បក្ស​ប្រឆាំង​ដាក់លិខិតថ្វាយព្រះមហាក្សត្រ​សុំ​ចូល​គាល់​ព្រះអង្គ​

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កាលពីពេលកន្លងទៅ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សប្រឆាំងបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលគាល់ព្រះអង្គរាយការណ៍ពីស្ថានការណ៍នយោបាយបច្ចុប្បន្ននេះ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងនៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើថាគណបក្សបានដាក់លិខិតថ្វាយព្រះមហាក្សត្រកាលពីថ្ងៃអង្គារ ដើម្បីចូលគាល់នៅពេលខាងមុខ។ លោកបន្តថាការស្នើសុំចូលគាល់នេះដើម្បីរាយការណ៍ពិស្ថានភាពនយោបាយនៅកម្ពុជា។

លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថាគណបក្សនឹងរៀបចំដាក់ញត្តិនិងស្នាមមេដៃជាថ្មីទៅថ្វាយព្រះមហាក្សត្រ តែលោកមិនទាន់អាចបញ្ជាក់ពីពេលវេលានោះទេ។

កាលពីថ្ងៃទី២៨ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាបក្សប្រឆាំងកំពុងតែ”បោក”ព្រះមហាក្សត្រពីកម្តៅនយោបាយនៅកម្ពុជា ដោយលោកបានថ្លែងថានយោបាយនៅកម្ពុជាមិនជួបវិបត្តិដូចបក្សប្រឆាំងរាយការណ៍ទៅព្រះមហាក្សត្រនោះទេ។

ក្នុងលិខិតដាក់ថ្វាយព្រះមហាក្សត្រ តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថានាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តនិងមានការរឹតត្បិតអង្គការសង្គមស៊ីវិលនិងសហជីពតាមរយៈច្បាប់អង្គការ ការគំរាមកំហែងមន្រ្តីសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួន។ គណបក្សចាត់ទុកថាករណីទាំងនេះបណ្តាលឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នមាន”សភាពកាន់តែធ្ងន់ធ្ងរទៅៗដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋ ដែលធានាដោយរដ្ឋម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”

តំណាងរាស្រ្តបក្សប្រឆាំងបញ្ជាក់ថា៖ “ស្ថានការណ៍ដុនដាបពេលនេះ បើគ្មានដំណោះស្រាយទាន់ពេលវេលានោះទេ នឹងធ្វើឲ្យប្រទេសកម្ពុជាដើរថយក្រោយវិលទៅរកអតីតកាលជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗដូចជាស្ថាប័នសភា ស្ថាប័នតុលាការនិងស្ថាប័នរដ្ឋមួយចំនួនមានដំណើរការមិនប្រក្រតីនិងបាត់បង់ឯករាជ្យភាពរបស់ខ្លួន…”

គួររំឭកថាកាលពីថ្ងៃទី២២ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណ៤០រូប បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ សុំឲ្យព្រះអង្គព្រះរាជអន្តរាគមន៍ ករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងប្រើប្រាស់ផែនទីក្លែងក្លាយ៕ កាន់ វិច្ឆិកានិងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ