មេ​តុលាការ​កំពូល​នេប៉ាល់​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជុំ​វិញ​ការ​ក្លែង​បន្លំ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត

ប្រធាន​តុលាការ​កំពូល​នេប៉ាល់ លោក ហ្កូប៉ាល់ ប៉ារ៉ាជូលី ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោម​ការ​ចោទ​ថា បាន​ក្លែង​បន្លំ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ខ្លួន ដើម្បី​បន្ត​កាន់​តំណែង​បាន​យូរ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា រឿង​ចម្រូង​ចម្រាស់​ជុំ​វិញ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ប៉ារ៉ាជូលី បាន​ផ្ទុះ​ឡើង​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​លោក​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ដ៏​ល្បី​ម្នាក់ និង​កាសែត​ដ៏​ធំ​នៅ​នេប៉ាល់​ថា មិន​បាន​គោរព​តុលាការ​ជុំ​វិញ​ការ​លើក​ឡើង​នូវ​ក្ដី​បារម្ភ​អំពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដ៏​ច្រើន​របស់​មេ​តុលាការ​កំពូល​រូប​នេះ។

ក្រុម​ប្រឹក្សា​ចៅក្រម​មួយ បាន​សម្រេច​ថា លោក ប៉ារ៉ាជូលី គួរ​តែ​ចូល​និវត្តន៍​តាំង​ពី ៧​ខែ​មុន​ម៉្លេះ នៅ​ពេល​លោក​ឈាន​ដល់​អាយុ ៦៥​ឆ្នាំ ដែល​ជា​អាយុ​ចូល​និវត្តន៍​សម្រាប់​តំណែង​មន្ត្រី​រដ្ឋការ​នៅ​ប្រទេស​នេប៉ាល់។

លេខាធិការ​ក្រុម​ប្រឹក្សា​ចៅក្រម លោក​ នរីបឌូជ នីរូឡា ត្រូវ​បាន​ AFP ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា លោក ប៉ារ៉ាជូលី ត្រូវ​បាន​ទម្លាក់​ពី​តំណែង បន្ទាប់​ពី​អាយុ​ចូល​និវត្តន៍​របស់​លោក​ត្រូវ​បាន​រក​ឃើញ​ថា កោស​លុប​​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​មួយ​កាល​ពី​ខែ​សីហា។

សេចក្ដី​សម្រេច​នេះ បាន​កើត​ឡើង​ភ្លាមៗ មុន​ពេល​លោក ប៉ារ៉ាជូលី ចូល​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​នេប៉ាល់ លោក ពិត្យា បានដារី ដែល​ជាប់​ឆ្នោត​អាណត្តិ​ទី​២​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ