ក្រុមវិចិត្រករមួយចំនួន បានជំរុញទៅរដ្ឋាភិបាល ឲ្យយកចិត្តទុកដាក់លើកស្ទួយស្នាដៃពួកគេឲ្យបានទូលំទូលាយ ដោយថា បច្ចុប្បន្ន ពួកគេកំពុងជួបបញ្ហាប្រឈមនៅក្នុងជីវភាពគ្រួសារ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្តៅ។
ការជំរុញនេះ ធ្វើឡើងស្របពេលដែលស្ថានទូតបារាំងប្រចាំកម្ពុជា ធ្វើសន្និសីទស្តីពី «កម្មវិធីបារាំងពីរសប្តាហ៍បារាំងភ្នំពេញ» ពាក់ព័ន្ធការបង្ហាញស្នាដៃសិល្បៈសហសម័យរបស់សិល្បករកម្ពុជាជិត ១០ផ្ទាំង នៅក្នុងឧទ្យានស្ថានទូតបារាំងប្រចាំកម្ពុជានាព្រឹកថ្ងៃនេះ ដើម្បីបង្ហាញសារអប់រំប្រជាពលរដ្ឋឲ្យចេះថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងសត្វព្រៃជាដើម។
ខណៈដែលកំពុងដាក់តាំងស្នាដៃរបស់លោកដែលផលិតចេញពីវល្លិ៍យៀវផ្សំជាមួយស្ពាន់ និងដែកនោះ វិចិត្រករមេដៃសំរិទ្ធ លោក នូ សារី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ វិចិត្រករដែលមានស្នាដៃច្នៃប្រឌិតថ្មី មិនទាន់ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់លើកតម្កើងពួកគេនៅឡើយទេ។ វិចិត្រកររូបនេះ អះអាងថា ករណីនេះធ្វើឲ្យពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។
លោកថ្លែងថា៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលក្រឡេកមកមើលខាងសិល្បៈករខ្មែរយើងទទួលបានកម្រៃ ដើម្បីបន្តអាជីពរបស់ពួកគាត់ ខ្ញុំជឿថា គាត់នឹងយល់ គាត់នឹងឃើញនូវជីវិតអ្នករស់នៅ ជីវិតសិល្បៈករមិនស្រួលទេ»។
ជាវិចិត្រករអស់រយៈពេលជាង ២០ឆ្នាំមកហើយ លោក ឯម រាម បានបង្ហាញរូបភាពធ្វើពីផ្តៅរាងរង្វង់មូល និងមានកន្ទុយដូចជាត្រីនៅឯព្រឹត្តិការណ៍នោះ។ លោក រាម បង្ហាញក្តីបារម្ភថា ទីផ្សារសេដ្ឋកិច្ចរបស់វិចិត្រករនៅកម្ពុជា អាស្រ័យលើនយោបាយនៅកម្ពុជា ដោយថា បើនយោបាយមិនអំណោយផល នឹងធ្វើឲ្យប៉ះពាល់ដល់ពួកគេផងដែរ។
លោក ឯម រាម ប្រាប់ថា៖ «ខ្ញុំនិយាយការពិត…ដូចជាចាប់គណបក្សប្រឆាំង ហើយបិទកាសែតខេមបូឌា ដេលី មានន័យថា ការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាយើង អត់មានទាល់តែសោះ។ ពួកទេសចរគាត់អត់ហ៊ានចូល[កម្ពុជា] ការដែលមិនគោរពសិទ្ធិមនុស្សដែលធ្វើឲ្យសិល្បៈក៏ធ្លាក់ទឹកដែរ ព្រោះអត់មានភ្ញៀវទេសចរមកទស្សនា យើងក៏ពិបាកដែរ»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ លោក ថៃ នរៈសត្យា ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះបាន លុះត្រាតែវិចិត្រករទាំងនោះបង្កើតជាសមាគម ដើម្បីស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ទើបទទួលបានផលវិជ្ជាមាន។
លោក ថៃ នរៈសត្យា ប្រាប់ថា៖ «ការបង្កើតអ្វីៗទាំងអស់នោះ មិនមែនជាការផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬក៏របស់រាជរដ្ឋាភិបាលទេ ប៉ុន្តែ ជួនកាល ការប្រមូលផ្តុំរបស់ពួកគាត់ ដែលបង្កើតនូវប្រតិញាណ នូវការច្នៃប្រឌិត ឬគិតឃើញថា ត្រូវបង្កើតឲ្យមានជាសមាគម ដូចជា សមាគមសីល្បៈករ សមាគមគ្រូពេទ្យ សមាគមគ្រូបង្រៀនបង្កើតឡើង ហើយសុំច្បាប់ទៅរាជរដ្ឋាភិបាលទៅ នៅពេលដែលយើងបង្កើតបានហើយ យើងមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងជាទូទៅជាមួយស្ថាប័ននានា រួមទាំងស្ថាប័នរដ្ឋផងដែរ ដើម្បីឲ្យជួយយើង»។
ស្នាដៃសិល្បៈសហសម័យរបស់សិល្បករកម្ពុជា ដែលត្រូវបានច្នៃប្រឌិតចេញពីអនុផលព្រៃឈើ និងវត្ថុនានា ត្រូវបានដាក់តាំងបង្ហាញដល់សាធារណជន នៅក្នុងស្ថានទូតបារាំងចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០ ខែមីនានេះ៕