តុលាការ​ជប៉ុន​បញ្ជា​ទៅ​រដ្ឋាភិបាល​ឲ្យ​បង់​សំណង​ខូច​ខាត​ថ្មី​នៅ​ហ៊្វូគូហ្ស៊ីម៉ា

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ចេញ​បញ្ជា​នៅ​ថ្ងៃ​នេះ ទៅ​រដ្ឋាភិបាល​ប្រទេស​នេះ ឲ្យ​បង់​ប្រាក់​ទំហំ ១​លាន​ដុល្លារ​សម្រាប់​ការ​ខូច​ខាត​ថ្មីៗ​កើត​ចេញ​ពី​មហន្តរាយ​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូគូហ្ស៊ីម៉ា​កាល​ពី​ឆ្នាំ​២០១១ ដោយ​​សម្រេច​ថា រដ្ឋាភិបាល​គួរ​តែ​ព្យាករ​ដឹង និង​បញ្ចៀស​គ្រោះ​ថ្នាក់​នោះ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ដក​ស្រង់​សម្ដី​មន្ត្រី​តុលាការ​ចុះ​ផ្សាយ​បន្ត​ថា តុលាការ​នៅ​សង្កាត់​ក្យូតូ បាន​បញ្ជា​ទៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ប្រតិបត្តិការរោងចក្រ​ថាមពល​នុយក្លេអ៊ែរ Tokyo Electric Power (TEPCO) ឲ្យ​បង់​សំណង​ខូច​ខាត​ទំហំ ១១០​លាន​យ៉េន ឬ​ស្មើ​នឹង​ប្រហែល ១.០៤​លាន​ដុល្លារ ទៅ​ដល់​ប្រជាជន ១១០គ្រួសារ ដែល​បាន​ចាក​ចេញ​ពី​តំបន់​ហ៊្វូគូហ្ស៊ីម៉ា។

សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ គឺជា​សាល​ដីកា​លើ​ទី​៣​ហើយ​ដែល​រដ្ឋាភិបាល​ជប៉ុន ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​គ្រោះ​មហន្តរាយ​នៅ​តំបន់​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​រង​មហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​នៅ​លើ​ពិភព​លោក គិត​ចាប់​តាំង​គ្រោះ​ថ្នាក់​ធ្លាយ​រោងចក្រ​នុយក្លេអ៊ែរ​ Chernobyl នៅ​ឆ្នាំ​១៩៨៦​មក។

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន តុលាការ​មួយ​នៅ​ទីក្រុង​ហ៊្វូគូហ្ស៊ីម៉ា បាន​សម្រេច​រួច​ហើយ​ថា ទាំង​រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុន TEPCO ត្រូវ​តែ​ទទួល​ខុស​ត្រូវ ក្រោយ​ពី​សាលដីកា​ស្រដៀង​គ្នា​មួយ​ចេញ​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន នៅ​ទីក្រុង​មែបាហ្ស៊ី នៅ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន។

ទោះជាយ៉ាងណា តុលាការ​មួយ​ទៀត​នៅ​ទីក្រុង​ជីបា ស្ថិត​នៅ​ជិត​ទីក្រុង​តូក្យូ បាន​សម្រេច​កាល​ពី​ខែ​កញ្ញា​ថា មាន​តែ​ក្រុមហ៊ុន TEPCO ទេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ