លោក សុខ អាន ទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ

លោក សុខ អាន កាលពីពេលកន្លងទៅ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន និងជារដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រីលោក សុខ អាន ដែលទើប​ទទួលបានគោរមងារជា «​សម្តេចវិបុលបញ្ញា» បាន​​ទទួលមរណភាព​ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ នេះបើតាមលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុង​លិខិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​ទី១៥មីនា​ បានឲ្យ​ដឹង​ថាលោក សុខ អាន បាន​ទទួល​មរណភាព​ហើយ​នៅ​វេលា​ម៉ោង៦និង​៣២នាទីល្ងាច ដោយ​រោគាពាធ នៅ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំងនៃប្រទេស​ចិន។

បើតាមលិខិតមួយទៀតចុះថ្ងៃពុធនេះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យប្រទានថវិកាចំនួនបីប៊ីលានរៀល (៣.០០០.០០០.០០០ រៀល) ឬស្មើនឹង៧៥ម៉ឺនដុល្លារ សម្រាប់ចំណាយរៀបចំពិធីបុណ្យសពលោក សុខ អាន ក្នុងពេលខាងមុខ។

លោក​ សុខ អាន បានកើត​នៅ​ថ្ងៃ​ទី១៦ខែមេសាឆ្នាំ​១៩៥០ ក្នុង​ឃុំព្រះ​បាទជាន់​ជុំ ស្រុកគីរីវង់ ខេត្តតាកែវ និងបច្ចុប្បន្នជា​សមាជិករដ្ឋសភា​ ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ផង។

គេហទំព័រទីស្ដីការគណៈរដ្ឋមន្ដ្រីឲ្យដឹងថា លោក សុខ​ អាន មានភរិយាឈ្មោះ អាយ អាន្នី និងមានកូនប្រុស៤នាក់ និងស្រីម្នាក់។ កូនស្រីមានឈ្មោះ សុខ សុម៉ា ចំណែក កូនប្រុសទី១ឈ្មោះ សុខ ពុទ្ធីវុធ កូនប្រុសទី២, សុខ សូកាន, កូនប្រុសទី៣, សុខ សូកេន និងកូនប្រុសទី៤, សុខ សង្វារ៕

រាការណ៍បន្ថែមដោយ ហ៊ុន សិរីវឌ្ឍន៍​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ