​​​លិខិតមិត្តអ្នកអាន៖ យុទ្ធនាការ​ឈុត​ខ្មៅ​គ្មាន​ប្រសិទ្ធ​ភាព​មែន​ឬ​?

នាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ​ចន្ទ

គេមិនអាចសន្និដ្ឋានថាយុទ្ធនាការណាមួយបរាជ័យត្រឹមថ្ងៃចាប់ផ្តើមឡើយ គឺគេត្រូវរង់ចាំដល់យុទ្ធនាការបញ្ចប់ជាស្ថាពរទើបគេអាចកំណត់បាន ហើយគេក៏មិនអាចអះអាងថាការបង្ក្រាបឬការចាប់ខ្លួនជោគជ័យដែរ ទោះបីវាពិតជាបានបង្អាក់យុទ្ធនាការមែនក៏ដោយ។ ទោះបីយ៉ាងណា តាមលោក អ៊ី សារ៉ុម នៅក្រោយពីចេញពីការចាប់ខ្លួនសួរចម្លើយ នៅក្នុងវេទិកាអាស៊ីសេរី បានឱ្យដឹងថាថ្ងៃដំបូងមានចំនួនអ្នកចូលរួមមិនដល់១០០នាក់ឡើយនៅមុខគុកព្រៃស ព្រោះអាជ្ញាធរឃាត់អ្នកផ្សេងៗទៀតមិនឱ្យមកបន្ត(ដោយមិនគិតពីចំនួនពលរដ្ឋដែលពាក់ខ្មៅនៅថ្ងៃនោះទៅតាមយុទ្ធនាការ អ្នកមិនទៅគោលដៅកំណត់ជួបជុំនិងអ្នកពាក់ខ្មៅតែក្នុងបណ្តាញសង្គម)។ តាមសារព័ត៌មាន Fresh New វិញ អ្នកចូលរួមមានប្រមាណ២០០នាក់។ ទោះបីយ៉ាងណា វាសុទ្ធតែជាការប៉ាន់ស្មានមិនមែនជាការរាប់តាមបែបវិទ្យាសាស្ត្រទេ តែយ៉ាងហោចណាស់វាអាចបញ្ជាក់ថាការរំពឹងទុកអំពីចំនួនអ្នកចូលរួម ២០០ទៅ៣០០នាក់របស់លោក សារ៉ុម នៅក្នុងវេទិការដដែលថ្ងៃទី៦ ឃើញថាថាប្រហាក់ប្រហែល។ គ្មានយុទ្ធនាការណាផ្តើមមកមានអ្នកចូលរួមច្រើននោះទេ ថ្ងៃដំបូងគ្រាន់តែជាការពិសោធន៍ប៉ុណ្ណោះ។

ការកំណត់យកថ្ងៃចន្ទដែលជាថ្ងៃធ្វើការនិងជាប់រៀនពិតណាស់ប៉ះពាល់ដល់ឱកាសចូលរួម ព្រោះគ្មានពេលចូលរួមនៅនឹងកន្លែងកំណត់ ឯសិស្សវិញគ្មានទាំងពេលទៅនិងមិនអាចពាក់អាវពណ៌នៅក្នុងថ្ងៃរៀនធម្មតាផងដែរ។ ដូច្នេះហើយសារៈសំខាន់ផ្នែកនិមិត្តរូបនៃចន្ទមិនចាំបាច់ជាងកត្តាចម្បងដែលប៉ះពាល់ដល់ចំនួនអ្នកចូលរួមនោះទេ ឥឡូវថ្ងៃចន្ទដែលដើម្បីតម្លៃនិមិត្តរូបបានចាប់ផ្តើមរួចហើយ សង្គមស៊ីវិលគួរផ្លាស់ប្តូរទៅថ្ងៃដែលពលរដ្ឋទំនេរច្រើន គឺថ្ងៃអាទិត្យ ដើម្បីបង្កើនការចូលរួមផងនិងបង្កការធុញទ្រាន់ខាងអាជ្ញាធរដែលមិនចង់ធ្វើការថ្ងៃសម្រាកផងដែរ។ លោក ប៉ា ងួនទៀង ក្នុងវេទិកាដដែលថ្ងៃទី៦ មើលឃើញពីរបៀបដែលយុទ្ធនាការឬបាតុកម្មធ្វើឱ្យអាជ្ញាធរថ្នាក់ក្រោមវក់វី ដូច្នេះការយកថ្ងៃសម្រាកធ្វើយុទ្ធនាការបង្កការមិនពេញចិត្តរបស់អាជ្ញាធរចំពោះថ្នាក់លើរបស់ខ្លួន ដែលមានប្រយោជន៍ផ្នែកយុទ្ធសាស្ត្រដល់យុទ្ធនាការជាជាងខាងអាជ្ញាធរ។ ទោះបីការកំណត់យកថ្ងៃចន្ទត្រូវបានពិភាក្សមុនធ្វើយុទ្ធនាការរវាងសង្គមស៊ីវិលពាក់ព័ន្ធជាច្រើនរួមទាំងសហគមន៍ក្រុមយុវជន ព្រមទាំងជាមួយក្រុមគ្រួសារជនរងគ្រោះទៀត នៅតែគ្មាននរណាម្នាក់ក្នុងចំណោមអ្នកទាំងនោះមើលឃើញថា ថ្ងៃចន្ទប៉ះពាល់ដល់ចំនួនអ្នកចូលរួម ពួកគេយកចិត្តទុកដាក់តែទៅលើតម្លៃនិមិត្តរូបនៃថ្ងៃចន្ទខ្លាំងពេក។

ការមិនព្រមផ្លាស់ប្តូរពណ៌ខ្មៅធ្វើយុទ្ធនាការក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រដែរ គឺទោះបីប្រើពណ៌អ្វី ក៏រដ្ឋអំណាចថាខុសច្បាប់ដែរ ទោះបីគ្មានច្បាប់ចែងពីពណ៌ក៏ដោយ។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីបានព្រមានថា«ពណ៌អីក៏ដោយ, នៅកន្លែងខ្លះ គេហៅពណ៌ទឹកក្រូច, ខ្លះគេថាពណ៌ក្រហម, ខ្លះគេហៅពណ៌ខ្មៅ។ ខ្ញុំថាពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ ដាក់ទំាងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លំាងប្រដាប់អាវុធគេបង្កើតឡើងដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដាក់អ្នកទោស កុំឆ្ងល់ពេក»។ គោលដៅរបស់គេគឺយុទ្ធនាការ មិនមែនពណ៌ទេ ទោះប្រើពណ៌ឬមិនប្រើ សុទ្ធតែត្រូវរដ្ឋអំណាចថាខុសច្បាប់និងហាមប្រាមទាំងអស់ហ្នឹង។ ផ្ទុយទៅវិញ ការប្រើពណ៌ខ្មៅមានប្រយោជន៍ផ្នែកសម្ភារៈ ព្រោះងាយរក ពលរដ្ឋភាគច្រើនមានអាវខ្មៅពាក់ជាជាងពណ៌ផ្សេងទៀត ទោះពួកគេនៅតែស្អប់ខ្មែរក្រហមក៏ពណ៌ខ្មៅមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរក្រហមដែរ, នៅតែមានពលរដ្ឋនិយមពណ៌ខ្មៅអ៊ីចឹង ដែលយើងបានលើកឡើងរួចហើយនៅអត្ថបទមុន។ អ្វីដែលពិសេសបំផុត ពណ៌ខ្មៅប្រៀបដូចជាកញ្ចក់ឆ្លុះពីប្រវត្តិរបស់គណបក្សកាន់អំណាច នាំពលរដ្ឋឱ្យប្រដូចរបបនេះទៅនឹងរបបប៉ុលពត ធ្វើឱ្យគេស្អប់៧មករា ដែលរដ្ឋាភិបាលបានប្រើថ្ងៃនោះមកឃោសនានយោបាយបានជោគជ័យគ្រាន់បើដែរ (បោះឆ្នោតដំបូងឆ្នាំ៩៣, ប៊ិះឈ្នះ)។ ហេតុនេះហើយ នៅពេលយុទ្ធនាការប្រើពណ៌ខ្មៅនាំឱ្យរដ្ឋាភិបាលពិបាកដោះសានិងទប់ទល់ ពិសេសគឺបំបាក់មុខគណបក្សកាន់អំណាចមែនទែន ពោលគឺ ការប្រើខ្មៅបង្ហាញពីភាពច្នៃប្រតិដ្ឋមួយរបស់សង្គមស៊ីវិល មិនមែនជាការរើសពណ៌ខុសឡើយ ខុសតែថ្ងៃចន្ទប៉ុណ្ណោះដែលប៉ះពាល់ដល់ភាពទំនេររបស់អ្នកចូលរួម។

រដ្ឋាភិបាលចាត់ទុកពណ៌ខ្មៅជាពណ៌ខ្មែរក្រហម ចាត់ទុកអ្នកធ្វើយុទ្ធនាការឈុតខ្មៅជាពួកក្រហមប្រៀបដូចជាកាំបិតចិតដងឯង ព្រោះថ្នាក់ដឹកនាំគណបក្សកាន់អំណាចខ្លួនឯងធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងខ្មែរក្រហម ធ្លាប់ពាក់ឈុតខ្មៅ ធ្លាប់ធ្វើបដិវត្តន៍ជាមួយខ្មែរក្រហមនិងធ្លាប់ធ្វើបដិវត្តន៍ផ្តួលរំលំខ្មែរក្រហមផងដែរនៅក្រោមជំនួយពីវៀតណាម។ គណបក្សនេះមិនចង់ទទួលស្គាល់ថាខ្លួនធ្លាប់ធ្វើបដិវត្តន៍ធ្លាប់ពាក់ឈុតខ្មៅឡើយ ឯការផ្លាស់ប្តូរឈ្មោះបក្សរបស់គណបក្សកាន់អំណាចក៏ដើម្បីលុបប្រវត្តិរបស់ខ្លួនដែរ ថែមទាំងប្រឆាំងមិនឱ្យប្រើពាក្យឈ្លានពាន ឱ្យពាក្យប្រើរំដោះជាដើម គ្រោងបង្កើតច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់៧មករាទៀតផង។ ផ្ទុយទៅវិញ ពួកគេតែងអួតអាងពីថ្ងៃវៀតណាមរំលោភអធិបតេយ្យកម្ពុជា រួចប្រើប្រព័ន្ធផ្សព្វផ្សាយរដ្ឋឃោសនាថាជាថ្ងៃរំដោះ វៀតណាមជាមហាមិត្រ ត្រូវដឹងគុណគេ ទោះបីជាក់ស្តែង វៀតណាមជួយក្រុមដែលបែកចេញពីខ្មែរក្រហមផ្តួលរំលំខ្មែរក្រហម មិនមែនដើម្បីរំដោះទេ តែដើម្បីបង្កើតរដ្ឋាភិបាលដែលដំឡើងនិងជ្រើសរើសដោយវៀតណាម រួចប្រមូលធនធានធម្មជាតិមួយចំនួន បង្កើតសន្ធិសញ្ញាព្រំដែនឯកតោភាគី ដឹកជញ្ជូនជ័យភណ្ឌសល់ពីសម័យសាធារណរដ្ឋនិសង្គមរាស្ត្រនិយមទៅស្រុកខ្លួន ស្របពេលដែលគេដឹងថាខ្មែរក្រហមបានលុបបំបាត់រូបិយបណ្ណនិងសម្ភារនិយម ធនធានធម្មជាតិនៅសល់ទាំងអស់ ហេតុអ្វីធនធានសម្ភារៈទាំងនោះបាត់អស់ក្រោយខ្មែរក្រហមដួល ឬមួយវាសុទ្ធតែត្រូវបានបំផ្លាញដោយសង្គ្រាមទាំងអស់មិនសល់សូម្បីតែបន្តិច។ ហេតុនេះហើយទើបអន្តរជាតិមិនបានទទួលស្គាល់រដ្ឋាភិបាលជំនាន់នោះទេ វៀតណាមដែលកាន់របបកុម្មុយនិស្តម៉េចនឹងអាចបង្កើតរដ្ឋាភិបាលខ្មែរឱ្យកាន់របបប្រជាធិបតេយ្យទៅ ប្រាកដជារបបផ្តាច់ការហើយ។ រដ្ឋាភិបាលអួតអាងពីការបង្កើតសាលាក្តីខ្មែរក្រហមក្នុងន័យថាខ្លួនជាអ្នកប្រឆាំងខ្មែរក្រហមប្រឆាំងបដិវត្តន៍ តែគណបក្សនេះក៏រងការចោទប្រកាន់ថាលូកលាន់ក្នុងកិច្ចការតុលាការដែរ ដូចជាការហាមមិនឱ្យស៊ើបអង្កេតករណីបន្តទៀតដែលទាក់ទងនឹងសមាជិកខ្លួន គំរាមពីចលាចលកើតចេញការស៊ើបជាដើម ដោយអះអាងថាតុលាការខ្មែរក្រហមឯករាជ្យ ប៉ុន្តែជ្រៀតជ្រែកក្នុងកិច្ចការតុលាការមិនឱ្យគេស៊ើបបន្ត អះអាងថាប្រឆាំងបដិវត្តន៍តែរារាំងមិនឱ្យស៊ើបដល់អ្នកពាក់ព័ន្ធនឹងបដិវត្តន៍

បរិយាកាសក្តៅហែងបានបង្ខំឱ្យពលរដ្ឋមួយចំនួនមិនទៅចូលរួមទាំងហាលថ្ងៃនិងទៅកន្លែងដែលពិបាករកម្លប់ជ្រក សង្គមស៊ីវិលឆ្លើយតបនឹងកត្តាបរិយាកាសបានត្រឹមត្រូវ ដោយសម្រេចចិត្តត្រឹមត្រូវ ជ្រើសយកពេលព្រឹកមិនយកពេលរសៀលធ្វើយុទ្ធនាការ ទោះយើងមិនច្បាស់ថាពួកគាត់មើលឃើញពីផលប្រយោជន៍នេះឬក៏អត់ក៏ដោយ។ ទោះបីយ៉ាងណា សង្គមស៊ីវិលនៅតែត្រូវការតាក់ទិចបន្ថែមទៀត ទប់ទល់នឹងអាកាសធាតុក្តៅ ដូចជា ទឹក មួក ផ្លិត ឆ័ត្រ ដែលមានពណ៌ខ្មៅអមទាំងសារឬនិមិត្តសញ្ញារបស់យុទ្ធនាការ មិនមែនត្រឹមតែបោះពុម្ពអាវខ្មៅនោះទេ ពិតណាស់វាអាស្រ័យទៅលទ្ធភាពសេដ្ឋកិច្ចផងដែរ។ ចំពោះសារលើអាវ ព្រមទាំងសម្ភារៈផ្សេងៗគួរមានខ្លឹមសារទាក់ទងនឹងការទាក់ទាញអ្នកចូលរួម ឧ. បើថ្ងៃនេះអ្នកមិនចូលរួម ថ្ងៃក្រោយគ្មាននរណាធ្វើយុទ្ធនាការដើម្បីអ្នកវិញទេ!, កម្ពុជាត្រូវការអ្នក!, ធ្វើជាអ្នកក្លាហាន កុំក្លាហានតែក្នុងស្នូក!, អ្នកអាចបង្ក្រាបរាងកាយខ្ញុំ តែមិនអាចសម្លាប់ស្មារតីតស៊ូរបស់ខ្ញុំឡើយ…សារទាំងនេះអានហើយឈឺចាប់ អៀនខ្លួន មានការស្រមៃដូចជាខ្លួនឯងជាអ្នកក្លាហាន មានកម្លាំងចិត្តពុះកញ្ជ្រោលដែលគួរឱ្យទាក់ទាញជាងសារដែលថា ពិភពលោកកំពុងតាមដាន ហាក់បង្កប់ន័យថា យើងពឹងលើពិភពលោក(អន្តរជាតិ)មើលថែជាជាងពឹងខ្លួនឯង។ ពិតណាស់ សារខ្លីខ្លឹមប្រសើរជាងវែង ប៉ុន្តែបើសារវែងអាចទាក់ទាញអ្នកចូលរួមជាងសារខ្លី គេត្រូវតែឈរលើកត្តាចំនួនអ្នកចូលរួមជាអាទិភាព។ វត្ថុទាំងបីនិងទឹកអាចជំរុញការចូលរួមបានដោយជួយសម្រួលដល់ភាពក្តៅស្អុះនិងស្រេកទឹក ហើយក៏ជាគ្រឿងទឹកចិត្តដល់ពលរដ្ឋដែលចូលរួមដែរ ពោលគឺជាអាវុធនិមិត្តរូប។ ទឹកគឺជាអាវុធនិមិត្តរូបដ៏ខ្លាំងបំផុតក្នុងចំណោមនោះដែលសង្គមស៊ីវិលត្រូវតែសម្រេចឱ្យបាន ព្រោះមិនមែនត្រឹមតែអាចប្រយុទ្ធនឹងអាកាសធាតុក្តៅនិងសម្រួលការចូលរួមទេ គឺដើម្បីសម្រួលដល់អាជ្ញាធរផងដែរ។ មិនមែននិយាយលេងសើចទេ អាជ្ញាធរក៏ត្រូវការទឹកដែរ នៅពេលដែលអ្នកធ្វើយុទ្ធនាការចែកទឹកដល់ពួកគេ ធម្មតាជាតិជាមនុស្ស តែងចង់ឱ្យគេធ្វើល្អដាក់ និយាយល្អដាក់ មិនចង់តបអំពើល្អដោយវាយបាញ់បង្ក្រាបនោះទេ ទោះបីជំហរនយោបាយរបស់ពួកគេនៅខាងណាក៏ដោយ។ ធ្វើបែបនេះ អាជ្ញាធរពិបាកមិនទទួលផងព្រោះស្រេកទឹកដែរ ពិបាកបដិសេធផងព្រោះជាសីលធម៌ ឯខាងអ្នកធ្វើយុទ្ធនាការវិញ ទោះពួកគេទទួលមិនទទួល ក៏មិនថ្វី យុទ្ធនាការនៅតែបន្តទៅមុខបាន ពិសេសពលរដ្ឋមើលមកថាយុទ្ធនាការនេះជាយុទ្ធនាការធ្វើអំពើល្អសុទ្ធសាធ។

ចំណែករដ្ឋាភិបាលវិញនឹងចោទថាជាការប៉ុនប៉ងអូសទាញកងកម្លាំងប្រដាប់អាវុធនិងហាមអាជ្ញាធរមិនឱ្យពួកគេទទួលទឹកពីយុទ្ធនាការ ព្រមទាំងអាចបញ្ជាឱ្យវាយដំច្រំធាក់អ្នកឱ្យទឹកទៀតផង។ រីឯ អាជ្ញាធរនឹងគិតដូចម្តេចចំពោះបញ្ជាមេ គឺយើងអាចទាយបានពីគំនិតរបស់ពួកគេថា «មេអញហាឡើងគិតពីអញ ដំឡើងប្រាក់ឱ្យក៏យឺត ដល់ដាក់បញ្ជាម្តងៗមិនស្គាល់ថ្ងៃសំរាក ម៉ោងដេកម៉ោងពួន ដល់ឥឡូវទឹកម៉ាដបក៏មិនឱ្យផឹកដែរ ហើយបញ្ជាអញឱ្យវ៉ៃអាអ្នកឱ្យទឹកអញទៀត អាណាទៅលើកដៃវ៉ៃគេកើតអ្ហា គេឱ្យទឹកយើងទទេ ចំពេលអាឯងកំពុងស្រេកទឹកចង់ងាប់ បើអញវ៉ៃគេង៉ៃហ្នឹងទាល់តែថ្ងៃស្អែកអញឈប់ធ្វើមនុស្ស»។   ពួកគេនឹងគិតរបៀបនេះ មិនថាពួកគេនិយាយចេញឬអត់ ទទួលស្គាល់ឬអត់ ធ្វើតាមបញ្ជាឬអត់ បើក្នុងចំណោមពួកគេមានអ្នកវាយអ្នកចូលរួមយុទ្ធនាការ នឹងមានមួយផ្នែកទៀតដែលធ្លាប់ទទួលសគុណនោះជួយឃាត់ គ្មានទេផលអាក្រក់ចំពោះយុទ្ធនាការ មានតែធ្វើឱ្យថ្នាក់ក្រោមនឿយណាយនឹងថ្នាក់លើរបស់ពួកគេ។ តាមលោក កែម ឡី មន្ត្រីរាជនិងកងកម្លាំងប្រដាប់អាវុធជាច្រើន មិនពេញចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាល លោកពិបាករកអ្នកនៅគាំទ្រគណបក្សកាន់អំណាចខ្លាំងណាស់។ នេះមិនមែនទើបកើតឡើងទេ គឺតាំងយូរណាស់មកហើយ ដែលពួកគេមិនពេញនឹងការដំឡើងប្រាក់់ខែយឺតយ៉ាវ, បង់ពន្ធច្រើន, មានអំពើពុករលួយដែលប៉ះពាល់ដល់ប្រាក់ខែរបស់ពួកគេ, មេៗធ្វើតាមអំពើចិត្ត ដកដាក់ណាអ្នកក៏បាន មានខ្សែស្រឡាយរញ៉េរញ៉ៃ, យោធាខ្លះត្រូវគេកាត់ប្រាក់ចូលនិវត្តន៍, ខ្លះពិការគ្មានការយកចិត្តទុកដាក់ពីរដ្ឋ, ខ្លះត្រូវគេរំលោភដីធ្លី, កាលបោះឆ្នោតឆ្នាំ២០១៣ រហូតដល់មានយោធាលួចសរសេរបកអាក្រាតពីអំពើរំលោភអំណាចរបស់មេ រឿងស៊ីប្រាក់ខែ ទៅនៅលើសន្លឹកឆ្នោតទៅទៀត។ ក្រោយចេញពីការឃាត់ខ្លួន លោក សារ៉ុម ក៏បានពិពណ៌នាប្រាប់វីអូអេនៅថ្ងៃទី១០ ថា អ្នកដោះសោខ្នោះលោកដើម្បីលែង [មុននឹងចូលទៅឱ្យគេសួរចម្លើយ] ដែលដោះចំណាយពេលយូរណាស់ ដូចជាញ័រដៃ ហើយឱ្យលោកនៅឱ្យស្ងៀម តែលោកថាលោកដូចជាមិនរើអីទេ។ លោក ម៉ែន គឹមសេង  បានកាត់ប្រសាសន៍ត្រឹមនេះហើយសួរសំណួរផ្សេង ប្រហែលជាលោកគិតថាការពណ៌នានេះមិនសូវសំខាន់ តែតាមពិតជាបាតុភុតចិត្តសាស្ត្រដែលមិនគួរមើលរំលង ព្រោះវាបង្ហាញថា អ្នកចាប់ខ្លួនមានស្មារតីមិននឹងនរ ធ្វើទាំងខុសពីចិត្តរបស់ខ្លួន ដឹងថាចាប់ទាំងមិនស្របច្បាប់ក៏ចាប់តាមបញ្ជាមេនិងមិនសូវចង់ធ្វើតាមបញ្ជាមេឡើយ។ នៅពេលដែលយើងសរុបកត្តាទាំងអស់នេះមក យើងនឹងឃើញថា កងកម្លាំងប្រដាប់អាវុធនិងយោធាមិនមែនជាខែលដ៏រឹងមាំជួយការពាររដ្ឋាភិបាលនោះទេ ព្រោះរដ្ឋាភិបាលខ្លួនឯងជាអ្នកធ្វើឱ្យខែលនេះប្រេះ មិនមែនយុទ្ធនាការបដិវត្តន៍ពណ៌មកពីណាឡើយ។ អ្នកដែលអះអាងថា គ្មាននរណាអាចយកឈ្នះរដ្ឋាភិបាលបានគឺជាក់ស្តែងមើលរំលងចំណុចខ្សោយជាច្រើនរបស់រដ្ឋអំណាច។ ដូច្នេះហើយ ដរាបណាយុទ្ធនាការនៅតែបន្តសកម្មភាពចែកទឹកនេះ ពុះជ្រែករាល់ឧបសគ្គហាមប្រាមទាំងឡាយបាន មិនយូរទេ ថ្នាក់ក្រោមនឹងលែងធ្វើតាមបញ្ជាថ្នាក់លើ លែងរវីរវល់នឹងរឿងនយោបាយ ឈរកណ្តាល ដាក់ពាក្យសុំច្បាប់ឈប់សម្រាកមួយរយៈ។ យ៉ាងណាក៏ដោយ តាក់ទិចឱ្យទឹកត្រូវតែចេះបត់បែនតាមកាលៈទេសៈ បើយុទ្ធនាការចែកទឹកធ្វើត្រង់ពេក នឹងងាយឱ្យគេចោទប្រកាន់និងបង្អាក់ ដូច្នេះត្រូវចេះឱ្យដោយប្រយោល ឧ. យកធុងធំមួយដាក់ទឹកសុទ្ធឱ្យពេញ (ត្រជាក់កាន់តែល្អ) រួចដាក់ផ្លាកថា ទឹកសុទ្ធសម្រាប់ទាំងអស់គ្នា មិនប្រកាន់និន្នាការនយោបាយ។ បើពួកគេមិនហ៊ានទៅយកទេ ប្រគល់ភារកិច្ចឱ្យសកម្មជនជាយុវតីសំឡេងផ្អែមប៉ុន្មាននាក់ឱ្យចាំយាមធុងទឹកសុទ្ធទៅ រួចហៅពួកគេឱ្យមកយកទឹកម្តងហើយម្តងទៀត យុទ្ធសាស្ត្រស្រីស្អាតតែងមានប្រសិទ្ធភាពជានិច្ច។ ទោះចោទដូចម្តេចក៏ដោយ សង្គមស៊ីវិលអាចដោះសាថា «ដោយសារអាកាសធាតុក្តៅ យើងឃើញអាជ្ញាធរបែកញើសសស្រាក់និងស្រេកទឹក ទើបជូនទឹកទៅពួកគាត់ទៅ ដែលនេះជាទង្វើសប្បុរសធម៌សុទ្ធសាធ។ ឯការចោទថាប៉ងទាក់ទាញកងកម្លាំងឱ្យចូលរួមនោះ ឱ្យមែនទែនទៅគឺពួកគាត់មានកិច្ចការការពារពួកយើងស្រាប់ហើយ យើងមិនចាំបាច់ទៅទាក់ទាញពួកគាត់ឱ្យចូលរួមនោះទេ ព្រោះពលរដ្ឋទើបជាអ្នកផ្តល់ប្រាក់ខែជូនពួកគាត់តាមរយៈពន្ធដារមិនមែនរដ្ឋាភិបាលអ្នកផ្តល់ទេ ហើយពួកគាត់ក៏មិនតម្រូវឱ្យធ្វើជាឧបករណ៍នយោបាយសម្រាប់ការពាររដ្ឋាភិបាលដែលមិនគោរពច្បាប់នោះដែរ»។ សេចក្តីថ្លែងការណ៍នេះនឹងទះកំផ្លៀងរដ្ឋាភិបាល គ្មាននរណាជឿអ្វីដែលពួកគេចោទឡើយ ឯអាជ្ញាធរក៏មានអារម្មណ៍រអៀសចិត្ត គេខំការពារយើង ជួយនិយាយឱ្យយើង ជូនទឹកយើង យើងវិញបែរជានៅតែធ្វើតាមបញ្ជាវាយគេ។ យើងបានពន្យល់រួចហើយពីរបៀបដែលអាកាសធាតុក្តៅប៉ះពាល់ដល់ការចូលរួម ប៉ុន្តែវាមិនមែនជាអ្វីដែលចៀសមិនផុតនោះទេ អ្នកយុទ្ធសាស្ត្រធ្វើយុទ្ធនាការអហិង្សានៅតែអាចបង្វិលវាឱ្យក្លាយជាកងទ័ពអរូបិយបាន ពោលគឺអាកាសធាតុក្តៅបែរជាផ្តល់អាវុធនិមិត្តរូបទឹកសុទ្ធ ដែលនាំឱ្យយុទ្ធនាការមានប្រៀបលើសមរភូមិទៅវិញ។

ទោះបីការអំពាវនាវឱ្យចូលរួមរបស់សង្គមស៊ីវិលត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានជាច្រើននិងចែកចាយតាមបណ្តាញសង្គមផុសផុល អ្នកទទួលបានព័ត៌មានទាំងនោះពុំទៅចូលរួមយុទ្ធនាការនៅហ្នឹងកន្លែងច្រើននោះទេ ខ្លះចូលរួមនៅផ្ទះ ខ្លះនៅកន្លែងធ្វើការ ខ្លះប្តូររូបភាពគណនី ខ្លះពាក់អាវខ្មៅតែក្នុងហេ្វសបុក មែនទែនអត់ពាក់ផង…បើពួកគេទាំងអស់នោះសុទ្ធតែចូលរួមព្រោះទទូលបានព័ត៌មាន ម្ល៉េះអ្នកចូលរួមច្រើនកុះករ។ មួយវិញទៀត អ្នកទទួលបានព័ត៌មានភាគច្រើនគឺយុវជនក្មេងៗប្រើបណ្តាញសង្គមមិនមែនពលរដ្ឋសាមញ្ញជាច្រើនទៀតដែលមិនសូវតាមដានព័ត៌មាននោះទេ។ បានសេចក្តីថា អ្នកដែលគ្រាន់តែទទួលបានព័ត៌មានពុំអាចបំប្លែងទៅជាអ្នកចូលរួមដោយស្វ័យប្រវត្តិនោះទេ ពោលគឺនៅសល់កត្តាជាច្រើនទៀត រួមមានកត្តាទាំងបួនធំផងដែរ។ តាមការស្ទង់មតិមិនផ្លូវការដោយអ្នកយកការណ៍អាស៊ីសេរី ទៅលើពលរដ្ឋតាមផ្លូវបីបួននាក់ ពលរដ្ឋភាគច្រើនឆ្លើយថា ពួកគាត់មិនបានដឹងពីយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នោះទេ។ ទោះការស្ទង់នេះមានកម្រិតគួរឱ្យជឿទុកចិត្តទាបដោយសារចំនួនអ្នកត្រូវសាកសួរតិចនិងវិធីសាស្ត្រស្រាវជ្រាវមិនច្បាស់លាស់ វានៅតែឱ្យតម្រុយមួយថាពលរដ្ឋសាមញ្ញដែលមិនសូវយកចិត្តទុកដាក់នឹងសារព័ត៌មានពុំបានដឹងនោះទេ។ សង្គមស៊ីវិលមិនត្រូវពឹងផ្អែកនៅលើតែសារព័ត៌មានឡើយដើម្បីទាក់ទាញការចូលរួមឡើយ តែត្រូវធ្វើសកម្មភាពចុះដល់មូលដ្ឋាន បើការបណ្តុះបណ្តាលពន្យល់ពលរដ្ឋគ្រប់អ្វីដែលពួកគេឆ្ងល់មិនយល់ បង្ហាញតាក់ទិចនិងយុទ្ធសាស្ត្រទប់ទល់នឹងការបង្ក្រាបរបស់អាជ្ញាធរ រួចថតវិឌីអូទុក ចែកចាយទៅសារព័ត៌មាននិងពលរដ្ឋដែលមិនបានចូលរួមស្តាប់នៅនឹងកន្លែង។ លុះត្រាពលរដ្ឋយល់ពីភាពចាំបាច់នៃការចូលរួមយុទ្ធនាការ បានជួបផ្ទាល់នឹងក្រុមការងារដើម្បីបង្កើនការជឿទុកចិត្តគ្នា ដឹងជាមុនពីវិធានការទប់ទល់ការបង្ក្រាបដើម្បីសុវត្ថិភាព… ទើបពលរដ្ឋមានសេចក្តីក្លាហានចូលរួម។ នៅពេលរដ្ឋអំណាចបានមើលវីដេអូនោះវិញ ពួកគេនឹងកាត់បន្ថយការបង្ក្រាប ព្រោះដឹងថាសង្គមស៊ីវិលនិងអ្នកចូលរួមបានត្រៀមខ្លួនជាមុនរួចស្រេចហើយ បើបង្ក្រាបនឹងទទួលបានលទ្ធផលខុសបំណង។ ការជញ្ជូនក្រុមការងារចុះមូលដ្ឋានមិនត្រូវការគ្នាច្រើនទេ ព្រោះវាបង្អើលអាជ្ញាធរឱ្យតាមឃាត់ភ្លាមៗ តែបីនាក់គឺគ្រប់គ្រាន់ហើយ ប៉ុន្តែត្រូវការច្រើនក្រុមទៅកន្លែងផ្សេងៗ (តាក់ទិចពង្រាយ) ហើយប្រភេទនៃក្រុមគោលដៅត្រូវកំណត់ឱ្យបានច្បាស់លាស់ ថាតើពលរដ្ឋប្រភេទណាចង់ចូលរួមជាងគេ ទើបបានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ សកម្មជនស្រីត្រូវមានច្រើនជាងសកម្មជនប្រុសគ្រប់ៗក្រុម បុ្រសមួយស្រីពីរ និងទទួលបានការបណ្តុះបណ្តាលពីវិធានការទប់ទល់និងមានចំណេះដឹងអំពីយុទ្ធនាការគ្រប់គ្រាន់ ព្រោះអាជ្ញាធរអាចតាមឃាត់ហើយអាចវាយសកម្មជនប្រុសជាជាងសកម្មជនស្រីៗអាចឃាត់ឬការពារប្រុសម្នាក់បានដោយភាំងមិនអាជ្ញាធរតាមវាយ។ ទស្សនៈដែលថា មនុស្សស្រីត្រូវតែឱ្យប្រុសការពារមិនត្រឹមត្រូវគ្រប់កាលៈទេសៈឡើយ ព្រោះជាក់ស្តែងរាល់ការបង្ក្រាបបាតុកម្ម មនុស្សប្រុសតែងជាអ្នករងគ្រោះ មនុស្សស្រីឈរភាំងឃាត់អាជ្ញាធរតែងមានប្រសិទ្ធភាពជាងមនុស្សប្រុសឃាត់។ បើពួកគេវាយទាំងមនុស្សស្រីនឹងប៉ះពាល់ដល់បទដ្ឋានសង្គមដែលដាក់ទោសលើមនុស្សប្រុសដែលវាយស្រី ការវាយបែបនេះច្បាស់ណាស់នឹងបំផ្ទុះកំហឹងមហាជន។ ក្រុមអាជ្ញាធរអាចតាមឃាត់ក្រុមការងារបីបួនក្រុមបីបួនដង តែមិនអាចបញ្ឈប់គ្រប់ក្រុមឬតាមគ្រប់សកម្មភាពនៅគ្រប់កន្លែងនោះទេ (អាជ្ញាធរមិនមានច្រើនជាងប្រជាជនសាមញ្ញ) ទោះតាមទាន់ក៏មិនអាចធ្វើបែបនេះគ្រប់ពេលវេលាដែរ បំផុតនោះគឺវាប៉ះពាល់ដល់ឯកជនភាពរបស់អាជ្ញាធរដោយសារចួបប្រឈមផ្ទាល់នឹងប្រជាជន គេចំណាំមុខ ពួកគេនឹងចេញពីផ្ទះលែងកើត ព្រោះបាត់បង់កេរ្តិ៍ឈ្មោះ។ ក្នុងករណីដែលអាជ្ញាធរត្រឹមតែទាមទារដោះអាវខ្មៅចេញ មនុស្សស្រីអាចយកលេសខ្លួនជាស្រីមិនដោះអាវតាមបាន អាជ្ញាធរនឹងពិបាកបង្ខំឱ្យដោះអាវ ឯមនុស្សប្រុសវិញអាចដោះអាវតាមសំណើ តែក្រោយអាជ្ញាធរទៅបាត់ អាចពាក់វិញបានទេតើ។

រដ្ឋាភិបាលអះអាងថា សង្គមស៊ីវិលជាដៃគូមិនអាចខ្វះបាន ប៉ុន្តែចាប់សមាជិករបស់គេដាក់គុក៥នាក់ (តាក់ទិចចាប់ដៃជាន់ជើង)។ មុនយុទ្ធនាការមួយថ្ងៃគឺថ្ងៃទី៨ លោក ស ខេង បានព្រមានចាត់វិធានការរាល់សកម្មភាពនិងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ។ ទោះមានឬមិនមានប្រតិកម្មពីគណបក្សកាន់អំណាចក៏ដោយ ក៏ពលរដ្ឋតែងដឹងពីហានិភ័យទាក់ទងនឹងការចូលរួមយុទ្ធនាការ តិចឬច្រើន វាមានឥទ្ធិពលលើចំនួនអ្នកចូលរួម។ ក្នុងវិធានការទី៤ លោកបានណែនាំឱ្យ “ត្រូវធ្វើការគ្រប់គ្រងផ្ទៃក្នុងមន្រ្តីរាជការតាមមន្ទីរ អង្គភាពនិងកងកម្លាំងប្រដាប់អាវុធឲ្យបានហ្មត់ចត់ដើម្បីបង្ការ ទប់ស្កាត់ការប៉ុនប៉ងចលនា អូសទាញ កៀរគរមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមក្នុងចលនាខាងលើនិងការទាមទារតវ៉ានានា។” ការភ័យខ្លាចយោធាលែងស្តាប់បញ្ជានៅក្នុងជួរថ្នាក់ដឹកនាំគណបក្សអំណាចមិនមែនទើបតែកើតមាននោះទេ។ កាលពីឆ្នាំ២០១៣ គណបក្សកាន់អំណាចបានប្រព្រឹត្តកំហុសធំមួយគឺបណ្តោយឱ្យបាតុកម្មអហិង្សារបស់គណបក្សប្រឆាំងរីកធំពេកស្ទើរទប់ទល់លែងបាន។ នៅក្រោយការបង្ក្រាប ពិតមែនតែកងសន្តិសុខនិងយោធានៅតែធ្វើតាមបញ្ជា ស្រាប់តែក្រុមយុវជនសន្តិភាពធ្វើយុទ្ធនាការជូនផ្កាឈូកឱ្យទឹកសុទ្ធ បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបានទទួលដំណឹងថាភ្នាក់ងារបង្ក្រាបខ្លះមិនគោរពតាមបញ្ជា ទើបលោកដឹងថា សកម្មភាពជូនផ្កាប្រើពណ៌ផ្កាដោយអហិង្សា ដែលប្រជាជនទូទាំងពិភពលោកប្រើប្រាស់ក្នុងបដិវត្តន៍ពណ៌  នោះមិនមែនអត់ ដូចលោកស្មាននោះទេ។ តាំងពីពេលនោះមក បដិវត្តន៍ពណ៌ដែលជាចលនាអហិង្សាសោះ សម្រាប់លោកវិញគឺជាបដិវត្តន៍ហិង្សា ចលនាឧទ្ទាមប្រដាប់ ជាសុបិនអាក្រក់ ដែលសូម្បីតែនិស្សិតម្នាក់ប្រើសារខ្លីមួយថាធ្វើបដិវត្តន៍ពណ៌ ធ្វើឱ្យលោកភ័យប្រើកូនចៅចាត់វិធានការមួយរំភេច ហាក់ដូចជាវាបដិវត្តន៍ពណ៌មែនទែនអ៊ីចឹង។ ពាក្យ បដិវត្តន៍ពណ៌ ក៏ក្លាយជាពាក្យមែនន័យអា្រក្រក់ប្រកបដោយហិង្សា ដែលគេប្រើតែក្នុងបរិបទអវិជ្ជមានទៅហើយ ដូច្នេះចលនាអហិង្សាជាច្រើនដែលថាគេរាប់ចូលក្នុងបដិវត្តន៍ពណ៌ត្រូវបានគេបំភ្លេចចោល ហើយពួកគេក៏លើកតែករណីចលនាណាមួយដែលទទួលបានលទ្ធផលអាក្រក់ប៉ុណ្ណោះ មិនលើកករណីល្អឡើយ។ ដូចគ្នា នៅពេលទទួលដំណឹងថា យុទ្ធនាការប្រើពណ៌ខ្មៅ គណបក្សកាន់អំណាចក៏ចាត់ទុកជាបដិវត្តន៍ពណ៌យកគំរូតាមប្រទេសនៅមជ្ឈិមបូព៌ា ជាសកម្មភាពមិនស្របច្បាប់មួយរំពេច។ និយាយទៅ គ្មានមាត្រាច្បាប់ណាមួយចែងថាធ្វើយុទ្ធនាការអហិង្សាខុសច្បាប់នោះទេ ហើយក៏គ្មានដែរថាប្រើពណ៌ណាមួយខុសច្បាប់នោះ ទោះប្រើពណ៌អ្វីក៏ដោយ។ ការពិតទៅ មិនស្របច្បាប់គឺមានន័យមែនទែនថា មិនស្របនឹងគណបក្សកាន់អំណាច ព្រោះគណបក្សនេះត្រួតត្រាស្ថាប័នបកប្រែច្បាប់ គឺក្រុមប្រឹក្សារដ្ឋធម្មនុញ្ញដែលមានសមាជិកទាំងអស់មកពីគណបក្សនេះ ដូច្នេះពួកគេអាចបកប្រែច្បាប់តាមអំពើចិត្តនិងអនុវត្តន៍ស្តង់ដារពីរ ចង់ចោទអ្នកណាថាមិនស្របច្បាប់ក៏បាន តែតាមពិតពួកគាត់ហ្នឹងហើយមិនគោរពច្បាប់ជាងគេ (តាក់ទិចចោរស្រែកចោរ)។ ទាំងអស់នេះបង្ហាញថា ភ្នាក់ងារបង្ក្រាបជាសសរស្តម្ភធំមួយដែលទ្ររបបដឹកនាំ ហើយក៏ជាចំណុចខ្សោយធំបំផុតរបស់គណបក្សកាន់អំណាចដែរ ដែលគណបក្សនេះខ្លួនឯងធ្វើឱ្យខែលនេះប្រេះ ហើយក៏ខ្លាចគេមើលឃើញផង ខ្លាចគេធ្វើឱ្យបែកផង។ មានស្មារតីការពារប្រុងប្រៀបទុកជាមុន ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នាភ្លាម នៅថ្ងៃទី១១។ សម្រង់ពីអាស៊ីសេរី «ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ លោក ប៉ោ ភក្រ្ត ថ្លែងឲ្យដឹងនៅក្រោយជំនួបនោះថា គោលបំណងនៃការជួបគ្នានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ពាក់ព័ន្ធទៅនឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើស សំដៅបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ […] ក្រសួងនគរបាលវៀតណាមបានសន្យាផ្តល់ជំនួយជាសម្ភារៈនិងបច្ចេកទេសដល់នគរបាលជាតិកម្ពុជា ដើម្បីសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍»។ មិនមានអ្វីចម្លែកទេ រាល់ពេលកម្ពុជាមានបាតុកម្មប្រឆាំងរដ្ឋអំណាច រដ្ឋមន្ត្រីវៀតណាមតែងចេញចូលកម្ពុជាញឹកញយជាងធម្មតា ឯរដ្ឋាភិបាលវិញមិនចាត់ទុកសកម្មភាពនេះជាការជ្រែតជ្រេកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែថាជាកិច្ចសហប្រតិបត្តិការស្អិតរមួនខ្វះមិនបានទៅវិញ។ ផ្ទុយទៅវិញ គ្រាន់តែជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក William Heidt កាលពីថ្ងៃទី០៤ អង្គការសង្គមស៊ីវិលដែលធ្វើយុទ្ធនាការឈុតខ្មៅក៏ត្រូវរដ្ឋាភិបាលចោទថាមានអាមេរិកជាមេក្លោងភ្លាម។

លោក សារ៉ុម ដែលត្រូវបានគេឃាត់ខ្លួនក៏ត្រូវបានអាជ្ញាធរសាកសួរពីអត្តសញ្ញាណអ្នកបោះពុម្ពអាវ និងថាតើបានចូលចួបឯកអគ្គរដ្ឋទូតអាមេរិកឬអត់ក៏ដែរ ទោះលោកពិតជាពុំបានទៅចួបមែនក៏ដោយ។ នេះជាមេរៀនមួយបង្ហាញថា ជំនួយបរទេសមកលើយុទ្ធនាការអហិង្សាអាចប៉ះពាល់ដល់កិត្តិនាមរបស់យុទ្ធនាការនិងធ្វើឱ្យរដ្ឋាភិបាលមានលេសចោទប្រកាន់ បើការចោទត្រូវបានពលរដ្ឋស្របយល់ តិចច្រើនអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃយុទ្ធនាការ, ទោះគ្មានជំនួយបរទេសក៏យុទ្ធនាការនៅតែអាចជោគជ័យដែរ ហេតុអ្វីត្រូវការជំនួយមុខពីរ!។ កាលពីឆ្នាំ២០១៣ បាតុកម្មរបស់គណបក្សប្រឆាំងក៏ត្រូវបានចោទថាមានអន្តរជាតិនៅក្រោយខ្នងដែរ ស្របពេលចិនបានផ្តល់ជំនួយយោធាដល់កម្ពុជាទន្ទឹមនឹងស្ថានការណ៍នយោបាយតានតឹង ដែលយើងមើលឃើញថាជាយុទ្ធសាស្ត្រខ្ចីដៃខ្មែរសម្លាប់ខ្មែរដូចកាលខ្មែរក្រហម។ ក្រលេកទៅមើលបាតុកម្មប្រឆាំងលទ្ធផលឆ្នោត ឆ្នាំ១៩៩៨វិញ ការបង្ក្រាបដោយហិង្សាលើក្រុមបាតុករមានកំរិតធ្ងន់ជាងបាតុកម្មឆ្នាំ២០១៣ ដោយមិនរាប់បញ្ចូលពីព្រឹត្តិការណ៍បោកគ្រាប់បែកនៅមុខរដ្ឋសភាទៅលើបាតុកម្មដឹកនាំដោយមេបក្សប្រឆាំង ៣០ មីនា ៩៧ និងរដ្ឋប្រហារគណបក្សហ្វ៊ុនស៊ិនប៉ុច ៥-៦ កក្កដា ៩៧។ កាលនោះភ្នាក់ងារបង្ក្រាបវាយទាំងស្រ្តីនិងព្រះសង្ឃ ហើយមិនចេះនិយាយភាសាខ្មែរឡើយ។ ការជួលភ្នាក់ងារបង្ក្រាបបរទេសគឺជាតាក់ទិចដ៏ឈ្លាសវៃរបស់មេដឹកនាំក្រាញអំណាច ដើម្បីទប់ទល់នឹងកម្លាំងមហាជន ព្រោះវាជួយកាត់បន្ថយកំរិតដែលភ្នាក់ងារបង្ក្រាបប្រឆាំងនឹងបញ្ជាឱ្យបង្ក្រាប, បន្ថយការយល់ពីគ្នារវាងភ្នាក់ងារនិងប្រជាជនដោយសាររនាំងវប្បធម៌ ជាតិសាសន៍ ភាសា…, ឱកាសទាបក្នុងការចួបអ្នកស្គាល់គ្នាក្នុងចំណោមបាតុករដែលជំរុញឱ្យមានការបន្ធូរដៃ, មិនសូវមានការភ័យខ្លាចពីទោសទណ្ឌកើតចេញពីការបង្ក្រាបព្រោះមិនមែនជាជនជាតិម្ចាស់ស្រុក…។ ការខ្ចីភ្នាក់ងារបង្ក្រាបពីបរទេសមកបង្ក្រាបជំនួសភ្នាក់ងារក្នុងស្រុក អាចនឹងកើតមាននៅក្នុងយុទ្ធនាការឈុតខ្មៅ បើចំនួនអ្នកចូលរួមកើនឡើងច្រើនពេកនិងយុទ្ធនការនេះនៅតែប្រើតែតាក់ប្រមូលគ្នានៅមួយកន្លែង ពិសេសបំផុតនៅពេលដែលភ្នាក់ងារបង្ក្រាបក្នុងស្រុកលែងធ្វើតាមបញ្ជារដ្ឋអំណាច។

នៅក្នុងទំនាស់នយោបាយឬសិទ្ធិមនុស្ស តាមទស្សនៈរបស់រដ្ឋអំណាច បើជំនួយជួយខាងរដ្ឋាភិបាល នោះជាការសហប្រតិបត្តិការ បើជំនួយជួយខាងភាគីមិនមែនរដ្ឋាភិបាល នោះជំនួយជាការជ្រៀតជ្រែកលូកដៃ។ សង្គមស៊ីវិលនៅតែអាចទប់ទល់នឹងតាក់ទិចបង្ក្រាបនេះបាន តាមរយៈតាក់ទិចអហិង្សាបំបែកគ្នា ស្នាក់នៅច្រើនកន្លែងមិនផ្តុំគ្នា (នៅទីណាឱ្យតែមានសុវត្ថិភាព ដូចជាផ្ទះ, ចេញពីផ្ទះបើគេតាមបង្ក្រាបដល់ផ្ទះ)និងធ្វើសកម្មភាពមិនសហការដកហូតប្រភពអំណាចរបស់រដ្ឋ  ដូចជាពហិការនិងកូដកម្ម ពោលគឺ កូដកម្មដោយកម្មករ, ពហិការមិនចូលរៀនរបស់និស្សិតនិងមិនទៅបង្រៀនរបស់គ្រូៗ, មិនចូលធ្វើការដោយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, មិនលក់ទំនិញឬផ្តល់សេវាកម្មឱ្យភ្នាក់ងារទាំងនោះ, មិននិយាយរកពួកគេ, មិនទិញទំនិញដែលនាំចូលពីប្រទេសដែលភ្នាក់ងារនោះរស់នៅ, មិនប្រើប្រាស់សេវាកម្មរដ្ឋទាំងឡាយ, មិនបង់ពន្ធ…គឺថាគេអាចប្រើតាក់ទិចមិនសហការទាំងអស់នេះដោយមិនបាច់ផ្តុំគ្នាឱ្យគេស្រួលបង្ក្រាបនោះទេ គ្រាន់តែស្នាក់នៅផ្ទះបណ្តោះអាសន្តប៉ុណ្ណោះ, ឱ្យតែធ្វើដោយចំនួន ៣,៥%នៃពលរដ្ឋសរុប (៥សែននាក់) ក្នុងរយៈប៉ុន្មានខែប៉ុណ្ណោះ របបដឹកនាំនឹងដួល ព្រោះខ្វះប្រភពអំណាចដោយគ្មានអ្នកធ្វើតាមបញ្ជា គ្មានអ្នកធ្វើឱ្យប្រព័ន្ធដើរ គ្មានថវិកាទ្រទ្រង់ដើម្បីផ្គត់ផ្គង់ខ្លួនឯងផងនិងជួលភ្នាក់ងារបរទេសផង ទោះបីមានជំនួយពីខាងក្រៅឥតសំណងក៏ដោយ ក៏រដ្ឋអំណាចមិនអាចពឹងបរទេសរហូតដែរ ពួកគេនៅតែស្រេកឃ្លានប្រភពអំណាចពីក្នុងស្រុកដែលយូរអង្វែងជាងនិងនឹងនរជាង។ នៅពេលបរទេសមើលឃើញពីភាពរឹងមាំរបស់យុទ្ធនាការ ការបង្ក្រាបឥតប្រសិទ្ធភាព និងភាពខ្សោយទៅៗនៃរបបដឹកនាំ ពួកគេនឹងដោះដៃដោយឯកឯង មិនបាច់ដេញនោះទេ។

លោក សារ៉ុម បានមើលឃើញពីសារប្រយោជន៍និងប្រសិទ្ធភាពនៃយុទ្ធនាការអហិង្សា មិនដេកចាំឱ្យគេចាប់ដាក់គុក សុទ្ធចិត្តធ្វើយុទ្ធនាការឱយគេចាប់ឬឃាត់ខ្លួនប្រសើរជាងនៅស្ងៀមឱ្យគេធ្វើអ្វីស្រេចចិត្ត (វេទិកាអាស៊ីសេរីថ្ងៃទី៦)។ លោកលើកឧទាហរណ៍ពីចលនារបស់លោក មហាត្មា គន្ធី, ណែលសុន ម៉េនដឺឡា, លោកស្រី អ៊ុងសានស៊ូជី បញ្ជាក់ថាលោកបានសិក្សាពីសកម្មភាពអហិង្សាមុនធ្វើយុទ្ធនាការ។ យុទ្ធនាការឈុតខ្មៅទើបតែចាប់ផ្តើមថ្ងៃទីមួយប៉ុណ្ណោះ ទោះបីមានការបង្ក្រាប មានការហាមឃាត់ មានការឃាត់ខ្លួន មានអ្នកចូលរួមមិនដល់១០០នាក់ផង តែទទួលបានការចាប់អារម្មណ៍យកទុកចិត្តទុកខ្លាំង ទទួលការគាំទ្រច្រើន រិះគន់តិច ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីបង្ហើបលទ្ធភាពស្នើសុំព្រះមហាក្សត្រឱ្យលើកលែងទោសទៅហើយ (ព្រោះប្រហែលលោកមិនដឹងទប់ទល់នឹងយុទ្ធនាការនេះយ៉ាងម៉េច) ទោះមិនទាន់ជោគជ័យក៏ដោយ តែនៅតែបញ្ជាក់ថាតាក់ទិចអហិង្សាប្រើពណ៌ខ្មៅមានប្រសិទ្ធភាព គ្មានយុទ្ធនាការណាផ្តើមមកជោគជ័យសម្រេចតាមគោលដៅតែម្តងទេ។ ទោះបីយ៉ាងណា សម្តីនាយករដ្ឋមន្ត្រីអំពីលទ្ធភាពស្នើសុំលើកលែងទោសគ្រាន់តែជាតាក់ទិចវាយក្បាលបអង្អែលខ្នងប៉ុណ្ណោះ ព្រោះសកម្មភាពរដ្ឋាភិបាលបានបង្ហាញថាកំពុងប្រើតាក់ទិចវាយបកវិញ ដោយតាមរកអ្នកបោះពុម្ពអាវនិងសហការនឹងវៀតណាម ពង្រឹងសមត្ថភាពបង្ក្រាបរបស់ខ្លួន។ បើយុទ្ធនាការមិនអាចរីកធំនិងប្រើតែតាក់ទិចផ្តុំគ្នាដដែលៗ ទៅកន្លែងដដែលនោះ នៅថ្ងៃដដែលៗ នោះនឹងបង្កើនហានិភ័យបង្ក្រាបហិង្សាឱ្យអ្នកចូលរួមដែលធ្វើឱ្យយុទ្ធនាការឃ្លាតកាន់តែឆ្ងាយពីពីគោលដៅទាមទារការដោះលែង៕

ដោយ លោក ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ