ស្រូវកសិកររាប់រយហិកតានៅខេត្តពោធិ៍សាត់ត្រូវខូចខាតដោយសារទឹកលិច

 

ពលរដ្ឋមួយចំនួននៅឃុំអូរតាប៉ោង ខេត្តពោធិ៍សាត់កំពុងប្រឈមនឹងការជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុ និងការធ្វើចំណាកស្រុក បន្ទាប់ពីស្រូវពង្រោះរបស់ពួកគេត្រូវខូចខាត ដោយសារគ្រោះទឹក ជំនន់។

ពលរដ្ឋនៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោងអ្នកស្រី ថន ថូ ឲ្យដឹងថា គ្រួសារអ្នកស្រីបានធ្វើស្រូវ ពង្រោះប្រមាណ១០ហិកតា ប៉ុន្តែ៥ហិកតាត្រូវបានខូចខាតអស់ទាំងស្រុង ដោយសារទឹកជំនន់ ។

អ្នកស្រីបន្តថា ការដែលទឹកលិចស្រូវនេះធ្វើឲ្យគាត់ខាតបង់ថវិកាអស់រាប់លានរៀល ហើយថា អ្នកស្រី និងស្វាមីអាចនឹងត្រូវធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃប្រសិនបើគ្មានពូជ ធ្វើម្តងទៀត និងគ្មានលុយសងបំណុលគេ។

អ្នកស្រីបន្ថែថា«គ្រួសារខ្ញុំធ្វើ១០ហិតាឥលូវហ្នឹងលិចអស់៥ហិតាហើយនៅសល់តែ៥ហិតាមិន ធ្វើម៉េចទេ កំពុងគិតធ្វើសាថ្មីប៉ុន្តែវាអត់ពូជ បើទិញគេមួយសារមុនអស់លុយនឹងមិនទាន់គិចថ្លៃ ជីផង និយាយរឿងប៉ះពាល់កំពុងគិតគ្នាជាមួយប្តីនាំគ្នាទៅថៃ បើមិនអញ្ចឹងបានលុយណាសង អង្គការបើជំនាក់ច្រើនពេក»

ពលរដ្ឋម្នាក់ទៀតនៅភូមិបទគគីថ្មីលោក សេង នី ឲ្យដឹងថា ក្នុងភូមិរបស់លោកទឹកលិចស្រូវ កសិករអស់ប្រមាណ៧០ហិកតា ដោយក្នុងនោះ ស្រូវរបស់គាត់លិចអស់ប្រហែល៦ហិកតាផងដែរ។

លោកបន្តថា ការខូចខាតស្រូវពង្រោះឆ្នាំនេះធ្វើគ្រួសារលោក និងកសិករផ្សេងទៀតប្រឈម នឹងការជំពាក់បំណុលអង្គការ ដោយថា កសិករភាគច្រើនបានលុយធនាគារសម្រាប់ធ្វើជា ដើមទុនក្នុងការបង្ករបង្កើនផល និងទិញជី។

លោកបន្ថែមថា«កសិករបើនិយាយឲ្យចំផលលំបាកវាជួប្រទះខ្លាំងមែនទែន ព្រោះម្នាក់ៗពេល ដែលចាប់ផ្តើមធ្វើហ្នឹង គឺបានខ្ចីលុយពីអង្គការមិនធ្វើដើមទុនដល់រដូវនេះយើងធ្វើអត់បាន ហើយដល់ពេលសម្រកយើងត្រូវធ្វើម្តងទៀត ប៉ុន្តែអស់ដើមទុន អញ្ចឹងខ្ចីយើងខ្ចីគេម្តងទៀត បើយើងធ្វើអត់បានទៀតយើងជំពាក់គេថែមទៀត ហើយបើរកដើមទុនគេអត់បាន អញ្ចឹង កសិករខ្លះអត់បានធ្វើដដែល កសិករនៅនេះភាគច្រើនខ្ចីអេស៊ីលីដា និងអត្ថាកសិករ ហើយ កសិករសព្វថ្ងៃបើមិនបានមានតែនាំគ្នាចំណាក់ស្រុកទេ»

បើតាមកសិករឲ្យដឹងថា ដំណោះស្រាយដែលពួកគេចង់បាននោះ គឺសុំឲ្យអាជ្ញាធរជួយផ្តល់ពូជ ឲ្យពួកបានបង្ករបង្កើនផលវិញក្រោយពីទឹកស្រកអស់។

មេឃុំអូរតាប៉ោងលោក ង៉ែត ហ៊ាង ទទួលស្គាល់ថា ពិតជាមានទឹកលិចត្រូវកសិករអស់ ច្រើនរយហិកតាពិតមែន ដោយសារកសិករភាគច្រើនធ្វើតាមមាត់បឹងមិនអាចមាន អ្វីជួយទប់ស្កាត់បានក្រៅពីរកគ្រាប់ពូជថ្មីជូនកសិករ។

លោកបន្តថា អាជ្ញាធរកំពុងដើរស្រង់ឈ្មោះកសិករដែលត្រូវទឹកលិចស្រូវទាំងអស់នោះដើម្បីធ្វើសំណើរសុំពូជពីមន្ទីរកសិកម្មខេត្តយកមកឲ្យកសិករទាំងនោះបានបង្ករបង្កើនផលឡើងវិញ។

លោកបន្ថែមថា«ខាងឃុំកំពុងដើរស្រងឈ្មោះថាលិចប៉ុន្មានគ្រួសារឲ្យច្បាស់លាស់ខ្ញុំចុះសង្កេត ម្តងហើយឃើញថាលិចច្រើន ហើយខ្ញុំនឹងធ្វើសំណើរសុំស្រូវពូជពីមន្ទីកសិករ»

បើតាមមេឃុំលោក ង៉ែត ហ៊ាង ឲ្យដឹងថា ឃុំអូរតាប៉ោងមានពលរដ្ឋជាង៣០០០គ្រួសារ និងថា ទឹកលិចស្រូវកសិករទាំងនោះអស់ប្រមាណជាង៤០០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ