ក្រុមគ្រួសារសពថា​សមត្ថកិច្ចសង្ស័យការស្លាប់​អតីតតារាសម្តែង​ហួត សារ៉ាវឌី ​ជាឃាតកម្ម​

ម៉ូតូជនរងគ្រោះនិង​សាកសព(រូបថតដោយ​ក្រុមគ្រួសារជនរងគ្រោះ)

ក្រុមគ្រួសារអតីតតារាសម្តែងអ្នកស្រី ហួត សារ៉ាវឌី អះអាងថាសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលើករណីស្លាប់របស់អតីតតារាសម្តែងរូបនេះ តែថាសមត្ថកិច្ចបានដាក់ការសង្ស័យថាការស្លាប់នេះជាអំពើឃាតកម្ម ដែលខុសពីការសន្និដ្ឋានពីមុនថាជាគ្រោះថ្នាក់ចរាចរណ៍។

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នេះអ្នកស្រី ហួត សារ៉ាវឌី ត្រូវបានគេរកឃើញថាស្លាប់ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលការស្លាប់នេះជាជំហានដំបូងត្រូវសមត្ថកិច្ចអះអាងថាជាគ្រោះថ្នាក់ចរាចរណ៍ តែក្រុមគ្រួសារមិនយល់ស្របនិងថាជាអំពើឃាតកម្មរំលោភសម្លាប់។

បងស្រីបង្កើតរបស់អ្នកស្រី ហួត សារ៉ាវឌី គឺអ្នកស្រី ហួត ម៉ាន់ណារ៉ា ប្រាប់វីអូឌីនៅរសៀលនេះថាប្តីនិងម្តាយអ្នកស្រីបានទៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែងនៅព្រឹកថ្ងៃពុធនេះ ដើម្បីយកលិខិតបញ្ជាក់ការស្លាប់របស់អ្នកស្រី ហួត សារ៉ាវឌី។ អ្នកស្រីថាលើលិខិតនោះសមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នៅឡើយ។ អ្នកស្រីបន្តថាពេលទៅយកលិខិតបញ្ជាក់ការស្លាប់នោះ ប្តីនិងម្តាយរបស់អ្នកស្រីបានសួរនាំសមត្ថកិច្ចពីដំណើការស៊ើបអង្កេតលើការស្លាប់របស់ប្អូនអ្នកស្រី ដោយសមត្ថកិច្ចបានឲ្យក្រុមគ្រួសាររក្សាភាពស្ងៀមស្ងាត់និងរង់ចាំលទ្ធផលស៊ើបអង្កេតពីសមត្ថកិច្ច។

ទោះជាយ៉ាងណា អ្នកស្រី ហួត ម៉ាន់ណារ៉ា បញ្ជាក់ថាសមត្ថកិច្ចសង្ស័យថាករណីនេះអាចជាឃាតកម្ម។ ដែលផ្ទុយពីការសន្និដ្ឋានជំហានដំបូងថាជាគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្រីមានប្រសាសន៍ថា៖ “ប៉ូលិសថាគេកំពុងរករឿងឃាតកម្មហ្នឹង ករណីហ្នឹងគេបកមកថាពិតជារឿងឃាតកម្មមែន កាលដំបូងគេសង្ស័យថាជារឿងចរាចរណ៍ ដ៏ពេលយើងឃើញស្លាកស្នាម(លើអ្នកស្លាប់)ហ្នឹងគេថាជាឃាតកម្មវិញ…គេថាកុំឲ្យយើងរំខានគេកំពុងធ្វើការអ៊ីចឹងចាស”

អធិការស្តីទីស្រុកកំពង់ត្របែក លោក ជុន សារិទ្ធិ ប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថាសមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះទៅតុលាការកាលពីសប្តាហ៍មុន ហើយថាសមត្ថកិច្ចកំពុងតែស៊ើបអង្កេតបន្តករណីនេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថាជាជំហានដំបូងសមត្ថកិច្ចនៅតែសង្ស័យថាជាគ្រោះថ្នាក់ចរាចរណ៍ តែលោកថាទុកឲ្យតុលាការស៊ើបអង្កេតបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ