លោក ហ៊ុន សែន ថាបើ សម រង្ស៊ី ចូលស្រុក នឹងជាប់គុក

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

នាយករដ្ឋមន្ដ្រីកម្ពុជាអះអាងថា ការដកបំរាមមួយកាលពីពេលថ្មីៗនេះ គឺបើកផ្លូវឲ្យលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ និងចំអកថា បើលោក សម រង្ស៊ី ហ៊ានចូលស្រុកមែន គឺមានតែជាប់គុកប៉ុណ្ណោះ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និសិត្សសកលវិទ្យាល័យបញ្ញាសាស្ដ្រ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា ការសម្រេចដកបំរាមហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលស្រុកវិញនោះ គឺជាការបើកផ្លូវមួយឲ្យអ្នកដែលតាំងខ្លួនថាជាអ្នកក្លាហានថាតើ ហ៊ានវិលចូលស្រុកខ្មែរវិញឬអត់។

លោក ហ៊ុន សែន បន្ថែមថា ការដាក់បំរាមហាមឃាត់កាលពីមុន គឺដោយសារលោកគិតគូរពីសុវត្ថិភាពរបស់លោក សម រង្ស៊ី និងថា ឥឡូវលោកបើកផ្លូវឲ្យចូលស្រុកវិញហើយ ដោយថា បើហ៊ានត្រឡប់មកកម្ពុជាវិញមែន គឺលោក សម រង្ស៊ី មានតែជាប់គុកប៉ុណ្ណោះ។

លោកថា៖ «អា ស.ជ.ណ មុនមានគោលដៅការពារសុវត្ថិភាពជីវិតគាត់តែម្ដង សុខចិត្តឲ្យត្មិះដៀល ព្រោះច្បាស់ណាថា បើខ្ញុំបានប្រកាសហើយថា ខ្ញុំសុខចិត្តកាត់ដៃរបស់ខ្ញុំក្រវាត់ចោល គឺខ្ញុំមិនលើកលែងទោសឲ្យទេ។ បន្ថែមក្រោយមកគាត់ថា ខ្ញុំមិនមែនជាមនុស្សទី១ ស្ថិតក្នុងចំណោមមនុស្ស១០០ទៅ២០០នាក់ ដែល ហ៊ុន សែន ត្រូវកម្ចាត់នោះទេ។ ខ្ញុំថាអ្វីទៅ ដែលវានៅពីក្រោយ ការប្រែប្រួលរបស់គាត់នេះ ខ្ញុំថាគុក គុកដែលនាំឲ្យគាត់ប្រែប្រួល។ ឥឡូវខ្លួនបានសន្យាថាមក មិនខ្លាចគុកទេ ម៉េចក៏មិនមករកគុក ខ្ញុំឲ្យមកតើ បើសិនជាអ្នកឯងប្រគល់ខ្លួនឲ្យគេចាប់ដោយស្រួល វាអត់មានបញ្ហាអីកើតឡើងទេ»។

នេះជាការឆ្លើយតបភ្លាមៗទៅនឹងការដាក់លក្ខខណ្ឌរបស់លោក សម រង្ស៊ី ក្រោយពីរដ្ឋាភិបាល​លុប​ចោល​បំរាមរបស់ខ្លួន។

នៅលើហ្វេសប៊ុក ថ្ងៃព្រហស្បតិ៍នេះដែរ លោក សម រង្ស៊ី សរសេរថា៖ «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ ដែលចង់ “កំចាត់មនុស្សពី១០០ទៅ២០០នាក់” ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះត្រូវបានគាត់ប្រកាសជាសាធារណៈថ្មីៗនេះ។ ខ្ញុំដឹងថាតាំងតែពីឆ្នាំ១៩៩៧ ខ្ញុំជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់ ហើយខ្ញុំក៏ដឹងដែរថា គាត់បានរក្សាផ្នត់គំនិតនិងទម្លាប់ខ្មែរក្រហមតាំងតែពីគាត់ធ្វើជាមេទ័ពខ្មែរក្រហម»។

ការប្រកាសពីបំណងវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី គឺបន្ទាប់ពីមានបញ្ជាថ្មីមួយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅអគ្គស្នងការនគរបាលជាតិនិងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយឲ្យលុបចោលបំរាមហាមឃាត់ ដែលមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុក។ ប៉ុន្តែសេចក្តីសម្រេចនេះ មិនបានបញ្ជាក់មូលហេតុនៃការលុបចោលលបំរាមនេះនោះទេ។

ការដែលរដ្ឋាភិបាលលុបបំរាមនោះចោល គឺបន្ទាប់ពី លោក សម រង្ស៊ី អះអាងថា លោកនឹងរកមធ្យោបាយវិលមកកម្ពុជាវិញ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ដើម្បីប្រកួតប្រជែងតំណែងនាយករដ្ឋមន្ដ្រីជាមួយលោក ហ៊ុន សែន គឺចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ