវត្ត​អំណាច​នេះ​ ទៅ​តាម​គំនិត​នេះ​​របស់​ពួក​គេ​ ហើយ​ទោះ​ក្នុង​ករណី​ដែល​ពួក​គេ​យល់​ពី​យន្តការ​ប្រជាធិបតេយ្យ​ក៏​ដោយ​ ក៏​មិន​សំខាន់​ដែរ​ ព្រោះ​ពួក​គេ​ធ្វើ​អ្វី​ដែល​បម្រើ​ប្រយោជន៍​នយោបាយ​ពួក​គេ​ ដូច​ជា​ប្រមូល​ផ្តុំ​អំណាច មិន​មែន​ដើម្បី​ត្រឹម​ត្រូវ​តាម​គោល​ដៅ​ប្រជាធិបតេយ្យ​នោះ​ទេ​​។ សង្គម​ស៊ីវិល ​និង​គណបក្ស​នយោបាយ​ចំណាយ​ពេល​យ៉ាង​ច្រើន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ ​និង​ចូល​រួម​បោះ​ឆ្នោត ដោយ​មិន​បាន​បង្រៀន​អ្វី​​ច្រើន​ពី​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នោះ​ទេ​ ដែល​នេះ​​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ពួក​គេនៅ​តែ​បន្ត​​យល់​ថា​ សិទ្ធិ​អំណាច​របស់​ពួក​គេ​គ្មាន​អ្វី​លើស​ពី​​ការ​​បោះ​ឆ្នោតនោះ​ឡើយ​ អ្នក​ដែល​ស៊ុប​នឹងមតិ​​សន្មតនេះ​មែន​ទែន ​មើល​ស្រាល​អ្នក​មិន​ទៅ ​ឬ​មិន​បាន​ទៅ​បោះ​ឆ្នោត​ថា​មិន​យល់តម្លៃ​នៃ​​សិទ្ធិ​ខ្លួន​ឯង ទោះ​បី​ភស្តុតាងជាក់​ស្តែង​​ បោះ​ឆ្នោត​៥ដង​ហើយ​ (សេរី​ឬ​មិន​សេរី​ដូចតែ​គ្នា ស្ថាប័ន​បោះ​ឆ្នោត​ឯករាជ្យ​ឬ​អត់​, ឧ. នៅ​សម័យ​អ៊ុនតាក់​ឯករាជ្យ​​) គ្មាន​ឥទ្ធិពល​លើ​ការ​កម្រិត​អំណាច​រដ្ឋ​ដដែល​។ ​ជា​លទ្ធផលចេញ​ពី​ឃោសនា​របស់​គណបក្ស​និង​សង្គម​ស៊ីវិល​​ ប្រជាពលរដ្ឋ​យល់​ថា​ ប្រជាធិបតេយ្យ​គ្រាន់​តែ​ការ​បោះ​ឆ្នោត​, បញ្ហា​គ្រប់​យ៉ាង​អាច​ដោះ​ស្រាយ​បាន​តែ​តាម​រយៈ​ការ​បោះ​ឆ្នោត​និង​ពឹង​អ្នក​នយោបាយ​ ហើយ​នៅ​ពេល​ការ​បោះ​ឆ្នោត​គ្មាន​ប្រសិទ្ធភាព​ទៅ​លើការ​កម្រិត​អំណាច​គណបក្ស​បក្ស​ជាប់និង​​ឈ្នះឆ្នោត​ ​មិន​អាច​ទប់​ស្កាត់​​ឥទ្ធិពល​គណបក្សឈ្នះ​ឆ្នោត​​ទៅ​​លើ​ស្ថាប័ន​កំពូល​ តុលាការ​និង​សភា​ ​ឬក៏នៅ​ពេល​​​ការ​បោះ​ឆ្នោត​មាន​​ភាព​មិន​ប្រក្រតី,​ ពួក​គេ​ក៏​ទាល់​តម្រិះ​ មិន​ដឹង​ធ្វើ​អ្វី​ក្រៅ​ពី​បាតុកម្មតែ​ម្តង​​ ហើយ​ដល់​ក្រោយ​បាតុកម្ម​បរាជ័យ​ទៀត​ ពួក​គេ​ក៏​បែរ​ទៅ​រក​វិធី​ចាស់​ដដែល​ គឺ​បោះ​ឆ្នោត​; ផ្ទុយ​ទៅ​វិញ​ អ្នក​វិភាគ​ឯករាជ្យ​​បាន​ត្រឹម​តែ​អធិប្បាយ​ដដែលៗ​ថា​ បាតុកម្ម​មិន​មែន​ជា​ដំណោះ​ស្រាយ​ និយាយ​ហាក់​ដូច​ជា​ការ​បោះ​ឆ្នោត​និង​ការ​ចរចា​រវាង​អ្នក​នយោបាយ​ ធ្លាប់​បាន​ដោះ​ស្រាយ​បញ្ជា​ច្រើន​ណាស់​មក​ហើយ​អ៊ីចឹង​ ទោះ​បី​រាល់​ការបោះ​ឆ្នោតតាំង​ពី​គណបក្ស​ប្រជាជន​ឡើង​កាន់​អំណាច​មក​តែង​មាន​ភាព​មិន​ប្រក្រតីតិច​ឬ​ច្រើន,​​ ហើយ​ការ​ចរចា​នយោបាយ​ បក្ស​មាន​អំណាច​ជាង​តែង​​ទទួល​បាន​ផល​ប្រយោជន៍ច្រើន​​បំផុត​ពី​ការ​ចរចា​, ទោះ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ច្រើន​ចេញ​ជា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញធ្វើ​​ឱ្យច្បាប់​នេះ​បាត់​បង់លក្ខណៈ​ប្រជាធិបតេយ្យ​ ហើយ​គណបក្ស​ប្រជាជន​តែង​តែ​យក​ប្រៀប​បាន​លើ​គណបក្ស​ផ្សេង​ ក៏​អ្នក​វិភាគ​​នៅ​តែអធិប្បាយដដែលៗ​ថា​​ មាន​តែការ​​ចរចានយោបាយប៉ុណ្ណោះ​​ទើបអាច​​​ដោះ​ស្រាយ​បញ្ហា​បាន​។​

យ៉ាង​ណាក៏​ដោយ​​ អំណាច​ប្រមូល​ផ្តុំ​​លើ​គណបក្ស​និង​ប្រធាន​គណបក្ស​នេះ​ ចម្បង​បំផុត​មិន​មែន​មក​ពីឈ្នះ​ឆ្នោត​និង​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ​​ ដូច​លោក​ គល់​ បញ្ញា​ លើក​ឡើង​ទាំង​ស្រុងដែរ​​ ​គឺ​ថា​ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​​​​មាន​ឥទ្ធិពល​លើ​សភា​និង​តុលាការ​ មិន​មែន​មក​ពី​ឈ្នះ​ឆ្នោត​ទេ​ ត្បិត​ធ្លាប់​ចាញ់​ឆ្នោត​ដែរ​ គឺ​ពួក​គេ​មាន​ឥទ្ធិពល​ខ្លាំង​បែប​នេះ​រួច​ហើយ​ តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ មក​ម្ល៉េះ, ការ​បោះ​ឆ្នោតគ្រាន់​តែ​​ជួយ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​អំណាច​ប្រមូល​ផ្តុំ​របស់​ពួក​គេ​ប៉ុណ្ណោះ​​។ អំណាច​ប្រមូល​ផ្តុំ​នេះ ​ជា​លទ្ធផល​ចេញពី​​ចលនា​ប្រដាប់​អាវុធ​ផ្តួល​រំលំ​រដ្ឋាភិបាល​ខ្មែរ​ក្រហមនិង​ប្រព័ន្ធ​ដឹក​នាំ​បែប​កុម្មុយនិស្ត​​ ក្រោម​ការ​គាំទ្រ​របស់​វៀតណាម​ ​បង្កើត​ជា​​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​​ ដឹក​នាំបែប​​ឯកបក្សតាំង​ពី​ពេល​នោះ​មក​ ហេតុ​នេះ​ហើយ​ទើប​​រចនាសម្ពន្ធ​អំណាច​នេះ ​មិន​បាន​ផ្លាស់​ប្តូរ​ឡើយ​ ទោះ​មានរដ្ឋ​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​និង​​ការ​បោះ​ឆ្នោតឆ្នាំ​១៩៩៣ (គណបក្ស​ប្រជាជន​ចាញ់​ ឬ​ឈ្នះ​ក៏​អំណាច​នៅ​តែ​ប្រមូល​ផ្តុំ​ ពី​​លើ​ចុះ​ក្រោម​)​​។ យើង​ទទួល​ស្គាល់​ថា​ ការ​ឈ្នះ​​ឆ្នោត​ចូល​រួម​ចំណែក​ក្នុង​ការ​អនុញ្ញាត​ឱ្យ​បក្ស​ឈ្នះ​ឆ្នោត​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​ទៅ​ពង្រីក​ពង្រឹង​ប្រមូលផ្តុំ​អំណាច​ និង​ទាក់​ទាញ​ប្រជា្រប្រិយ​ភាព​តាម​រយៈ​បណ្តាញ​បក្ស​ពួក​និយម​ឬ​បរិបាល​កិច្ច​ (Patronage) ​គឺផ្តល់​​សេវាកម្ម​រដ្ឋនិង​ការ​អភិវឌ្ឍជូន​តែតំបន់​ណា​ដែល​ពោរ​ពេញ​ដោយ​​ពលរដ្ឋ​ដែល​បោះ​ឆ្នោតឱ្យ​គណបក្សខ្លួន​ និង​បណ្តោយ​ឱ្យ​រស់​តាម​យថាកម្ម​ចំពោះ​តំបន់ណា​​ដែល​ពោរ​ពេញ​ដោយ​ពលរដ្ឋ​បោះឆ្នោត​​ឱ្យ​បក្ស​ផ្សេង​​។ ទោះ​បី​អ៊ីចឹង​មែន​ក៏​ដោយ​ ក៏​គណបក្ស​ប្រជាជន​ក្តោប​ក្តាប់​អំណាច​ទាំង​ស្រុង​មិន​មែន​មក​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣និង​៩៨ នោះ​ទេ​ ពិតមែន​តែ​បក្ស​នេះ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ​ ឈ្នះ​ទាំង​ពលរដ្ឋ​ជា​ច្រើន​មិន​បាន​បោះ​ឆ្នោត​ឱ្យ​ក៏​ដោយ​(​គេ​​ដឹង​មិន​បាន​បោះ​ឆ្នោត​ឱ្យ​ តាម​រយៈ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​តវ៉ា​លទ្ធផល​ឆ្នោត​នៅ​ឆ្នាំ​៩៨) តែ​ការ​ពិត​គណបក្ស​ប្រជាជនទំនង​ក្តាប់​អំណាចទាំង​ស្រុង​បាន​​ ដោយ​សារ​ធ្វើ​រដ្ឋប្រហារ​មុនការ​​បោះ​ឆ្នោតប៉ុណ្ណោះ​​ ពួក​គេ​បាន​ត្រួត​​ត្រា​ស្ថាប័ន​រដ្ឋ​បាន​ទាំង​ស្រុង​ រួម​ទាំង​ស្ថាប័ន​បោះ​ឆ្នោត​ ពោល​គឺ​ដូច​មុន​ឆ្នាំ​៩៣ ដែរ​ គឺ​ប្រមូល​ផ្តុំ​អំណាច​តាម​រយៈ​ប្រើ​កម្លាំង​ទ័ព​ដដែល​។

កត្តា​មួយ​ទៀត​ដែល​នាំ​ទៅ​រក​ការ​ប្រមូល​ផ្តុំ​អំណាច​របស់​បក្ស​ឈ្នះ​ឆ្នោត​គឺថា​ ​គណបក្ស​ឈ្នះ​ឆ្នោត​អនុម័ត​ច្បាប់​និង​វិសោធនកម្ម​ច្បាប់​ រាប់​ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​​ ដើម្បី​ប្រមូល​ផ្តុំ​អំណាច​ ពោល​គឺ​វិសោធនម្ម​មាត្រា​​ណា​នៃ​រដ្ឋធម្មនុញ្ញ ដែល​កម្រិត​អំណាច​រដ្ឋាភិបាល ឬ​បក្ស​ឈ្នះ​ឆ្នោត​​, កែ​មាត្រាឬ​អនុម័ត​ច្បាប់​ ​មិន​ឱ្យ​មាន​ការ​បែង​ចែក​​អំណាច​​សភានិង​តុលាការដាច់​ពី​រដ្ឋាភិបាល​​​, ​មិន​គោរព​មាត្រា​ដែល​ធានា​​អព្យាក្រឹត្យ​ស្ថាប័ន​យោធា​ ស្ថាប័ន​ព្រះ​មហាក្សត្រ​ និង​តុលាការ​ ហើយ​និងមាត្រាណា​​​ផ្តល់​អំណាច​ដល់​ប្រជាជន​ ដូច​ជា​ អំពី​សមាជជាតិមួយ​ឆ្នាំម្តង​​ ត្រូវ​បាន​បំភ្លេច​ចោល​ហាក់​ដូច​គ្មាន​ក្នុង​រដ្ឋធម្មនុញ្ញ​តែ​ម្តង​, មិន​គោរព​មាត្រា​ណា​ដែល​រារាំង​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​សមាជិក​បក្ស​ប្រឆាំង​ ដូច​ជា​ មាត្រា​អំពី​អភ័យឯក​សិទ្ធិសមាជិក​សភា​…បាន​សេចក្តី​ថា​ មិន​មែន​ឈ្នះ​ឆ្នោត​ ហុច​ទៅ​រក​លទ្ធផលត្រួត​ត្រា​សភា​និង​តុលាការ​ដោយ​ស្វ័យ​ប្រវត្តិ​ទេ​ បក្ស​កាន់​អំណាច​បាន​ព្យាយាមតាម​វិធី​ជា​ច្រើន​ដើម្បី​សម្រេច​គោល​ដៅ​នេះ​ ដោយ​​ចែ​ចង់ ទិញ​ដោយឱ្យ​​លាភ​សក្ការៈ​និង​ផ្តល់​តំណែង​ជា​ថ្នូរ​នឹង​​​គណបក្ស​ដទៃ,​ ឧ. ហ្វ៊ុនស៊ិនប៉ិចនិងគណ​បក្ស​ប្រជាជនចរចា​បង្កើត​កិច្ច​ព្រម​ព្រៀងនៅ​ឆ្នាំ​២០០៤​ចេញ​ជា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ បោះ​ឆ្នោត​ជា​កញ្ចប់ដោយ​លើក​ដៃ​ក្នុង​​ពេល​តែ​មួយ ជ្រើស​តាំង​រចនាសម្ពន្ធ​រដ្ឋ​សភា​និងរដ្ឋាភិបាល​ ដែល​មាត្រា​ចាស់តម្រូវ​ឱ្យ​បោះ​ឆ្នោត​ពីរ​ដង​ផ្សេង​គ្នា ជា​លទ្ធផល​ ធ្វើ​ឱ្យ​គ្មាន​ការ​បែង​ចែង​អំណាច​ដាច់​ដោយ​ឡែក​រវាង​សភា​និង​រដ្ឋាភិបាល​ ហើយ​ការ​បោះ​ឆ្នោត​ដោយ​លើក​ដៃ​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​​ការ​សម្រេច​ចិត្ត​ដោយ​សម្ងាត់​ឯករាជ្យ​ពី​ភ្នែក​បក្ស​ ធ្វើ​ឱ្យ​តំណាង​រាស្ត្រ​បាត់បង់​សេរី​ភាព​សម្រេច​ចិត្តតែ​ម្តង​ ត្បិត​បក្ស​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ដល់​អ្នកណា​ដែល​​មិន​លើក​​ដៃ, ការ​បោះ​ឆ្នោត​ដោយ​លើក​ដៃក្នុង​សភា​បង្កើតបាន​​ជា​សម្ពាធក្រុម​​​​ ដែល​ដាក់​បន្ទុក​ឱ្យ​សមាជិក​លើក​ដៃតាម​ក្រុម​​ ទោះ​​ចង់​ឬ​មិន​ចង់​​។​ វិសោធនកម្ម​នេះ​បង្ក​សេចក្តី​ទោមនស្សដល់​មជ្ឈដ្ឋាន​​ជា​ច្រើន​ រួម​មាន​សម្តេច​តា​ (ដាក់​រាជ្យ​ក្រោយ​មក​), គណបក្ស​ សម​ រង្ស៊ី​, សង្គម​ស៊ីវិល​, អ្នក​វិភាគ​ឯករាជ្យ​ សូម្បី​មនុស្សក្នុង​គណបក្ស​ប្រជាជន​​ពោល​គឺ​ លោក​ ជា​ ស៊ីម​ ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ប្រទេស​ថៃ​ ក្រោម​លេស​មើល​ជំងឺ​​ ដោយ​សារមិន​ព្រម​ចុះ​ហត្ថលេខា​យល់​ព្រម។ ​​​​គួរ​បញ្ជាក់​ឱ្យ​ច្បាស់​ត្រង់​ករណី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៦ គណបក្ស​ សម ​រង្ស៊ី​ មិន​អាច​រាប់​ថា ​បក្ស​កាន់​អំណាចចែ​ចង់​ឱ្យ​ជួយ​កែ​រដ្ឋធម្មនុញ្ញទេ​ ព្រោះប្រធាន​បក្ស​នេះ​ បាន​ស្នើ​វិសោធនកម្ម​រដ្ឋមនុញ្ញដោយ​ខ្លួន​ឯង មិន​មែន​បក្ស​កាន់​អំណាច​ចែ​ចង់​ឱ្យ​កែឡើយ​ គឺ​កែ​មាត្រា​ដែល​នាំ​ឱ្យ​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣​ ពោល​គឺត្រូវ​ការ​សំឡេង​ពីរ​ភាគ​បី​ដើម្បី​​រដ្ឋាភិបាល ដែល​បក្ស​ឈ្នះ​ឆ្នោត​មិន​ងាយ​រក​សំឡេង​បាន​គ្រប់ឡើយ​ ត្រូវ​ការ​សំឡេង​បង្គ្រប់​ពី​បក្ស​ជាប់​ឆ្នោត​ដទៃ​ទៀត​ ប៉ុន្តែ​ក្រោយ​កែ​មក​៥០​បូក​១ ឬ​ភាគ​ច្រើន​ដាច់​ខាត​ធ្វើ​ឱ្យ​បក្ស​ឈ្នះ​ឆ្នោត​ងាយ​រក​សំឡេង​បាន​គ្រប់ លែង​ត្រូវ​ការ​សំឡេង​ពី​បក្ស​ជាប់​ដទៃ​ អំណាច​ក៏​ផ្តុំ​លើ​បក្ស​ឈ្នះឆ្នោត​​រឹត​តាំង​​ខ្លាំង​​។​​

គណបក្ស​ប្រជាជន​បាន​ចំណាយ​រយៈ​ពេល​កាន់​អំណាច​លើស​ពី​៣០ឆ្នាំ​របស់​ខ្លួន ​ក្នុង​ការ​ពង្រឹង​ពង្រីក​អំណាច​ដោយ​មិន​ធ្វើ​ឱ្យ​ស្ថាប័នរដ្ឋ​ឯករាជ្យ​ពី​បក្ស​នយោបាយ​, ស្ថាប័ន​រដ្ឋ​ក្លាយ​ជា​ស្ថាប័ន​បក្ស​ ដោយ​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ការ​បម្រើ​ស្ថាប័ន​រដ្ឋ​ត្រូវ​តែ​ចូល​ជា​​សមាជិក​គណបក្ស​កាន់​អំណាច​, ឧ. អ្នក​ចូល​បម្រើ​ការ​ងារ​ជា​ព្រះ​រាជអាជ្ញា​ កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋ​និង​មន្ត្រី​រាជ​ការ ត្រូវ​តែ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច​។​ ម្យ៉ាង​​ទៀត​ គឺ​ការ​​បង្កើត​ទំនាក់​ទំនង​បម្រើ​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​អ្នក​ជំនួញ​ធំៗ​នៅ​កម្ពុជា​​ ដោយ​​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​និង​ធន​ធាន​បាន​មក​ពី​ទំនាក់​ទំនង​នឹង​អ្នក​មាន​ធំៗ​នេះ​ទៅ​បម្រើ​គោលដៅ​ប្រមូល​ផ្តុំ​អំណាច​។ លោក​ អៀ សុផល​ អ្នក​និពន្ធ​សៀវភៅ​ «Aid Dependence in Cambodia» ចាត់​ទុក​​របៀប​គ្រប់​គ្រង​ប្រទេស​របស់​​លោក​នាយករដ្ឋមន្ត្រី​​ ថា​ដូចជា​របៀប​គ្រប់​គ្រង​ជំនួញ​គ្រួសារ ដោយ​សារកា​រៀប​ចំ​​រចនាសម្ពន្ធ​ដឹក​នាំ​រដ្ឋ​ តាម​រយៈ​​​​ខ្សែ​ស្រឡាយ​​សាច់​ញាតិ​គ្រួសារ​របស់ក្រុម​​អ្នក​មាន​អំណាច និង​អាពាហ៍ពិពាហ៍​រវាង​កូន​ចៅ​ខ្សែ​ស្រឡាយ​ឥស្សរជន​​​។ កាន់​តែ​ច្បាស់​ទៅ​ទៀត អង្គ​ការ​​ Global Witness បាន​ចេញ​របាយ​ការណ៍មាន​ចំណង​ជើង​ថា​​ «Hostile Takeover» ​បាន​បរិយាយ​ពី​របៀប​ដែល​គ្រួសារ​ត្រកូល​ហ៊ុន ​ប្រើ​ប្រាស់​អំណាច​នយោបាយ​ធ្វើ​ជា​ចន្ទល់​ក្នុង​ការ​ធ្វើ​ជំនួញ​ បង្ហាញ​ថា​ទស្សនៈ​របស់​លោក​ សុផល​ គឺ​ត្រឹម​ត្រូវ​។

ទាញ​ត្រលប់​មក​វិញ​ នេះ​ក៏​មាន​ន័យ​ថា​ ការ​បោះ​ឆ្នោត​ដែល​មាន​សក្តានុពល​ ផ្លាស់​ប្តូរ​បក្ស​កាន់​អំណាចយូរ​​ដែល​មាន​អំណាច​លើ​​ស្ថាប័ន​រដ្ឋស្ទើរ​ទាំង​ស្រុង គឺ​​​ស្មើ​នឹង​ការ​ផ្លាស់​ប្តូរ​របប​ មិន​មែន​ផ្លាស់​ប្តូរត្រឹម​​គណ​បក្ស​នយោបាយនោះ​ទេ​​។ អាស្រ័យ​លើ​លក្ខខណ្ឌមិនប្រាកដ​មួយ​ចំនួន​​ដែល​ថា​ គណបក្ស​ឈ្នះ​ឆ្នោត​ថ្មី​អាច​ឡើង​កាន់​អំណាច​បាននិង​ប្រាកដ​ជា​បាន​អំណាច​​ បន្ទាប់​មក​បក្ស​កាន់​អំណាច​ឡើង​មក​ថ្មី​នេះ​ ធ្វើ​កំណែ​ទម្រង់​​រចនាសម្ពន្ធ​អំណាច​ផ្តុំ​សម្រេច​ចិត្ត​លើ​បុគ្គល​ម្នាក់​ (នាយករដ្ឋមន្រ្តី​ឬ​ប្រធានបក្ស​ឈ្នះ​ឆ្នោត​) ឬ​កែ​​បំបែក​មក​សមាជិក​ថ្នាក់​ក្រោម​ មាន​ន័យ​ថា​ មិន​មែន​រាល់​ការ​ផ្លាស់​ប្តូរ​របប​ចេះ​តែ​ទទួល​បាន​លទ្ធផល​ផ្សេង​រហូត​ទេ​ ពេល​ខ្លះ​ចេញ​ពី​របប​ផ្តាច់​ការ​មួយ​ទៅ​របប​ផ្តាច់​ការ​មួយ​ថ្មី​ទៀត​​ គេ​មិន​គួរ​គិត​ងាយ​ៗ​ថា​ រាល់​គណបក្ស​ដែល​ឡើង​មក​ថ្មី​ តែង​តែ​ដឹក​នាំ​និង​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​ឱ្យ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ឬ​ធ្វើ​ឱ្យ​ដាច់​ដោយ​ឡែក​ពី​គណបក្ស​នយោបាយ​​នោះ​ទេ​។

លោក​ កែម​ ឡី​ បាន​​ប្រាប់​សារព័ត៌មាន​ CBN ថា​ «ក្នុង​ពិភព​លោក​ [ជា​] បទ​ពិសោធ​ ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​គឺ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​ប្រសិន​បើ​​បោះ​ឆ្នោត​ចាញ់​ហើយ​ មិន​ព្រម​ទទួល​ខ្លួន​ថា​ចាញ់​ម្តង​ហើយ​​ម្តង​ទៀត​ វា​ចៀស​មិន​ផុតពី​ការ​ផ្លាស់​ប្តូរមួយ​ប្រកប​​ដោយការ​បង្ហួរ​ឈាម​ឬ​ក៏​​ហិង្សា​ទេ​ ​ជា​បទពិសោធ​​ ដូច​ជា​នៅ​ប្រទេសម៉ូរ៉ូកូ, នៅ​ប្រទេស​លីប៊ី, ​នៅ​ប្រទេស​ស៊ីរី, នៅ​ប្រទេស​យេមែន នៅប្រទេស​ផ្សេងៗ​ទៀត​​ដែល​យើង​ចួប​ប្រទះ​កន្លង​មក​​។» លោក​មើល​ឃើញ​ពី​លទ្ធភាព​ដែល​បក្ស​កាន់​អំណាច​មិន​ព្រម​ទទួល​យក​លទ្ធផល​ឆ្នោត​ ដូច​បាន​កើត​ឡើង​រួច​ហើយ​នៅ​ឆ្នាំ​១៩៩៣។ ការ​ចរចា​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​៩៣ បក្ស​ប្រជាជន​ទោះ​ចាញ់​ឆ្នោត​ ទាម​ទារ​ចែក​អំណាច​ស្មើ​នឹង​បក្ស​ឈ្នះ​ឆ្នោត​ ហើយ​ការ​អនុវត្ត​ជាក់​ស្តែង​ បក្ស​នេះ​មាន​អំណាច​និង​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ​ស្ទើរ​ទាំង​ស្រុង​។ មិន​មែន​គ្មាន​ច្រក​ចេញ​ទេ​ មាន​វិធី​​ផ្លាស់​ប្តូរ​ក្រៅ​ពី​ការ​បោះ​ឆ្នោត​និង​ការ​ចរចាផ្ទេរ​អំណាច​​រវាង​អ្នក​នយោបាយ​ ​ដែល​គេ​ស្គាល់​ថា​ជា​ការ​ផ្លាស់​ប្តូរ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ ផ្ទុយ​ពី​ចលនា​ប្រដាប់​អាវុធ​និង​រដ្ឋ​ប្រហារ​ ដែល​ពោរ​ពេញ​ដោយ​ការ​បង្ហូរ​​ឈាម​ពោល​គឺ​​ចលនា​ប្រជាជនអហិង្សា​ ដែលអាច​ផ្លាស់​ប្តូរ​អំណាចដោយ​​​គ្មាន​ការ​បង្ហូរ​ឈាម​ យ៉ាង​ហោច​ណាស់​ ក៏​មាន​តែ​ខាង​ប្រជាជន​ប៉ុណ្ណោះរងគ្រោះ​ ឯ​ខាង​រដ្ឋ​អំណាច​​រង​គ្រោះក្នុង​កម្រិត​តិច​ជាង​​ ព្រោះ​តាក់​ទិច​អហិង្សា​មាន​សក្តានុពល​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​អំពើ​ហិង្សា​ពី​ភាគី​ម្ខាងទៀត និង​បន្ថយ​ចរិត​ហិង្សា​នៃ​របប​ដែល​កើត​ចេញ​ពី​ចលនា​នេះផង​ដែរ​។ ​គេ​មើល​ឃើញ​ពី​ចំណុច​នេះ ​នៅ​ពេល​ដែល​អ្នក​តវ៉ា​ប្រើ​ហិង្សា​តប​ត​ កម្រិត​ហិង្សា​ពី​ភាគី​ម្ខាង​ទៀត​នឹង​កើន​ឡើង​ ហើយ​អត្រា​រង​គ្រោះ​ក្នុង​ចលនា​ប្រជាជន​ខ្លួន​ឯង​នឹង​កើន​ឡើង​ ពោល​គឺ​មិន​ប្រើ​តាក់​ទិច​ហិង្សា​មិន​មែន​មក​ពី​សណ្តោស​ប្រណី​នឹង​ភាគី​រដ្ឋ​អំណាច​ទេ​ គឺ​ដើម្បី​បន្ថយ​លទ្ធភាព​រង​គ្រោះ​នៅ​ក្នុង​ចលនា​ខ្លួនឯង​។​ អ្នកវិភាគ​ឯករាជ្យ​ស្ទើរ​ទាំង​អស់​ រួម​មាន​ កែម​ ឡី​ និង​ អ៊ូ វីរៈ​ មើល​មិន​ឃើញជម្រើស​នេះ​ទេ​ ព្រោះ​ពួក​គេគ្មាន​ជំនាញ​ខាង​​ចលនា​ប្រជាជន​នេះ​ ហើយ​ច្រើន​វាយ​​តម្លៃ​ខុស​ថា​ចលនា​ប្រជាជន​ ​​​នាំ​មក​សង្គ្រាម​ស៊ីវិល​។ គណបក្ស​កាន់​អំណាច​មើល​ឃើញ​ពី​លទ្ធភាព​នេះ​ ពួក​គេ​ភ័យ​​ខ្លាច​​ចលនា​បដិវត្តន៍​ពណ៌​នេះ​មែន​ទែន​​ ព្រោះ​វា​ជា​​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​បំបែក​អំណាច​ប្រមូល​ផ្តុំ​ ប៉ុន្តែ​លោក​ អ៊ូ វីរៈ​ យល់​ថា​ រដ្ឋាភិបាល​មិន​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ដល់​ម្ល៉េះទៅ​វិញ​។ លោក​នាយករដ្ឋមន្ត្រី​ដឹងខ្លួន​​ថា​ លោក​​ដឹក​នាំ​តាម​របៀប​ផ្តាច់​ការ​ ដឹង​ថា ​បដិវត្តន៍​ពណ៌​កើត​ឡើង​តែ​នៅ​ប្រទេស​កាន់​របប​ផ្តាច់​ការ​ប៉ុណ្ណោះ​ ដូច្នេះ​លោក​ព្រួយ​បារម្ភ គឺ​ជា​ការ​​​ត្រឹម​ត្រូវ​​ ស្រប​ពេល​ភស្តុតាងជា​ច្រើន​បង្ហាញ​ថា​ តាក់​ទិច​ប្រើ​ប្រាស់​ក្នុង​បដិវត្តន៍​ពណ៌​ពិត​ជា​អាច​​ផ្តួល​រំលំ​​រដ្ឋាភិបាល​ផ្តាច់​ការ​និង​កុម្មុយនិស្ត​ជា​ច្រើន​កន្លង​មកមែន ពិសេស​អាច​និយាយ​បាន​ថា​ ជា​តាក់ទិច​បំបែក​អំណាច​ប្រមូល​ផ្តុំ​ដ៏​មាន​ប្រសិទ្ធភាព​​​៕

ដោយ​ ទេព​ រ៉ានិត​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ