លោក ទៀ បាញ់ គំរាម «វាយបាក់ធ្មេញ» បើមានការតវ៉ានឹងលទ្ធផលបោះឆ្នោត

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់

រដ្ឋមន្ដ្រីក្រសួងការពារជាតិបានព្រមានវាយបង្រ្កាប ប្រសិនបើមានការតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដូចកាលពីអាណត្តិមុន ដែលអ្នកតវ៉ាបានប្រើពាក្យថា «ដូរដូរ ឬ ហ៊ុន សែន​ អើយចុះចេញទៅ» ដោយលោក ទៀ បាញ់ ចាត់ទុកថាពាក្យនេះធ្វើឲ្យច​លាចលក្នុងសង្គម​​។

លោក ទៀ បាញ់ បានថ្លៃងនៅខាងមុខមន្ដ្រីរាជការ និងពលរដ្ឋជាច្រើនរយនាក់បែបនេះ​ នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារមណ្ឌល​រដ្ឋបាល មន្ទីរ សាលាខេត្ដសៀមរាប កាលពីថ្ងៃអាទិត្យ៖ «អាហ្នឹងស្ដាប់ឲ្យច្បាស់នាំឲ្យមានការចលាចលឬយើងធ្វើសញ្ញានាំមកនូវភាពអសន្ដិសុខកើតឡើងទាំងរូបភាពណាក៏ដោយឡែក គឺមិនបណ្ដែតបណ្ដោយឲ្យធ្វើទៀតទេ ដើរជេរថា អានេះឲ្យចុះចេញ អានោះឲ្យរត់ សុំចុះចេញ ដូរចេញ ដូរដូរ អត់មានទៀតទេ ផែនការទាំងនេះ មិនអនុញ្ញាតទៀតទេ ព្រោះយើងបានចំណាយច្រើនហើយ»។

ឧបនាយករដ្ឋមន្រ្ដីរូបនេះបានថ្លែងទៀតថា រដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសឲ្យរួចផុតពីប្រល័យ​ពូជសាសន៍ និងបានចំណាយថវិកាជាច្រើនទៅលើការអភិវឌ្ឍប្រទេស​ជាតិ ប៉ុន្ដែបែរជាមានពលរដ្ឋ ឬគណបក្សនយោបាយ​ដែល​លោកទំនងសំដៅលើបក្សប្រឆាំង មកប្រើពាក្យថា «ដូរ ដូរ»និងពាក្យថា «ហ៊ុន សែន អើយចុះចេញទៅ» ទៅវិញ។ លោកបន្ដថា លោកនឹងមិនឲ្យប្រើពាក្យនេះទៀតឡើយ។ លោកបន្ដថា«យើងបានមកដល់សព្វថ្ងៃនេះហើយបែជាមកណាណីពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាត​មកទាមទារនេះទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ មិនទុកទេប្រាប់ឲ្យហើយគឺនិយាយគ្នាត្រង់ចឹងម៉ងថាម៉េចថាចុះរឿងពិតត្រូវនិយាយគ្នាចឹង​មាត់ណាមាត់ហ្នឹងគឺហាមនិយាយដាច់ខាត»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការប្រើពាក្យ​ដូរដូរ​ និង ហ៊ុន សែន អើយចុះចេញទៅនេះ មិនមែនជាពាក្យអ្វីដែលគួរឲ្យព្រួយបារម្ភទេហើយក៏គ្មានច្បាប់ណាហាមឃាត់ដែរ។លោកបន្ដថា នៅលើពិភពលោក ពួកគេតែយក​ពាក្យស្លោកទៅប្រើប្រាស់នៅពេលបោះឆ្នោត។ លោកបញ្ជាក់ថា បើសិន គជប បានបំពេញការបោះឆ្នោត ដោយអព្យាក្រិត្យនិងឯករាជ្យ ក្នុងពេលបោះឆ្នោត​នោះ ពលរដ្ឋក៍លើកយកពាក្យទាំងនោះមកប្រើដែរ។​ លោកបន្ដថា «ប្រើពាក្យស្លោកប្រើពាក្យអីចឹងតាម ធម្មតាការបោះឆ្នោតវាត្រូវការផ្លាស់ប្ដូរតំណែង ត្រូវមានការផ្លាស់ប្ដូរតួនាទីនេះជារឿងធម្មតាវាជាក្រិតក្រមសង្គមតើ។ ហើយខ្ញុំមិនយល់​ដែរមិនគាត់យល់ឃើញយ៉ាងម៉េច»

នាយកប្រតិបត្ដិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP និងជាសមាជិកបន្ទប់ស្ថានការណ៍បោះឆ្នោត លោក ជាង សុខា មានប្រសាសន៍ថា ពាក្យថា ផ្លាស់ប្ដូរ ឬដូរ ទាំងនេះជាពាក្យពេជ្រធម្មតា ដែលពលរដ្ឋធ្លាប់ប្រើប្រាស់តាំងពីរសង្គមចាស់ ដែលលោកថា មិនប៉ះពាល់​ដល់សន្ដិសុខសង្គមនោះទេ វាលើកលែងតែទង្វើរបស់មនុស្ស។ លោកបន្ដថា «រស់នៅសម្រាប់ក្រុមជារឿងធម្មតាទេ វាលើកលែងតែទង្វើរបស់មនុស្សរបស់ក្រុមទេ ដែលគេគិតថា​ធ្វើឲ្យប៉ះពាល់ទៅដល់កិត្ដិយសខ្លូនឯងកិតិ្តយសក្រុម ឬប្រទេសជាតិអីអាហ្នឹងបានជាអ្វីមួយគួរអាជ្ញាធររាជរដ្ឋាភិបាលគួរពិចារណាបាទ»

សូមជម្រាបថា ការប្រើពាក្យដូរដូរ ឬហ៊ុនសែន អើយចុះចេញទៅ បានកើតឡើង បន្ទា​ប់​ពីបោះឆ្នោត ជាតិឆ្នាំ២០១៣កន្លងមក ដោយពលរដ្ឋអ្នកគាំទ្របក្សប្រឆាំងចាត់ទុកថា ការ​បោះ​ឆ្នោតពេលនោះ គ្មានភាពយុត្ដិធម៌សម្រាប់ពួកគាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ