គណបក្សសង្គ្រោះជាតិនឹងជ្រើសរើសអនុប្រធានម្ដងទៀតនៅសប្តាហ៍នេះ

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

គណបក្សសង្គ្រោះជាតិនឹងបើកកិច្ចប្រជុំជ្រើសរើសអនុប្រធានម្ដងទៀត បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លក្ខន្ដិកៈថ្មីរបស់គណបក្ស។

មន្ត្រីជាន់ខ្ពស់​ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក​ ប៉ុល ហំម ឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា គណបក្សនេះនឹងបើកកិច្ចប្រជុំគណៈកម្មាធិការនាយកម្ដងទៀតនាថ្ងៃទី១៧ ខែឧសភានេះ ដើម្បីជ្រើសរើសអនុប្រធានបក្ស តបតាមការស្នើឡើងរបស់ក្រសួងមហាផ្ទៃ។​​

លោកមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនាយកនេះគឺដើម្បីឲ្យមានភាពត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងលក្ខន្ដិកៈគណបក្ស។

លោកថា៖ «និយាយមែនទែនផ្ទៃក្នុងយើង វាគ្មានស្អីទៀតទេ ព្រោះអនុម័តវាប៉ុន្មានដងរួចមកហើយ។​ ខ្ញុំមិនដឹងទេ ក្រសួងមហាផ្ទៃ ប៉ុន្ដែខ្ញុំមើលទៅ​ វាគ្មានអីដែលមិនច្បាស់ទៀតទេ ពីព្រោះវាច្បាស់ណាស់ទៅហើយ ពីព្រោះយើងចែងចំអញ្ចឹងម៉ងថា នៅពេលអត់មានអនុប្រធាន គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធាន»។

កាលពីថ្ងៃទី៣ឧសភាកន្លងទៅ ក្រសួងមហាផ្ទៃបានទទួលស្គាល់លក្ខន្ដិកៈប្រការ៤៧ថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះបានធ្វើសមាជ កាលពីចុងខែមេសាឆ្នាំ២០១៧ ដោយកែប្រែឲ្យទៅជាប្រការ៤៧ថ្មី(មួយ)។ ប៉ុន្ដែក្រសួងនៅតែមិនបានទទួលស្គាល់អនុប្រធាន៣រូបរបស់គណបក្សសង្គ្រោះជាតិ។

កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានធ្វើសមាជវិសាមញ្ញម្ដងទៀត ប៉ុន្ដែមិនបានផ្លាស់ប្ដូរសមាសភាពអនុប្រធានបក្ស៣រូប រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង នោះទេ។ កាលនោះ ក្រសួងមហាផ្ទៃលើកឡើងថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២មេសាឆ្នាំ២០១៧ គឺខុសនឹងលក្ខន្ដិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះបានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។

យ៉ាងណាក៏ដោយ បើតាមលក្ខន្តិកៈគណបក្សសង្គ្រោះជាតិត្រង់ប្រការ៤៧ថ្មី(មួយ) ថេរវេលានៃការជ្រើសរើសអនុប្រធានថ្មីនឹងមិនមានរយៈពេល៣០ថ្ងៃ ដូចប្រការ៤៧ថ្មីឡើយ គឺមានន័យថា លែងមានការកំណត់ថេរវេលាដូចមុនហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ