សហភាព​អឺរ៉ុប​បន្ត​ជំរុញ​ឲ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

សហភាពអឺរ៉ុប ជំរុញជាថ្មីឲ្យដោះលែងលោក កឹម សុខា​ ជាបន្ទាន់ និងអនុញ្ញាតឲ្យអតីត​បក្សប្រឆាំង បានចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាច ច្រានចោលសេចក្ដី​អំពាវនាវនេះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ​ផ្ញើជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​កាលពីម្សិលមិញ សហភាពអឺរ៉ុប​ បានបង្ហាញក្ដីបារម្ភជាថ្មី អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចជា ការបង្ក្រាបគណបក្សសង្គ្រោះ​ជាតិ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។

ក្នុងសេចក្ដីថ្លែងការណ៍នោះ សហភាពអឺរ៉ុបរំឭកជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជាធានាដំណើរការប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងថា ការបោះឆ្នោត មិនអាចទទួលយកបានទេ បើគណបក្សប្រឆាំងដ៏ធំមួយ​នេះ ត្រូវបានគេផាត់ចេញពីការបោះឆ្នោត​នោះ។

សហភាពអឺរ៉ុប​បាន​ស្នើឲ្យអតីតបក្សប្រឆាំង ចូលរួមការបោះឆ្នោតនាពេលខាងមុខ​ និងផ្ដល់សិទ្ធិជាតំណាងរាស្ដ្រស្របច្បាប់ដល់សមាជិកអតីតគណបក្សប្រឆាំង ១១៨រូប និងតំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់មន្ដ្រីបក្សប្រឆាំង។

ក្នុងសេចក្ដីថ្លែងការណ៍នោះ សហភាពអឺរុប លើកឡើងថា៖ «សហភាពអឺរុបនៅតែមានក្ដីកង្វល់យ៉ាងខ្លាំងអំពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ សហភាពអឺរុបគូសបញ្ជាក់ជំហរជាថ្មី ឲ្យមានដោះលែងប្រធានគណបក្សប្រឆាំង លោក កឹម សុខា ជាបន្ទាន់។  ការរំលាយទាំងបង្ខំនៃអតីតគណបក្សសង្គ្រោះជាតិ គឺជាជំហ៊ានមួយ ចាកឆ្ងាយពីវិថីប្រជាធិបតេយ្យ និងសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា»។ ​

ក្នុងសន្និសីទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃមកកម្ពុជា​កាលពីថ្ងៃម្សិលមិញ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានថ្លែងថា ដំណើរ​វិវត្ត​ន៍​ចុង​ក្រោយ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​​ឈានដល់កម្រិតកាន់តែរឹតត្បិតបំផុត។

លោកស្រីថា ការ​​បែង​ចែក​អាសនៈរបស់​អតីតបក្សប្រឆាំងទៅ​ឲ្យ​បក្សផ្សេង និង​ការ​ហាមឃាត់អ្នកនយោបាយ​ទាំង​១១៨​រូប​​របស់​បក្ស​នេះ គឺជា​ការគំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់សិទ្ធិ​​សេរី​ភាព​នយោ​បាយ​​នៅ​កម្ពុជា​។

លោកស្រីថ្លែងថា៖ «ការរឹតត្បិត​សំឡេង​ប្រជា​ជន​កម្ពុជា​ នៅ​ទី​បំផុត​អាច​​គំរាម​កំហែង​ដល់​ស្ថេរភាព​ពិតប្រាកដដែល​រដ្ឋាភិបាល​ និង​ប្រជា​ជន​បាន​ខិត​ខំ​កសាង​ឡើង​ដោយ​លំ​បាក។ សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំដោយសន្តិវិធី គួរតែ​ត្រូវ​បាន​ការពារ និង​បង្កើត​ឡើង មិនត្រូវធ្វើ​ការ​រិតត្បិត​ឡើយ​នៅ​ក្នុងលទ្ធិ​ប្រជា​ធិបតេយ្យសេរីពហុបក្ស ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា»។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ច្រាលចោលការលើកឡើងនេះ ដោយថា រដ្ឋាភិបាលកំពុងអនុវត្តច្បាប់ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ស្របតាមបរិបទសង្គមកម្ពុជា។​

លោកថា៖ «ខ្ញុំយល់ថា បញ្ហាទី១ រឿងដោះលែងលោក កឹម សុខា ឬមួយក៏ឲ្យ១១៨រូប ដែលតុលាការកាត់ឲ្យផ្អាកសកម្មភាពនយោបាយ៥ឆ្នាំនោះ មិនអាចទៅរួចទេ ព្រោះក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានឯករាជ្យភាព និងអធិបតេយ្យភាព។ ហើយរឿងសង្ឃឹមថា ចូលរួមបោះឆ្នោតនាពេខាងមុខ ក៏អត់មានដែរ ទោះអវត្តមានអតីតគណបក្សប្រឆាំង និងអ្នកនយោបាយ១១៨នាក់ក៏ដោយ ក៏លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅតែមានដដែលទេ»។

ប្រធានអតីតបក្សប្រឆាំង លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារជាង ៦ខែមកហើយ ចាប់តាំងពីសមត្ថកិច្ចចាប់ខ្លួនលោក កាលពីថ្ងៃទី៣ ខែកញ្ញាឆ្នាំមុន។ ករណីនេះ ក្រុមមេធាវីការពារក្ដី បានស្នើជាច្រើនដង ឲ្យតុលាការដោះលែងលោក កឹម សុខា បាននៅក្រៅឃុំ ប៉ុន្ដែ ត្រូវបានបដិសេធ។

ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំ សហគមន៍អន្ដរជាតិ នាំមុខដោយ សហរដ្ឋអាមេរិក​ និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មលើកម្ពុជា បើសិនរដ្ឋាភិបាលនៅតែប្រកាន់ជំហររឹងរួស មិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ