សកម្មជនដីធ្លីអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត

ប្រជាសហគមន៍បឹងកក់

សកម្មជនដីធ្លីដែលសកម្មក្នុងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សុំឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីដែលបម្រើប្រជាពលរដ្ឋ។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់ផ្អាកធ្វើយុទ្ធនាការអាវខ្មៅ  មិនមែនពួកគាត់ឈប់នោះទេ បើរដ្ឋាភិបាលមិនដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងតំណាងពួកគាត់នោះ បើទោះបីកន្លងមក មានការគំរាមកំហែងក៏ដោយ។ អ្នកស្រីបន្តថា ការផ្អាកធ្វើយុទ្ធនាការអាវខ្មៅ ដោយសារ ពួកគាត់ចង់ឲ្យស្ថានការណ៍បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ដើម្បីឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី។

អ្នកស្រីថា «ពួកយើសម្រាកមួយរយៈសិន បន្ទាប់ពីយើងមិនឲ្យមានការលាបពណ៌ពីថ្នាក់ដឹកនាំ ថាពួកយើងធ្វើបដិវត្តន៍ពេលដែលថ្នាក់នាំព្យាយាមគំរាមកំហែងទៅបញ្ហារូបភាពអស់ហ្នឹង ធ្វើឲ្យមានការភ័យខ្លាចចឹងពួកខ្ញុំចង់ឲ្យមានការស្ងប់ស្ងាត់មុនការបោះឆ្នោតឃុំសង្កាត់ ជួនកាលយកលេសពីរថ្នាក់ដឹកនាំ ឬ មួយចង់យកលេសចង់គំរាមកំហែលប្រជាពលរដ្ឋ»។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស៊ សន លើកឡើងប្រហាក់ប្រហែលគ្នាថា អាជ្ញាធរចេះតែទៅគំរាមពួកគាត់ឲ្យឈប់ធ្វើយុទ្ធនាការថ្ងៃចន្ទព៌ណខ្មៅទៀត ហើយបើនៅតែធ្វើពួកគាត់អាចមានទោស ប៉ុន្តែពួកគាត់មិនខ្លាចចំពោះការគំរាមនោះឡើយ។ ​អ្នកស្រីបន្តថា មួយរយៈនេះ ពួកគាត់ផ្អាកធ្វើយុទ្ធនាការអាវខ្មៅ ដោយសារ ជិតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ អ្នកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីធ្វើការផ្លាស់ប្ដូរ។

អ្នកស្រីថា «មីងមានតែផ្ញើរឲ្យប្រជាពលរដ្ឋយើងកុំខ្លាច ហើយបោះឆ្នោតជាសិទ្ធិរបស់យើង យើងបោះឆ្នោតឲ្យអ្នកណាដែលអាចជួយយើងបាន​ អាចឲ្យយើងមានជីវិភាពធូរធារ ហើយនៅក្នុងសហគមន៍មីងគេចាប់ផ្ដើមចែកអង្ករចែកលុយ ប៉ុន្តែសម្រាប់ពួកមីងអ្នកនៅលើគំនរសម្រាម គឺគេមិនឲ្យទេគេរើសអើងពួកមីងចឹង។ មីងចង់ឲ្យយើងជាយុវជនក៏ដោយ ហើយប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា ដើម្បីឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំបានល្អក្រែងលោជីវភាពយើងបានធូរធារ បានដីបានផ្ទះយើងមកវិញ ព្រោះអីសព្វថ្ងៃគឺមានការគាបសង្កាត់ខ្លាំងណាស់ពេលណាយើងធ្វើ»។

ជារៀងរាល់សប្ដាហ៍ សកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជា​ពល​រដ្ឋតែងតែពាក់​អាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា អ្នកវិភាគនយោបាយ លោក គឹម សុខ សកម្មជន​បឹង​កក់​អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី។ ប៉ុន្តែមួយរយៈចុងក្រោយពួកគេបានផ្អាកធ្វើយុទ្ធនាការនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា អ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សុំឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី គឺអាចប្រឈមនឹងផ្លូវច្បាប់ បើសិនជាមានគោលដៅទុច្ចរិតណាមួយដែលល្មើសនឹងច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ