មន្រ្តីបក្សប្រឆាំងថាការចំណាយថវិកាលើការសាងសង់ផ្លូវថ្នល់មិនមានតម្លាភាពនិងគុណភាព

លោក សុន ឆ័យ កាលពីពេលកន្លងទៅ។

កាលថ្ងៃទី១៤មីនាម្សិលមិញ មន្រ្តីបក្សប្រឆាំងស្នើសុំឲ្យរដ្ឋាភិបាល​ពិនិត្យឡើងវិញ​ក្នុងការចំណាយ​ថវិកាជាតិទៅលើការ​កសាងហេដ្ឋាន​រចនាសម្ព័នផ្លូវថ្នល់ ដោយថាការចំណាយទៅលើផ្នែកនេះកាលពី​ពេល​កន្លងមក ​បានធ្វើឲ្យខាតបង់ថវិកាជាតិ​ឥតប្រយោជន៍ជាច្រើន ​ដោយសារការសាងសង់​នោះ​មិនមានតម្លាភាពនិង​មិនមានគុណភាព។

អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោក សុន ឆ័យ ប្រាប់អ្នក​សារព័ត៌មាន​ក្រោយបញ្ចប់ «សិក្ខាសាលាស្តីពីការតាមដានត្រួតពិនិត្យថវិកាជាតិនិងការគ្រប់គ្រងវិនិយោគសាធារណៈ» នៅកាលពីថ្ងៃអង្គារម្សិលមិញថា កន្លងមក​មានការ​រាយការព័ត៌មាន​ជាច្រើន អំពីការចាយថវិកាជាតិមិនត្រឹមត្រូវលើវិស័យផ្លូវថ្នល់ ដូចជាការដេញថ្លៃសាងសង់មិនមាន តម្លាភាព ផ្លូវធ្វើហើយមិនមានគុណភាពជាដើម។

លោក សុន ឆ័យ បានលើឧទាហរណ៍ករណីផ្លូវជាតិ៦អា មកបញ្ជាក់ដោយថា ការកសាងផ្លូវ នោះគឺធ្វើខុសគោលការគម្រោង​ដែលធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ទឹកសណ្ធាប់ ហើយលោកថា គណៈកម្មាការទី២ នៃរដ្ឋសភាក៏គ្រោងកោះហៅអតីតរដ្ឋមន្រ្តីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក មកសួរចំពោះករណីនេះផង។

លោកបន្ថែមថា៖ «ផ្លូវហ្នឹង គឺធ្វើខុសគោលការណ៍​គម្រោង គឺចាក់កៅស៊ូហ្នឹងតិចជាងគម្រោងតំរូវ ឲ្យចាក់ ប៉ុន្តែខ្ញុំសុំសរសើររដ្ឋមន្រ្តីថ្មីលោក ស៊ុន ចាន់ថុល ពេលគាត់ចូលទៅគាត់បានទៅឆែក មើលអត់ត្រឹមត្រូវ ប៉ុន្តែកាលនោះក្រុមគេថារដ្ឋមន្រ្តីមុនសញ្ញេរទទួលហើយ។ យើងសួរថា ហេតុ អ្វីបានជារដ្ឋមន្រ្តីសញ្ញេរទទួលនៅពេលដែលអ្នកធ្វើមិនគោរពទៅតាមគម្រោងហើយហ៊ានសញ្ញេរទទួលបែបហ្នឹង ហើយលោក ស៊ុន ចានថុល រកញើញមិនត្រឹមត្រូវហើយបង្ខំឲ្យគេសាង សង់ឲ្យត្រឹមត្រូវឡើងវិញ សួរថា តើនៅក្នុងចន្លោះនោះមានអ្វី? អញ្ចឹងត្រូវមានការស៊ើបអង្កេត មិនត្រូវឲ្យបណ្តោយឲ្យអ្នកដែលមានតួនាទីអំណាចក្នុងការប្រគល់គម្រោងមានសិទ្ធិទៅបន្លេម បន្លំប្រាក់ជាតិនោះទេ ព្រោះយើងចំណាយច្រើនណាស់ ស្ទើរតែ៩០%នៃការខ្ចីបុលពីបរទេស គឺយើងយកទៅចំណាយលើហេដ្ឋារចនាសម្ព័ននេះ»។

លោកបញ្ជាក់ថា ប្រសិនបើមានការចំណាយមិនត្រឹមត្រូវបែបនេះបន្តទៀត នឹងធ្វើឲ្យប៉ះពាល់ ដល់ថវិកាជាតិកាន់តែធ្ងន់ធ្ងរ ដោយលោកស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញលើបញ្ហានេះ។

អ្នកនាំពាក្យក្រសួងសារណៈការ និងដឹកជញ្ជូនលោក វ៉ា ស៊ឹមសុរិយា បានទទួលស្គាល់ថា មានផ្លូវថ្នល់មួយចំនួន​បានចំណាយថវិកាច្រើននិងមិនសូវមានគុណភាព ប៉ុន្តែលោកថា ក្រសួង បានកំពុង​ធ្វើការ​កែតម្រូវជាបណ្តើរហើយ។

លោកបន្ថែម៖ «ខ្ញុំមិនបដិសេធទេ ដែលខាងតំណាងគណៈកម្មការលើក យើងទទួល ប៉ុន្តែចង់ជំរាបចេះ រចនាសម្ព័នរបស់ក្រសួងកែទំរង់ច្រើនណាស់ យើងបានរៀបចំមានអ្នកទទួលខុសត្រូវ ច្បាស់លាស់អ្នកណាស់ទទួលខាងផ្លូវខាងផ្លូវទៅ អ្នកណាខាងលូខាងលូទៅ យើងបានបែង ចែកដាច់ៗ ហើយយើងសង្ឃឹមថា នៅឆ្នាំបន្តបន្ទាប់នឹងកាន់តែល្អប្រើសើរ»។

នាយកប្រតិបត្តិសម្ព័នគណនេយ្យភាពសង្គមលោក សន ជ័យ មានប្រសាសន៍ថា កម្ពុជាមិនទាន់មានស្តង់ដាផ្លូវថ្នល់​ពិតប្រាកដនោះទេ ដែលធ្វើឲ្យពិបាកក្នុងការវាស់វែងឬ កំណត់ពីគុណភាព។

លោកបន្តថា បច្ចុប្បន្នមានផ្លូវជាតិច្រើនណាស់ធ្វើហើយមិនមានគុណភាពដែលបញ្ហានេះ បណ្តាលមកអភិវឌ្ឍន៍មិនតម្លាភាព ដោយសារមិនបង្ហាញអំពីព័ត៌មាននៃអភិវឌ្ឍន៍នោះច្បាស់លាស់។

លោកបន្ថែម៖ «រដ្ឋាភិបាលត្រូវបង្ហាញសាធារណៈជនថាផ្លូវថ្នល់ដែលរដ្ឋដាក់ឲ្យមានការវិនិ យោគ ឬការណេញថ្លៃពីក្រុមហ៊ុនឯកជនមានតម្លៃប៉ុន្មាន ហើយមានវាការធានាគុណភាពហ្នឹង រយៈពេលប៉ុន្មានឆ្នាំ? ហើយប្រាប់ពីប្រភេទផ្លូវឲ្យបានច្បាស់លាស់ ព្រោះទាំងអស់នេះជាអ្វី ដែលមហាជនចង់ដឹង ហើយនៅពេលដែលព័ត៌មាននៃគម្រោងនោះលាតត្រដាងជាសាធា រណៈ ពេលនោះហើយវាជាកត្តាជំរុញឲ្យអ្នកដែលដេញថ្លៃបាននោះគឺធ្វើការដោយប្រយ័ត្នប្រយែង»។

អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចធ្លាប់លើកឡើងថា កម្ពុជាបានប្រើប្រាស់​កម្ចីពីបរទេស​ជិត​៩០ភាគរយ មកសាង​ហេ​​ដ្ឋារចនាសម្ពន៍ ដូចជាការសាងសង់ផ្លូវថ្នល់ និងស្ពានជាដើម ដោយការសាងសង់នោះ មានត​ម្លៃមួយ​ខ្ពស់ថែមទៀត ​តែផ្លូវគ្មានគុណភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ