រដ្ឋាភិបាលថាអ្នកក្លែងញត្តិថ្វាយព្រះមហាក្សត្រអាចជាប់ទោសដល់៥ឆ្នាំ

ញត្តិរបស់គណបក្ស​សង្រ្គោះជាតិ​ ពេល​ដង្ហែទៅ​ថ្វាយព្រះមហាក្សត្រ​​កាល​ពីពេល​កន្លងទៅ

មន្រ្តីរដ្ឋាភិបាលថាអ្នកថ្វាយញត្តិនិងអ្នកហែញត្តិថ្វាយព្រះមហាក្សត្រអាចប្រឈមទោសព្រហ្មទណ្ឌទាក់ទងនឹងការក្លែងឯកសារសាធារណៈ ដោយសារក្រុមស្រាវជ្រាវរកឃើញថាស្នាមមេដៃមានភាពមិនប្រក្រតីច្រើន។

កាលពីថ្ងៃទី៣០ ខែឧសភា តំណាងរាស្រ្តគណបក្សប្រឆាំងបានហែញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពអភ័យឯកសិទ្ធិតំណាងរាស្រ្ត។ ក្រោយការថ្វាយញត្តិនោះ លោកនាយករដ្ឋមន្រ្តីបានសម្រេចឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរកម្ចាស់ស្នាមមេដៃដោយផ្ទាល់ និងថាធ្វើកោសលវិច្ច័យទៅលើស្នាមមេដៃទាំងនោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រុមស្រាវជ្រាវរកឃើញថាញត្តិថ្វាយព្រះមហាក្សត្រនោះមានស្នាមមេដៃខុសប្រក្រតីច្រើន ហើយលោកថាអ្នកថ្វាយញត្តិអាចប្រឈមបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការក្លែងឯកសារសាធារណៈដែលអាចជាប់ទោសពី៦ខែទៅ៥ឆ្នាំ។ លោកបន្ថែមថា ការរកឃើញភាពមិនប្រក្រតីនោះមានដូចជាឯកសារខ្លះមានមនុស្សម្នាក់ផ្ដិតមេដៃ២ទៅ៣ដង ឯកសារខ្លះមានស្នាមមេដៃអត់អាសយដ្ឋាននិងឯកសារខ្លះទៀតមានស្នាមមេដៃជាន់គ្នាច្រើន សរុបប្រមាណ៣០ភាគរយនៃស្នាមមេដៃសរុប។

លោកបន្ថែមថា៖ “អ្នកដង្ហែញត្តិនិងថ្វាយព្រះករុណាគឺដង្ហែញត្តិស្នាមមេដៃក្លែងក្លាយថ្វាយព្រះករុណានេះជាកំហុសមួយធ្ងន់ណាស់ខាងផ្លូវសីលធម៌ទីមួយ ហើយបើតាមផ្លូវច្បាប់ក៏គេអាចចោទប្រកាន់តាមនីតិវិធីដែរ ការក្លែងឯកសារសារធារណៈ…អាហ្នឹងមានទោសព្រហ្មទណ្ឌពី៦ខែទៅ៥ឆ្នាំ អាហ្នឹងបើតាមច្បាប់ក្លែងឯកសារសាធារណៈ”។

ប៉ុន្តែគណបក្សសង្រ្គោះជាតិបានប្រកាសថា បើចង់ដឹងថាអ្នកផ្តិតស្នាមមេដៃនោះមានឈ្មោះពិតឬមិនពិត រដ្ឋាភិបាលគួតែឲ្យអ្នកទាំងនោះឡើងមកជុំគ្នានៅមុខវាំង។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃនេះថាការស្រាវជ្រាវស្នាមមេដៃនោះគណបក្សសង្គ្រោះជាតិមិនបានចូលរួមក្នុងការពិនិត្យទេ ដូច្នេះមិនដឹងថាមានភាពមិនប្រក្រតីពិតប្រាកដឬយ៉ាងណានោះទេ។ លោកបន្ថែមថាក្នុងនាមជាតំណាងរាស្រ្តសុខចិត្តដើរចូលគុក បើសិនជាជាប់ទោសព្រហ្មទណ្ឌ ដោយគ្រាន់តែប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍។

លោកមានប្រសាសន៍ថា៖ “ក្រុមតំណាងរាស្ត្រ៥៥រូបដែលដង្ហែញត្តិថ្វាយព្រះករុណ បើមានទោសព្រហ្មទណ្ឌហើយចាត់ទុកថាជារឿងធ្ងន់ធ្ងរ ដោយសារបំពេញតួនាទីជាអ្នកតំណាងរាស្ត្រទទួលញត្តិពីប្រជាពលរដ្ឋយកទៅថ្វាយស្ថាប័នព្រះមហាក្សត្រយកទៅប្រគល់ជូនស្ថាប័នពាក់ព័ន្ធជូនអន្តរាគមន៍ ទោសព្រហ្មទណ្ឌមួយឆ្នាំឬពីរឆ្នាំ ៥៥នាក់បើកទ្វាគុកដើរចូលគុកតែម្ដង”។

ទោះបីជាមានការស្រាវជ្រាវនិងធ្វើកោសលវិច្ច័យក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែបន្តប្រមូលស្នាមមេដៃជាលើកទី២ដោយប្រកាសនៅថ្ងៃពុធនេះថាខ្លួនទទួលស្នាមមេដៃជាងកើនដល់២៦ម៉ឺននាក់ពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥។ គណបក្សថាស្នាមមេដៃទាំងនោះសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ ក្នុងដំណើការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនេះ មន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានអាជ្ញាធរឃាត់ខ្លួននិងបានឲ្យចុះកិច្ចសន្យាបញ្ឈប់ការដើរប្រមូលស្នាមមេដៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ