ឌុច​ថា ខៀវ​ សំផន មាន​​ឈ្មោះ​ចូលក្នុង​ចម្លើយ​សារភាព​របស់​ស២១

លោក ខៀវ សំផន នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ (រូប​ពី ECCC)

ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ត្រូវបានប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែងលោកកាំង ហ្កេចអៀវ ហៅឌុច អះអាងថាមានឈ្មោះក្នុងចម្លើយសារភាពរបស់អ្នកទោសក្នុងមន្ទីរនេះដោយថាលោកជាភា្នក់ងារCIA។

លោក ខៀវ សំផន ដែលមានឈ្មោះបដិវត្តន៍ថាសមមិត្តហែម ត្រូវបានលោកឌុច អះអាងថាលោកត្រូវបានអ្នកទោសខ្មែរក្រហមដែលត្រូវបានធ្វើទារុណកម្មនៅស២១ ឆ្លើយដាក់ថាជាភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកCIA។ ការអះអាងរបស់លោក កាំង ហ្កិចអៀវបែបនេះបានធ្វើឡើងក្នុងពេលដែលលោកបានធ្វើជាសក្ខីកម្មថ្ងៃទី៦របស់លោក ក្នុងសំណុំរឿង០០២/០២នៃសាលាក្តីខ្មែរក្រហម ដែលលោកបានឆ្លើយទៅហ្នឹងសំណួររបស់សហចៅក្រមនៃសាលា ក្តីដែលសុំឲ្យលោកបកស្រាយពីចម្លើយរបស់លោកឌុចកាលពីឆ្នាំ២០១២ដែលគាត់បានឆ្លើយថាប្រធានរោងចក្រ អគ្គិសនីនៅចាក់អង្រែ បានឆ្លើយដាក់លោក ខៀវ សំផន ថាលោកគឺជាចារកម្មCIA។

ឌុចបានថ្លែងថា៖ “រឿងនេះជាសេចក្តីពិតដែលខ្ញុំបានជួបប្រទះមែន។ មិត្តជងនេះ ឈ្មោះដើមយក់ ជួង ហើយការងារជាមួយខ្ញុំជាប់ទាក់ទងគ្នាយ៉ាងមិញខ្ញុំបានរាយការណ៍ប្រាប់អង្គប្រជុំហើយ ហើយនៅពេលដែលគេសួរគាត់ៗឆ្លើយថាមេដឹកនាំរបស់គាត់ទាំងចំហរ ទាំងសម្ងាត់ខាងសេអ៊ីអាគឺបងហែម(ខៀវ សំផន)។ ខ្ញុំយករឿងនេះទៅជម្រាបពូនួន(នួន ជា) ពូនួនស្តីឲ្យខ្ញុំនៅចាំពាក្យនឹងស្ទើរតែទាំងស្រុង។ គាត់ថាមើលម៉ាស្រុកខ្មែរ មានតែខ្ញុំនិងបងប៉ុល(ប៉ុល ពត) ទេឬអី អ្នកណាក៏សេអ៊ីអាដែរ។ នែមិត្តឯងធ្វើឲ្យស្រួលបួលណា! ប្រយ័ត្នខ្ញុំឲ្យទៅធ្វើទូត!”។

លោកឌុចបានបន្តទៀតថាបក្សកុំម្មុយនីស្តកម្ពុជាបានស្នើឲ្យលោកដកឈ្មោះលោក ខៀវ សំផន ចេញពីបញ្ចីនៃឈ្មោះដែលត្រូវអ្នកទោសឆ្លើយដាក់នោះ។ លោកមានប្រសាសន៍ថា៖ “ជាវិន័យរបស់បក្ស តែបក្សឆ្លើយថានណារត្រូវដកឈ្មោះហើយត្រូវដកឈ្មោះចេញខ្ញុំអត់មានហ៊ានល្មើសទេ ”។

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានកាត់ទោសលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងសំណុំរឿង០០២/០១។ លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ