គ.ជ.ប អះអាងថាទឹកថ្នាំជ្រលក់ដៃសម្រាប់ប្រើពេលបោះឆ្នោត លុប​មិនជ្រះ​

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ការធ្វើតេស្តទឹកថ្នាំគំរូថ្មី​សម្រាប់​ប្រើ​ក្នុង​ការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ បង្ហាញថា លុប​មិនជ្រះទេ។ ការអះអាងយ៉ាងដូច្នេះ គឺមួយ​ថ្ងៃ​បន្ទាប់​ពីអ្នកនាំពាក្យ គជប បានប្រាប់អ្នកយកព័ត៌មានថា ទឹកថ្នាំ​គំរូ​ដែលផ្ដ​ល់​ដោយ​ក្រុម​ហ៊ុន​ផលិតទឹ​ក​ថ្នាំ អាចលុប​​ជ្រះដោយប្រើទឹកថ្នាំលាបសក់។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់VODនៅថ្ងៃចន្ទ ទី១៥ ឧសភា នេះ​ថា ទឹកថ្នាំជ្រលក់ដៃ ដែល គជប បញ្ជាទិញពីប្រទេសឥណ្ឌាចំនួន៤៦.៥០០ដប សម្រាប់​ប្រើក្នុង​ការ​បោះឆ្នោតឃុំ សង្កាត់​នាពេលខាងមុខ​ បានបញ្ជូនមកដល់​កម្ពុជា​ហើយ ដោយលោកថា ទឹកថ្នាំនេះ គជប បាន​ធ្វើតេស្តសាកល្បងជាមួយទឹកថ្នាំ​លាបសក់ ឃើញថា លុបមិនជ្រះនោះទេ ដោយលោកថា កុំ​​ឲ្យ​បក្ស​នយោ​​បាយ​នានា និងពលរដ្ឋម្ចាស់ឆ្នោតមានការព្រួយបារម្ភពីករណីនេះ។

លោកនិយាយថា«ទោះបីជាទឹកខ្មៅលុបជ្រះក៏ដោយ មិនលុបជ្រះក៏ដោយ ឬក៏មិនប្រើប្រាស់ទឹកខ្មៅក៏​ដោយ​ ក៏គជប នៅតែមាននីតិវិធីការពារមិនឲ្យមានអ្នកបោះឆ្នោតមិនឲ្យលើសពីមួយដងនោះទេ គឺបញ្ជី​ឈ្មោះបោះឆ្នោតមានរូបថតរបស់​អ្នកបោះឆ្នោត ទីពីរ នៅពេលបោះឆ្នោតមន្ត្រីបោះឆ្នោតមន្ត្រីបោះ​ឆ្នោតនឹធី​​[គូស]ឈ្មោះអ្នកដែលបានមកបោះឆ្នោតហើយ ហើយសមីខ្លួនគ៏ត្រូវ​ធ្វើការផ្ទៀងផ្ទាត់​ ហើយធីជ[គូស]ដោយផ្ទាល់ដៃអ្នកបោះឆ្នោតថាខ្លួនបានមក​បោះឆ្នោត​» ទីបី បញ្ជីបោះ​ឆ្នោតអត់មានឈ្មោះស្ទួន មិន​អាចមានអ្នកណា​មក​បន្លំបោះជំនួសបានទេ។

យ៉ាងណាក៏ដោយលោក ពុទ្ធា ក៏​បានអំពាវនាវទៅគណបក្សនយោបាយទាំងអស់ អង្គការ​មិនមែន​រដ្ឋាភិ​បាល​ និងម្ចាស់ជំនួយអន្តរជាតិ ចូលរួមធ្វើពិសោធន៍​​ទឹ​​​ក​ថ្នាំជ្រលក់ដៃ​ខាង​លើនេះជាមួយ គជប នៅថ្ងៃទី១៧ ខែ​ឧសភា​នេះ​ ខាងមុខ​នេះផងដែរ​។

អ្នកនាំពាក្យគ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានលោក សាម អ៊ិន មានប្រសាសន៍ថា បើនៅ​ថ្ងៃទី​១៧​ឧសភា​ខាងមុខនេះ​ គជប ធ្វើ​តេស្តទឹក​ថ្នាំជ្រលក់​ដៃនោះ ដោយលុប​មិនជ្រះមែនគឺជាការល្អ ដើម្បីកុំឲ្យអ្នក​នយោ​បាយយកទៅចោទដាក់គ្នា​ទៅវិញ​ទៅមក​​ដូចកាលបោះឆ្នោតឆ្នាំ២០១៣។

យ៉ាងណាក៏ដោយលោក​ថា ដើម្បីទុកចិត្តនិងធ្វើឲ្យជឿជាក់ មន្ត្រីសង្គមស៊ីវិល​ដែលធ្វើការ​លើបញ្ហា​នេះ ត្រូវ​ដាក់​ភ្នាក់ងារ​តាម​ដានការអនុវត្តជាក់ស្តែងនៅតាមមណ្ឌលឬការិយាល័យ​បោះឆ្នោត​ ដើម្បីឲ្យដឹងថា ទឹក​ថ្នាំជ្រ​លក់ដៃ ដែល គជប យកទៅប្រើក្នុងថ្ងៃបោះឆ្នោត​ឃុំ សង្កាត់នោះ ជាទឹកថ្នាំ​លុប​មិនជ្រះ​ឬយ៉ាងណា​។

លោកនិយាយថា«អង្គការសង្គមស៊ីវិល ជាពិសេសខាង ERA លោកជួយតាមដានបន្តទៅទៀតគឺទឹ​កថ្នាំ​ដែល​ប្រើជាក់ស្តែងនៅពេល​ថ្ងៃបោះឆ្នោតតែម្តងជាពិសេសគាត់ជ្រើសរើសSimple ឲ្យបាន១០ឃុំ ២០ឃុំ សង្កាត់មក​ ដើម្បីធ្វើការពិសោធន៍ជាក់ស្តែងម្តងទៀត ដើម្បីយើងអាច​កំណត់បានថាមានគុណភាព ដូចយើងពិសោធន៍នៅថ្ងៃទី១៧ឧសភាដែរឬទេ»

កាលពីថ្ងៃសប្តាហ៍មុន​ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់​មានប្រសាសន៍ថា គ.ជ.ប បាន​ទិញ​ទឹក​ថ្នាំ​សម្រាប់​ប្រើក្នុងការបោះឆ្នោតពីក្រុមហ៊ុនឥណ្ឌាឈ្មោះ Mysore Paints and Varnish Limited ក្នុងទឹកប្រាក់ជិត៨០០.០០០ដុល្លារ បើទោះជាក្រោយការធ្វើតេស្តបង្ហាញថា វាអាចលុបជ្រះដោយ​ប្រើ​ទឹក​ថ្នាំ​​អ៊ុតសក់ក៏ដោយ។ លោកបានថ្លែងថា  គជប នៅតែ​សម្រេចបន្តទិញទឹកថ្នាំនេះ ពីព្រោះ​សល់​ពេល​ខ្លី​ណាស់​​​មុន​ដល់ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។ ប៉ុន្តែនៅដើមសប្តាហ៍នេះលោក ពុទ្ធា អះអាង​ថា​ទឹក​នាំនេះលុប​មិនជ្រះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ