បទយកការណ៍៖ ការ​យល់ដឹង​របស់យុវជ​នមួយចំនួន​ពីថវិកាជាតិនៅមានកម្រិត

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 3:15 PM | បទយកការណ៍ | 0 | 1269 វេទិកាយុវជន ក្រោមប្រធានបទ «តួនាទីរបស់យុវជននៅក្នុងដំ​ណើរ​ការរៀប​ចំថវិកាជាតិ»

ថវិកា​ជាតិជាប្រភពចំណូលបាន​មកពីការប្រមូល​​ពន្ធ-អាករនានាពីប្រជាពលរដ្ឋទូទំាងប្រទេស។​ ពន្ធ-អាក​រ​នេះ​ មានការ​កើនឡើងជារៀងរាល់​ឆ្នាំ គិត​ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧នេះ។

កាលពីឆ្នាំ២០១១ រដ្ឋាភិបាលចំណាយថវិកាជាតិ២៤៦៣លានដុល្លារ ឆ្នាំ២០១២ចំណាយអស់​២៧៧៥​លាន​ដុល្លារ ឆ្នាំ២០១៣ចំណាយអស់៣១០០លានដុល្លារ ឆ្នាំ២០១៤ចំណាយអស់៣៣៥៧លានដុល្លារ ​ឆ្នាំ២០១៥ចំណាយអស់៣៩០០លានដុល្លារ ឆ្នាំ២០១៦ ចំណាយអស់​ប្រហែលជា៤៣០០លា​ន​ដុល្លារ​ និងឆ្នាំ២០១៧នេះ​ រដ្ឋាភិបាលកម្ពុជា បានបង្កើនគម្រោងចំណាយថវិកាជាតិជាង ៥ពាន់លានដុល្លារ គឺ​កើន​​លើស​ឆ្នាំ២០១៦ ចំនួន​១៥,៦%។

ថវិកាជាតិឆ្នាំ២០១៧នេះត្រូវបានបែងចែកទៅលើវិស័យសំខាន់មួយចំនួនដែលក្នុងនោះជាង៥២%នៃថវិកា​​ជាតិត្រូវបានចំណាយទៅលើបៀវត្សរ៍របស់មន្ត្រីរាជការ ជាង២៥%សម្រាប់វិស័យការពារជាតិ ១០% វិស័យ​សេដ្ឋកិ​ច្ច និងជាង៣៧% ទៅលើវិស័យសង្គមកិច្ច។

ប៉ុន្តែយុវជន​ខ្មែរភាគច្រើន បានអះអាងប្រហាក់​ប្រហែលគ្នាថា ពួកគេ​មិន​ទាន់​ដឹង​​ច្បាស់ពីចំណូលនិ​ង​ចំណាយ​ថវិកាជាតិ ដែលរដ្ឋាភិបាលប្រមូលបាននោះ យកទៅបែងចែកលើផ្នែកអ្វីខ្លះ ដើម្បីធ្វើការ​អភិវឌ្ឍ​ប្រទេស​​​នៅឡើយ។

មន្ទិលទំាងនេះ ធ្វើឲ្យយុវជន​ភាគច្រើន​បង្ហាញការ​ព្រួយបារម្ភថា ការ​ចាត់ចែងនិង​ចាយវាយថវិកាជាតិ​ដែល​រដ្ឋាភិ​បាល​​ប្រមូលពន្ធបានពីពលរដ្ឋនោះមិនមានតម្លាភាព។

ដៃកាន់សៀវភៅ ប៊ិច ដើរចេញពីបន្ទប់វេទិកាយុវជន ក្រោមប្រធានបទ «តួនាទីរបស់យុវជននៅក្នុងដំណើរការរៀប​ចំថវិកាជាតិ» យុវជន​ ឃឺន វីរៈ និស្សិត​មកពី សាកលវិទ្យាល័យមួយ ក្នុង​រាជធានីភ្នំពេញ បានរៀប​រាប់​ប្រា​ប់អ្នកយកព័ត៌មានថា បន្ទាប់ពីចូលស្តាប់បទបង្ហាញ រ​បស់​​​វាគ្មិនមកពីអង្គការសង្គមស៊ីវិល និងតំណាងអគ្គនាយកដ្ឋានពន្ធដារ ធ្វើឲ្យគាត់យល់ដឹងតិចតួច ដោយថា នីវិតិធី​នៃការចំ​ណាយថវិកា​ជាតិ​​មានភាពស្មុគស្មាញច្រើន។

លោក​និយាយថា៖ «បើតាមមើលទៅវាអាច​មានបញ្ហាពីរ​ ទីមួយគឺវាថ្មីសម្រាប់ខ្ញុំ ដែលខ្ញុំមិនដែល​ធ្លាប់​បានដឹង ថាតើដំណើរការ[ចំណូល និងចំណាយវិកាជាតិ]ពីមុនយ៉ាងម៉េច​​ ហើយទីពីរ ថាវា​មាន​លក្ខណៈ​ស្មុគស្មាញដែរ ទីបី គឺគាត់បង្ហាញអំពីដំណើរការមួយៗ គឺប្រៀបដូចជា វាគ្រាន់តែជា​ចំណុច គ្រាន់​ថាភាពលម្អិតនៅក្នុង​វា[ចាត់ចែងថវិកាជាតិ] ដំណើរ​ការ​ជាក់ស្តែងមិនដឹង​ថាម៉េច​»។

នៅពេលអ្ន​ក​សារព័ត៌មាន​សួរយុវជន​មួយចំនួនថា តើរដ្ឋាភិបាលប្រមូលថវិកាជាតិពីណា? ហើយ​ថវិកា​ដែល​ប្រមូលបាន រដ្ឋាភិបាលយកទៅបែងចែកទៅឲ្យក្រសួងណាខ្លះ ដើម្បីធ្វើការ​អភិវឌ្ឍប្រទេស​ជាតិ?

យុវជន១២នាក់ ក្នុង​ចំណោម២០នាក់ ​បានឆ្លើយសំនួរនេះប្រហាក់ប្រហែលគ្នាថា ពួកគេមិន​ចាប់​អារម្មណ៍​​​​​ហើយ​​ក៏មិនដឹងថាថវិកាជាតិដែលរដ្ឋប្រមូលពន្ធពីពលរដ្ឋ យកទៅបែងចែកឲ្យក្រសួងណាប៉ុន្មាន ដើម្បី​​​ធ្វើការ​​អភិវឌ្ឍលើគម្រោង​អ្វីនោះទេ។

ចំណែក អ្នកជំនាញ​សេដ្ឋកិច្ចលើកឡើងថា ថវិកាជាតិដែលរដ្ឋប្រមូលបានពីការបង់ពន្ធ-អាករពី​ពល​រដ្ឋ​នោះ រដ្ឋាភិបាលជាអ្នកយកថវិកានោះទៅបែងចែកទៅតាមក្រសួងនីមួយៗធ្វើការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ស្រុក ខេត្ត ក្រុង និងរាជធានីជាដើម។

អ្នកជំនាញសេដ្ឋកិច្ចបញ្ជាក់ថា​ ការប្រមូលពន្ធមានពីរប្រភេទគឺពន្ធប្រយោលនិងពន្ធផ្ទាល់។ ពន្ធប្រយោល​គេហៅ​ថាអាករ រួមមានការទិញស្រានិងបារី ពោលអ្នកលក់ជាអ្នកយកទៅ​បង់​ព​ន្ធ​។ រីឯ​ពន្ធផ្ទាល់​រួមមាន​ពន្ធលើ​ប្រាក់​ចំណូល ប្រាក់ចំណេញ ពន្ធប្រថាប់ត្រា ពន្ធផ្ទេរកម្មសិទ្ធិជាដើម ពោលអ្នកដែល​រក​ចំណូលបាន​ត្រូវយកទៅបង់ពន្ធជូនរដ្ឋ ដូចជាការបង់ពន្ធប្រាក់ខែជាដើម។

ដៃកាន់ដៃខ្មៅ អង្គុយមើលឯកសារវេទិកាយុវតី លន់ ផល្លី បាន​អះអាងថា គាត់នៅតែមិនអស់ចិត្ត ពី​ចំណូល​​និង​ចំណាយថវិកាជាតិ ដែលរដ្ឋាភិបាលប្រមូលបានពីការបង់ពន្ធពីពលរដ្ឋនោះ។ យុវតី​រូបនោះ​ថា ដើម្បីកុំឲ្យពលរដ្ឋ​មួយចំនួនមានការ​សង្ស័យថា រដ្ឋាភិបាលនិងមន្ត្រី ចាយវាយថវិកា​មិនមាន​តម្លា​ភាព​នោះ កញ្ញា​ថា រដ្ឋាភិបាលត្រូវបញ្ជាទៅក្រសួងនីមួយៗ ធ្វើការ​ផ្សព្វផ្សា​យតាមរយៈ​ហ្វេសប៊ុក​របស់​ក្រសួង ឬ​តាម​​​ប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសទូរទស្សន៍ជាតិ។

នាងនិយាយថា៖ «ថ្នាក់ជាតិ ឬក៏ភូមិឃុំ​គួរបង្ហាញគ្រប់​ប្រព័ន្ធទំាងអស់ដូចជា​ ហ្វេសប៊ុក​ ទូរ​ទស្សន៍​ជាតិ ឲ្យគាត់ដឹង​ថាការ​ចំណាយ​ដែលគាត់បង់ពន្ធជូនរដ្ឋ តើរដ្ឋទៅយកធ្វើអ្វី​ ធ្វើឲ្យគាត់​មាន​កម្លាំង​ថា​គាត់​បង់​ពន្ធមិនមែនចេះតែបង់ពន្ធ​ អត់ដឹង​ថាគេយកលុយ​ទៅធ្វើអ្វី ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល​គាត់បង្ហាញថា​ លុយ​ដែល​ប្រជាពលរដ្ឋ​បង់ពន្ធ​ គាត់យកទៅធ្វើលើនេះៗ ប្រជាពលរដ្ឋគាត់ដឹង​ថា​ គាត់បង់ពន្ធ​ គាត់​ដឹង​ថា គេយកទៅធ្វើអ្វី ឆ្លើយតបនឹងតម្រូវ​ការ​របស់គាត់ ធ្វើឲ្យគាត់​​មា​នទឹ​កចិ​ត្ត​​បង់ពន្ធ​»។

អង្គការភាពជាដៃគូថវិកាអន្ដរជាតិបានវាយតម្លៃបង្ហាញថា កម្ពុជាទទួលបានពិន្ទុ៨លើពិន្ទុ១០០ សម្រាប់ សន្ទសន៍តម្លាភាពថវិកាជាតិ ដែលអង្គការនេះបង្ហាញថា ពលរដ្ឋកម្ពុជាមានលទ្ធភាពតិចតួច​ក្នុងការ​ទទួល​បាន​ព័ត៌មានពីការប្រើប្រាស់ថវិកាជាតិដោយរដ្ឋាភិបាលដែលពួកគេត្រូវយល់ដឹង។

យុវជន ស្ងាម ក្រឹម សិក្សានៅសាកលវិទ្យាល័យរដ្ឋមួយ ស្នើទៅរដ្ឋាភិបាលគួរតែបញ្ជូលក្នុងកម្មវិធីសិក្សា​អំពី ថវិកា​ជាតិ​នៅថ្នាក់អនុ​វិទ្យាល័យ​ឡើង​​ទៅ ដើម្បីឲ្យយុវជនជំនាន់ក្រោយ ទទួលបានចំណេះដឹងមូលដ្ឋាន​ និងងាយ​ស្រួលតាមដាន​​រដ្ឋា​ភិបាល​​និង​មន្ត្រី​​ថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ក្នុងការ​អនុវ​ត្តលើចំណូល និង​ចំណាយ​ថវិកាជាតិឲ្យ​មាន​តម្លា​ភាព​ ទើប​ធ្វើ​​ឲ្យ​ប្រទេសជាតិមានការរីកចំរើន និង​អភិវឌ្ឍ​ទាន់​សម័យ​កាល។

និយាយថា «ថ្នាក់អនុវិទ្យាល័យគឺជាកម្រិតមួយដែលពួកគាត់ចង់ដឹង​ខ្លំាងជាងថ្នាក់បឋម ព្រោះគាត់នៅក្មេង​គាត់អត់សូវ​ដឹង​ទេ​ ប៉ុន្តែនៅពេលដែលគាត់ឡើងដល់អនុវិទ្យាល័យ គាត់អាចមានជាគំនិត​ឬក៏មានជា​គោល​ការណ៍​ស្រាប់ ក្នុង​ការគាត់តាមដាន​បន្តទៀត​ ថ្នាក់លើៗទៀត​ គាត់អាច​ដឹង​ពីថ្នាក់ក្រោមហើយ គាត់​អាច​​ឈោង​ចាប់​ ឬក៏គាត់តាមដានអ្វី គាត់ងាយ​យល់​ ក្នុង​ការ​តាម​ដាន​ថវិកា​ជាតិ​ ពីចំណូល​ ពី​ចំណាយ​​ថវិកាទំាងអស់នោះ​»។

យុវជនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ក្រោយពីទទួលបានការ​សិក្សាពីវេទិកា យុវជន ក្រោម​ប្រធាន​បទ «តួនាទីរបស់យុវជននៅក្នុងដំណើរការរៀប​ចំថវិកាជតិ» ពួកគេនិងយកចំណេះ​ដឹង​នេះ​ទៅ​ពន្យល់​​ប្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដើម្បីឲ្យពួកគេចេះស្រាវជ្រាវ ​ស្វែង​រក​ព័ត៌មាន និង​ចេះ​តស៊ូមតិ នៅក្នុង​ភូមិ ឃុំ សង្កាត់ ស្រុក ខ័ណ្ឌ ក្រុង ខេត្ត បើរកឃើញថា មន្ត្រីរដ្ឋាភិបាលនៅតាម​ស្ថាប័ន​ទំា​ង​​នោះ​ចាយ​វាយថវិកាមិនមានតម្លាភាពនោះ។

សម្បុរស្រអែម រាងស្គមបន្តិច មកពីខេត្តកំពង់ធំ ចូលរួមវេទិកានៅថ្ងៃនេះ យុវតី ស៊ន សុខា បានរៀប​រាប់ថា នៅតា​មសហគមន៍របស់គាត់ មិនឃើញអាជ្ញាធរឃុំ សង្កាត់ បង្ហាញរបាយការណ៍ថវិកា ពីចំណូល ចំណាយ ជូនប្រជា​ពល​រដ្ឋ​ជា​សាធារណៈ​នោះទេ។ យុវតីរូបនោះ​ បង្ហាញការសង្ស័យ​ថា អាចមានអំពើពុក​រលួយនៅក្នុង​មូលដ្ឋាន​ផង​ដែរ។

យុវតីរូបនោះនិយាយថា«ក្នុង​សហគមន៍របស់ខ្ញុំ នៅក្នុងឃុំរបស់ខ្ញុំ គឺមិនដែលមានមេឃុំ មេភូមិហៅប្រជា​ពលរដ្ឋទៅបង្ហាញឲ្យ​ឃើញ ឬក៏ទិដ្ឋភាពអ្វីមួយ ឬមួយឧទាហរណ៍ថា​ ធ្វើផ្លូវ​ ត្រូវចំណាយប៉ុណ្ណេះ ហើយ ធ្វើ​នៅ​ពេល​ណាក៏អត់ដែល​ដឹង​ ខ្ញុំគិតថា ប្រាកដ​ជាមានអំពើពុក​រលួយ ព្រោះគាត់លាក់បំាង​ជាមួយ​ប្រជា​ពល​រដ្ឋ​ អត់មានបង្ហាញជាសាធារណៈ»។

នៅក្នុង​វេទិការ «តួនាទីរបស់យុវជននៅក្នុងដំណើរការរៀប​ចំថវិកាជតិ» នៅថ្ងៃនេះ ក្រុម​យុវជនមួយចំនួន​បាន​​សួរ​ដេញ​ដោលវាទគ្មិនពីរដ្ឋាភិបាលនិងសង្គមស៊ីវិលយ៉ាងផុសផុល​ ដោយថា​ ពួកគេមានការលំបាក​ក្នុង​​​ការ​ទទួលបានព័ត៌មានពីស្ថាប័នរដ្ឋ ទាក់ទិននឹង​ចំណូលនិងចំណាយ​ថវិកាជាតិ អភិវឌ្ឍនៅក្នុងភូមិ ឃុំ ស្រុក​ ខ័ណ្ឌ ក្រុង ខេត្ត រាជធានីជាដើម។ ពួកគេចង់ឲ្យរដ្ឋាភិបាលបើក​ចំហព័ត៌មាន​ឲ្យបានទូលំទូលាយពីថវិកាជាតិ​។

ប្រធាននាយកដ្ឋានថវិកានីយកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឡាយ សុខឃៀង មាន​ប្រសាសន៍ថា កុំឲ្យយុវជនទំាងនោះយក​ឧទាហរណ៍មួយឬពីរករណីយកទៅលើកបែបនេះ ដោយ​លោក​ថា នៅ​តាមភូមិ ឃុំ មួយចំនួនមិនបានលាក់ពីព័ត៌មានថវិកាជាតិដែលរដ្ឋាភិបាល​ទម្លាក់​ឲ្យនោះទេ។

លើសពីនេះទៀត លោក សុខឃៀង បាន​ប្រាប់​ប្រជាពលរដ្ឋ និង​យុវជន ​ឲ្យ​ស្វែងរកព័ត៌មានសង្ខេប​ពីថវិកាជាតិនៅ​តា​ម​វិស័យ​មួយ​ៗ នៅលើវេបសាយក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដោយថា បើពួកគេ​ចង់​ផ្តល់​យោបល់កែលម្អទាក់ទងបញ្ហាថវិកាជាតិ រដ្ឋាភិបាលស្វាគមន៍ជានិច្ច​​។

លោកនិយាយថា «នៅក្នុងកម្រិតការរៀប​ចំគោលនយោបាយ​ តាមវិស័យក្រសួងស្ថាប័ន ឥឡូវបើកឱកាស​ច្រើន​ឲ្យមានការចូលរួមពីយុវជនដែរ នៅពេលដែរឯកសារគោលនយោបាយ​របស់ក្រសួងស្ថាប័ន​នីមួយៗ​បាន​ដាក់ចេញ គឺគេមានការពិគ្រោះយោបល់​ជាច្រើនដំណាក់កាល ពីកម្រិតបច្ចេកទេស​ក្នុង​កម្រិត​ក្រសួង​សា្ថប័ន​សាមីរៀង​ៗខ្លួន ហើ​យកម្រិតអន្តរក្រសួងស្ថាប័ន ហើយក៏មានការរៀប​ចំជាសិក្ខា សាលាដើម្បី​​ទទួល​​នូវ​មតិយោបល់​ពីគ្រប់ភាគីពាក់ព័ន្ធទំាងអស់»​​។

តាមរបាយការណ៍អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១៥របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឲ្យដឹងថា ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹងពីថវិកាជាតិ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​​​ឯកសារថវិកាដោយសាមញ្ញ មិនមានលក្ខណៈបច្ចេកទេស ដើម្បីពួកគេយល់ដឹង​អំពី​ហិរញ្ញ​វត្ថុ​សាធារណៈ ។

របាយ​​ការណ៍​ដដែលបន្តថាចាប់តំាងពីឆ្នាំ២០១៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយ “ថវិកាសង្ខេប” ដែលមានតួលេខចំណូល ចំណាយ និងការវាស់វែងម៉ាក្រូសេដ្ឋកិច្ចសរុបមួយចំនួន ប៉ុន្តែ​ថវិកា​សង្ខេប​នោះមិនត្រូវបានចាត់ទុកជាឯកសារថវិកាសម្រាប់ប្រជាពលរដ្ឋអាចយល់បានដ៏ល្អនោះទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាពលោក យង់ គិមអេង​ យល់ថា បើយោង​តាមគោលនយោបាយយុវជនជាតិ របស់​រដ្ឋាភិបាលត្រង់ចំណុចមាត្រា៥.៦ ទាមទារ​ឲ្យមាន​ចូល​រួម​បញ្ចេញ​មតិ រៀបចំផែនការឲ្យ​បាន​ពេញលេញពីយុវជនលោកថារដ្ឋាភិបាល​មិនទាន់​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នៅឡើយ​។​

លោក គិមអេង អះអាងថា បើរដ្ឋាភិបាល​មិនបើក​​ចំហការទម្លាក់ថវិកាជាតិ ពីថ្នាក់ជាតិទៅ​ថ្នាក់​ក្រោម​ជាតិឲ្យបានទូលំទូលាយទេ និងធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនសង្ស័យថា អំពើពុក​រលួយនៅ​តែបន្ត​កើត​មាន​​ លើការគ្រប់គ្រង​ថវិកាជាតិ​៖ «ការមិនបានបង្ហាញជាសាធារណៈ ហើយប្រជាពលរដ្ឋអត់​បាន​ចូលរួម​​ វាមានកក្តាពីរ ទីមួយ អាចឲ្យប្រជាពលរដ្ឋគាត់សង្ស័យថា​ទៅលើ​រឿង​ពុករលួយ ទីពីរគាត់អត់បាន​ចូលរួមក្នុង​តាមដាន ព្រោះរដ្ឋាភិបាល​បាននិយាយពីតម្លាភាព មានរហូត​ដល់ច្បាប់ប្រឆំាងអំពើពុករលួយ​អង្គភាព​ប្រឆំាងអំពើពុករលួយហូហែរ បើអត់មានការ​ចូលរួមពីប្រជាពលរដ្ឋ តើការពង្រឹងតម្លាភាព ហើយ​ការប្រយុទ្ធ​ប្រឆំាងអំពើពុករលួយអាចទៅរួចទេ អត់អាចទេ​»៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required