លោក ហ៊ុន សែន៖ ទាល់តែបក្សប្រជាជនរលាយបាន ប្រេដ អាដាម ថាល្អ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 5:15 PM | នយោបាយបោះឆ្នោត | 0 | 4460 លោក ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានប្រតិកម្មតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ដែលថាការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-​សង្កាត់​​ឆ្នាំ​២០១៧នៅ​កម្ពុជាមិន​ល្អ ខណៈលោកថ្លែងកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១៥ មិថុនា ២០១៧ លោក ហ៊ុន សែន ថ្លែងថាការបោះឆ្នោតគ្មានហិង្សា និងប្រជាជនចេញមកបោះឆ្នោតច្រើន ហើយអង្គការជាច្រើនបានទទួលស្គាល់ការបោះឆ្នោតនេះថាល្អ​ប៉ុន្តែលោកថាខុសគេតែ ប្រេដ អាដាម ម្នាក់ឯង។ លោកថា «តែខ្ញុំអត់យល់ទេ! បណ្តារស្ថានទូតនានារាប់ទាំងទូតអាមេរិកនៅទីក្រុងភ្នំពេញចេញសេចក្តីថ្លែងការណ៍ថាការបោះឆ្នោតហ្នឹងល្អ! ដល់មានអង្គការក្រៅរដ្ឋាភិបាលមួយរបស់ ប្រេដអាដាម Human Rights Watch ស្អីគេនោះ? វាថាអាហ្នឹងអត់ល្អ! បើចឹងស្តាប់អ្នកណាឥឡូវហ្នឹង? អាហ្នុងស្អីក៏មិនល្អដែរ ជាពិសេសឲ្យតែគណបក្សប្រជាជនឈ្នះ គឺថាអាហ្នឹងមិនល្អម៉ង ស្តាប់តែប៉ុណ្ណឹងទៅដឹងហើយ ទាល់តែថា គណបក្សប្រជាជនរលាយបានអាហ្នឹងថាល្អ!»។​

អង្គការឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួននៅ​ថ្ងៃ​ទី​១២ មិថុនា នៅ​ទី​ក្រុង​ញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក​ ថាការ​បោះឆ្នោតឃុំ​សង្កាត់​​ឆ្នាំ​២០១៧នៅ​កម្ពុជា មិន​ពេញ​លក្ខណៈនៃ​ការ​បោះឆ្នោត​ប្រជា​ធិបេតេយ្យ​នោះ​ទេ ដោយ​សារ​អង្គការ​នេះ​លើក​ឡើង​ពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ទៅ​លើ​អ្នកគាំទ្រ និង​សមាជិក​បក្ស​ប្រឆាំង ការ​គំរាម​របស់​ក្រសួង​មហា​ផ្ទៃ​ទៅ​លើ​អង្គកា​រសង្គម​ស៊ីវិលនៅ​មុន​ការ​បោះឆ្នោត ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​​ភាព​គ្នារវាង​បក្ស​កាន់​អំណាចនិង​បក្សប្រឆាំង ការ​ចេញ​មក​បោះឆ្នោត​ដោយ​ទាហាន​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន ភាព​​មិន​​ប្រក្រតី​នៃ​ការ​បោះពុម្ភសន្លឹក​ឆ្នោត​ច្រើន​លើសពីចំនួន​អ្នក​បោះ និង​ការបាត់​បង់​សំឡេង​របស់​កម្ម​ករ​ចំណាកស្រុក​ ក៏ដូច​ជា​កម្មករ​រោងចក្រ​នៅ​ក្នុង​ស្រុកជាដើម​។

លោក សួន ប៊ុនស័ក្តិ អ្នកប្រឹក្សាយោបល់ផ្នែក សិទ្ធិមនុស្សនិងអភិបាលកិច្ច យល់ថា ការលើកឡើងរបស់ Human Rights Watch គ្រាន់តែជាការបញ្ចេញមតិស្របទៅតាមអ្វីដែលគេរកឃើញប៉ុណ្ណោះ។ លោកថា «ខ្ញុំគិតថាអាហ្នឹងគ្រាន់តែជាសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការអន្តរជាតិទៅលើកិច្ចការរដ្ឋមួយតែប៉ុណ្ណឹងទេ។ មែនទែនទៅ! អ្វីៗឋិតក្នុងឯករាជ្យភាពរបស់រដ្ឋមួយៗក្នុងការដឹកនាំចាត់ចែងរដ្ឋរបស់គេ» ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលបឋម ដែលគណបក្សធំពីរទទួលបានគឺប្រកៀកគ្នា ដោយគណបក្សប្រជាជនកម្ពុជាឈ្នះ​ឃុំ​សង្កាត់​ដល់​ទៅ ១,១៥៨​ឃុំ-សង្កាត់​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិឈ្នះ​បាន​​ឃុំ​-សង្កាត់​ដល់​ទៅ ៤៨៧​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ បច្ចុប្បន្ន គ.ជ.ប កំពុងរាប់សន្លឹកឆ្នោតឡើងវិញនៅតាមឃុំ សង្កាត់ ដែលមានបញ្ហាមួយចំនួន ហើយគ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី២៥ មិថុនា ខាងមុខ​៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required