សង្គមស៊ីវិល​មិនចង់ឲ្យរដ្ឋាភិបាលដោះដូរ​​ទីលានប្រជាធិបតេយ្យ

ទិដ្ឋភាពទីលានប្រជាធិបតេយ្យកាលពីពេលកន្លងទៅ

មន្ត្រីសង្គមស៊ីវិលបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាថា ពួកគេមិនចង់ឲ្យរដ្ឋាភិបាលដោះដូរទីលានប្រជាធិបតេយ្យទៅទីតំាងថ្មីនោះទេ ដោយថាទីតំាងចាស់នៅជិតស្ថានទូតអាមេរិកជាកន្លែងប្រជុំជនងាយស្រួលឲ្យប្រជាពលរដ្ឋជួបជុំសម្តែងមតិ។

ការលើកឡើងនេះគឺបន្ទាប់ពីអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ថ្លែងថាប្រជាពលរដ្ឋមួយចំនួននៅក្បែរទីលានប្រជាធិបតេយ្យស្នើឲ្យអាជ្ញាធរផ្លាស់ប្តូរទីលានប្រជាធិបតេយ្យទៅកន្លែងផ្សេង ដោយថាពេលធ្វើបាតុកម្មម្តងៗធ្វើឲ្យកកស្ទះចរាចរណ៍និងប៉ះពាល់អាជីវកម្មពួកគេ ហើយលោក ប៉ា សុជាតិវង្ស ថានឹងពិចារណាលើសំណើនេះ។

អគ្គលេខាធិការគណៈកម្មាធិការប្រព្រឹត្តកម្មនៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថាលោកមិនគំាទ្រឲ្យរដ្ឋាភិបាលប្តូរទីលានប្រជាធិបតេយ្យទៅកន្លែងផ្សេងនោះទេ ដោយលោកថា ទីតំាងបច្ចុប្បន្ននេះស្ថិតនៅកន្លែងប្រជុំជនងាយស្រួលឲ្យប្រជាពលរដ្ឋជួបជុំសម្តែងមតិបង្ហាញសារទៅសាធារណៈជននិងរដ្ឋាភិបាលដឹងពីទុក្ខកង្វល់របស់ពួកគេ។ លោកបន្តថា៖ ខ្ញុំគិតថា បើសិនជារឿងនេះមានការដោះដូរវាមិនសមស្របទេ ពីព្រោះថាការដែលគេធ្វើបាតុកម្មដោយសន្តិវិធី ដែលគេជួបជុំគ្នាដោយសន្តិវិធី គឺគេធ្វើនៅកន្លែងណាដែលមានប្រជាពលរដ្ឋកុះករ ដើម្បីជាលទ្ធភាពក្នុងការអប់រំសាធារណៈជនក៏ដូចជាងាយស្រួលបញ្ជូនសារទៅដល់ស្ថាប័នសាធារណៈរបស់រដ្ឋ

ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង យល់ឃើញប្រហាក់ប្រហែលនឹងលោក សួន ប៊ុនស័ក្តិ ដែរ។ ប៉ុន្តែលោកថាបើមានការផ្លាស់ប្តូរទីលានប្រជាធិបតេយ្យទៅតំបន់ដាច់ស្រយាលឬឆ្ងាយពីស្ថាប័នរដ្ឋ នោះការសំដែងមតិរបស់ប្រជាពលរដ្ឋមិនមានន័យនោះទេ។ លោកបន្ថែមទៀតថា៖ ខ្ញុំថាបើទីលានប្រជាធិបតេយ្យដាក់ទៅឆ្ងាយពីសាធារណៈជនឆ្ងាយពីប្រជាពលរដ្ឋឬក៏ពីសាធារណៈជនដែលគេធ្វើដំណើរចុះឡើងឬក៏ឆ្ងាយពីស្ថាប័នដែលធ្វើសេចក្តីសម្រេចចិត្ត ទីលានប្រជាធិបតេយ្យលែងសូវមានន័យហើយ

ឆ្លើយតបនឹងករណីនេះអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស មានប្រសាសន៍ប្រាប់VODនៅថ្ងៃពុធនេះថា បច្ចុប្បន្ននេះសាលារាជធានីភ្នំពេញមិនមានគម្រោងដោះដូរទីលានប្រជាធិបតេយ្យនោះទេ។ ប៉ុន្តែលោកថារាល់សំណើររបស់ប្រជាពលរដ្ឋ សាលារាជធានីនឹងសិក្សាបន្តទៀតលើករណីនេះ។ លោកមានប្រសាសន៍ថា៖ រឿងរបស់ប្រជាជនរបស់យើងដែលរស់នៅកន្លែងហ្នឹង សំណូមពរឲ្យយើងប្តូរទីតំាងហ្នឹងទៅ ដោយសារការរំខានការរស់នៅរបស់គេ តែយើងគ្មានលទ្ធភាពនឹងប្តូរ យើងអត់មានទីតំាងណាដូរទេ គឺទុកពេលសម្រាប់សិក្សាបន្តទៀត

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ដាក់ការសង្ស័យថាការស្នើសុំរបស់ប្រជាពលរដ្ឋមួយចំនួននៅក្បែរទីលានប្រជាធិបតេយ្យសុំដូរទីតំាងនោះទំនងមានអ្នកនៅពីក្រោយ។ ប៉ុន្តែលោកថាបើរដ្ឋាភិបាលដោះដូរទីលានប្រជាធិតេយ្យមែន លោកថារដ្ឋាភិបាលគេចវេសមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងគ្រោះ។ លោកបន្តថា៖ ខ្ញុំបារម្ភការដែលបង្កើតឲ្យមានព្រឹត្តិការណ៍បែបហ្នឹង មិនដឹងជាមានស្អីនៅពីក្រោយទេ ឬមួយក៏ចង់យកដីទៅលក់ឬមួយក៏ថាដាក់ទៅឲ្យឆ្ងាយ ដើម្បីឲ្យចេញពីមុខមាត់អ្នកដែលត្រូវដោះស្រាយបញ្ហា វាមិនល្អជាងហ្នឹងទេ កន្លែងហ្នឹងហើយជាកន្លែងសមស្របអត់ចំាបាច់រើរុះទៅណាទៀតទេ

កាលពីឆ្នាំ២០១៣ គណបក្សប្រឆំាងបានប្រើប្រាស់ទីលានប្រជាធិបតេយ្យធ្វើបាតុកម្មមិនទទួលយកលទ្ធផលបោះឆ្នោត បន្ទាប់មកអាជ្ញាធរបានបិទកន្លែងសំដែងមតិនេះជាច្រើនខែធ្វើឲ្យមានការរិះគន់ពីអ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ស្របពេលនោះដែរគឺនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនបានដឹកនាំការតវ៉ាមួយនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យឡើងវិញ ហើយក៏មានហិង្សាកើតឡើងរវាងអ្នកចូលរួមការតវ៉ានិងសន្តិសុខខណ្ឌដូនពេញដែលគេមើលឃើញថា តែងតែវាយបង្រ្កាបអ្នកតវ៉ានៅជិតទីលាននោះ។ ក្នុងរណីនេះ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិជាង១០រូបផ្សេងទៀតត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំពីបទចូលរួមនិងដឹកនាំកុបកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ